រដ្ឋបាលខេត្តរតនគិរី ប្រជុំពង្រឹងការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ប្រចាំឆ្នាំ២០២៥
គម្រោងអាហារូបត្ថម្ភនៅកម្ពុជា គឺជាការផ្តួច ផ្តើមមួយដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងជំរុញការវិនិយោគ ... The post រដ្ឋបាលខេត្តរតនគិរី ប្រជុំពង្រឹងការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ប្រចាំឆ្នាំ២០២៥ appeared first on Kampuchea Thmey Daily.

នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តរតនគិរី រដ្ឋបាលខេត្តរតនគិរី បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការអនុវត្តគម្រោងប្រចាំឆ្នាំ២០២៥ ដើម្បីពង្រឹងការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជា។ កិច្ចប្រជុំនេះដឹកនាំដោយ លោកស្រី ញាន ទិត្យចិន្តា អភិបាលរងខេត្តរតនគិរី។

គម្រោងអាហារូបត្ថម្ភនៅកម្ពុជា គឺជាការផ្តួច ផ្តើមមួយដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងជំរុញការវិនិយោគ និងការកសាងធនធានមនុស្សដើម្បីរួមចំណែកពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ជាពិសេស ឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលបានកំណត់អាទិភាពគន្លឹះ ចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ដើម្បីពង្រឹងការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជាផ្សាយសេចក្តីណែនាំស្តីពីការអនុវត្តគម្រោងប្រចាំឆ្នាំ២០២៥។
គម្រោងអាហារូបត្ថម្ភនៅកម្ពុជានេះ ត្រូវបានសហការឧបត្ថម្ភ ថវិកាដោយរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក ព្រមទាំងដៃគូអភិវឌ្ឍន៍នានា ដើម្បីធ្វើឱ្យប្រសើរឡើង នូវគុណភាពនៃការផ្តល់សេវាជាអាទិភាព សម្រាប់សុខភាពមាតា ទារក កុមារ និងអាហារូបត្ថម្ភប្រកបដោយប្រសិទ្ធភាព។

លោកស្រី ញាន ទិត្យចិន្តា មានប្រសាសន៍ថា ខេត្តរតនគិរី បានចាប់ផ្តើមអនុវត្តគម្រោងនេះ ចាប់តាំងពីឆ្នាំ២០២០ នៅស្រុកអណ្តូងមាស ហើយរហូត មកដល់ពេលនេះ បានពង្រីកគ្រប់ទាំង ៥០ឃុំ សង្កាត់ និង ៩ក្រុង ស្រុក រួចហើយ។ ប៉ុន្តែ ឆ្លងតាមរយៈការបណ្តុះបណ្តាលបណ្តើរ និងអនុវត្តបណ្តើរកន្លងមកនេះ ថ្នាក់ដឹកនាំខេត្តបានពិនិត្យឃើញថា មានក្រុង ស្រុក ឃុំ សង្កាត់ មួយចំនួនអនុវត្តមិនទាន់បានល្អនៅឡើយ មានន័យថា នៅមានចន្លោះខ្វះខាតមួយចំនួនដែលត្រូវកែលម្អឡើងវិញ។ ដូច្នេះទើប ក្រុមការងារបច្ចេកទេសថ្នាក់ខេត្ត ប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការអនុវត្តគម្រោង អាហារូបត្ថម្ភនៅកម្ពុជា ប្រចាំឆ្នាំ២០២៥ និងការងារចាំបាច់មួយចំនួនទៀត ដែលទាក់ទងទៅនឹងការវាយតម្លៃ នៅក្នុងឆមាសទី១ ឆ្នាំ២០២៥៕

ដោយ៖ ខៀវ ចាប
The post រដ្ឋបាលខេត្តរតនគិរី ប្រជុំពង្រឹងការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ប្រចាំឆ្នាំ២០២៥ appeared first on Kampuchea Thmey Daily.