រកឃើញភាពមិនប្រក្រតីក្នុងការដំណើរការក្ដីរបស់តុលាការចំនួន៣៣ករណី

រយៈពេល១ឆ្នាំនៃយុទ្ធនាការពិនិត្យពីភាពមិនប្រក្រតីនៅតាមតុលាការ គណៈបញ្ជាការបានរកឃើញភាពមិនប្រក្រតីចំនួន៣៣ករណី The post រកឃើញភាពមិនប្រក្រតីក្នុងការដំណើរការក្ដីរបស់តុលាការចំនួន៣៣ករណី appeared first on Kampuchea Thmey Daily.

រកឃើញភាពមិនប្រក្រតីក្នុងការដំណើរការក្ដីរបស់តុលាការចំនួន៣៣ករណី

អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក សេង ឌីណា បានលើកឡើងថាក្នុងរយៈពេល១ឆ្នាំនៃយុទ្ធនាការពិនិត្យពីភាពមិនប្រក្រតីនៅតាមតុលាការ គណៈបញ្ជាការបានរកឃើញភាពមិនប្រក្រតីចំនួន៣៣ករណី ទោះជាយ៉ាងណាចំនួននេះគឺតិចតួចណាស់បើធៀបនឹងទំហំបណ្ដឹងទាំងមូល។

ថ្លែងក្នុងសន្នីសិទសារព័ត៌មានពីលទ្ធផលមួយឆ្នាំនៃការអនុវត្តន៍ជំរុញពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ រសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ លោក សេង ឌីណា ថាពេញមួយឆ្នាំបន្ទាប់ពីប្រកាសយុទ្ធនាការក្រសួងបានទទួលបណ្ដឹងតវ៉ាពីភាពមិនប្រក្រតីនៃការជម្រះក្ដីរបស់តុលាការមានជាង ១ពាន់ករណី ក្នុងនោះរកឃើញតែ៣៣ករណីប៉ុណ្ណោះដែលមានភាពមិនប្រក្រតី។

លោក សេង ឌីណា បានបញ្ជាក់ថា ភាពមិនប្រក្រតីដែលរកឃើញនោះរួមមាន កំហុសផ្នែកនីតិវិធី ភាពមិនច្បាស់លាស់នៃច្បាប់ដែលធ្វើឱ្យតុលាការអនុវត្តន៍ទៅមានភាពអយុត្តិធម៌ ភាពមិនប្រក្រតីនៃការចោទប្រកាន់លើសំណុំរឿងព្រហ្មទណ្ឌ និងមួយចំនួនត្រូវបានគណៈបញ្ជាការមើលឃើញថាបានបង្កើតភាពអយុត្តិធម៌ដល់គូរភាគី។

លោកបន្ថែមថាចំពោះដំណោះស្រាយគណៈបញ្ជាការបានសម្រេចបញ្ជូនសំណុំរឿងមួយចំនួនត្រូវបានបញ្ជូនទៅឧត្តមក្រុមប្រឹក្សាអង្គចៅក្រម ខ្លះទៀតឱ្យតុលាការធ្វើការជំនុំជម្រះឡើងវិញ មួយចំនួនត្រូវបានរដ្ឋមន្ត្រីចេញអធិបញ្ជាទៅរាជអាជ្ញាឱ្យចោទប្រកាន់ និងខ្លះបានសម្រេចផ្ទេរសមត្ថកិច្ចកាត់ក្ដីទៅតុលាការផ្សេង។

គួរឱ្យដឹង​ផងដែរថាក្នុងរយៈពេល១ឆ្នាំនៃយុទ្ធនាការពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតុលាការគណៈបញ្ជាការបានទទូលបណ្ដឹងពីភាពមិនប្រក្រតីចំនួន ១១៨១ករណី ក្នុងនោះបានចាត់ការរួចរាល់ចំនួន ៩៣៨ករណី ៦៣ករណីមានការសង្ស័យ និង៣៣ករណីរកឃើញថាមានភាពមិនប្រក្រតីដែលស្មើនឹង​១,៣៧%នៃបណ្ដឹង៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post រកឃើញភាពមិនប្រក្រតីក្នុងការដំណើរការក្ដីរបស់តុលាការចំនួន៣៣ករណី appeared first on Kampuchea Thmey Daily.