មេណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សាទំនាក់ទំនងជាមួយលោក ត្រាំ
អគ្គលេខាធិការអង្គការណាតូលោក Mark Rutte បានជំរុញឲ្យប្រធានាធិបតីអ៊ុយក្រែនលោក វ៉ុលឡូឌីមៀរ ហ្សេលេនស្គី ស្ដារឡើងវិញនូវទំនាក់ទំនងរបស់គាត់ជាមួយ... The post មេណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សាទំនាក់ទំនងជាមួយលោក ត្រាំ appeared first on Kampuchea Thmey Daily.

អគ្គលេខាធិការអង្គការណាតូលោក Mark Rutte បានជំរុញឲ្យប្រធានាធិបតីអ៊ុយក្រែនលោក វ៉ុលឡូឌីមៀរ ហ្សេលេនស្គី ស្ដារឡើងវិញនូវទំនាក់ទំនងរបស់គាត់ជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បន្ទាប់ពីមានជម្លោះពាក្យសម្ដីកាលពីថ្ងៃសុក្រទី២៨កុម្ភៈនៅឯកិច្ចប្រជុំសេតវិមានលើយុទ្ធសាស្ត្រដើម្បីបញ្ចប់ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។

ថ្លែងទៅកាន់ BBC កាលពីថ្ងៃសៅរ៍ លោក Rutte បាននិយាយថា៖ «វាជារឿងសំខាន់ដែលប្រធានាធិបតី ហ្សេលេនស្គី ត្រូវស្វែងរកវិធីដើម្បីស្តារទំនាក់ទំនងរបស់គាត់ជាមួយប្រធានាធិបតីអាមេរិក និងជាមួយក្រុមអ្នកដឹកនាំជាន់ខ្ពស់អាមេរិក»។
លោក Rutte បានហៅជម្លោះពាក្យសម្ដីរវាងលោក ហ្សេលេនស្គី និងលោក ត្រាំ ថាជារឿង «អកុសល»។ អគ្គលេខាធិការរូបនេះបានបន្ថែមថា៖ «យើងពិតជាត្រូវតែផ្តល់កិត្តិយសដល់លោក ត្រាំ» សម្រាប់ការផ្តល់អាវុធដល់អ៊ុយក្រែនក្នុងអំឡុងពេលអាណត្តិដំបូងរបស់គាត់។ លោក Rutte បានសង្កត់ធ្ងន់ថា អាមេរិកគឺចង់បាន «ការគោរព» សម្រាប់ការគាំទ្ររបស់ពួកគេ។
លោក Rutte បានលើកឡើងពីតួនាទីដ៏សំខាន់របស់អាមេរិកចំពោះការការពារជាតិរបស់អ៊ុយក្រែន ដោយគូសបញ្ជាក់ពីការផ្តល់អាវុធប្រឆាំងរថក្រោះ Javelin របស់លោក ត្រាំ ក្នុងឆ្នាំ២០១៩ ថាជាការរួមចំណែកយ៉ាងសំខាន់។ លោក Rutte ក៏បាននិយាយដែរអំពីភាពចាំបាច់សម្រាប់អាមេរិក អ៊ុយក្រែន និងប្រជាជាតិអឺរ៉ុបក្នុងការសហការគ្នាយ៉ាងជិតស្និទ្ធដើម្បីសម្រេចបានសន្តិភាពយូរអង្វែង។

សូមបញ្ជាក់ថា ក្រោយជម្លោះបែកផ្សែងជាមួយលោក ត្រាំ និងអនុប្រធានាធិបតីអាមេរិកលោក JD Vance, លោក ហ្សេលេនស្គី បានផ្ដល់បទសម្ភាសន៍ជាមួយ Fox News ក្នុងគោលបំណងព្យាយាមជួសជុលទំនាក់ទំនងដែលប្រេះស្រាំ។
មេដឹកនាំអ៊ុយក្រែន បានប្រាប់ Fox News ថា៖ “យើងជាដៃគូជិតស្និទ្ធខ្លាំងណាស់។ ខ្ញុំគិតថា ការឈ្លោះគ្នាបែបនេះមិនល្អសម្រាប់ភាគីទាំងសងខាងទេ»។ យ៉ាងណា លោក ហ្សេលេនស្គី បានប្រាប់ថា លោកមិនមានអារម្មណ៍ថាត្រូវសុំទោសលោក ត្រាំ នោះទេបន្ទាប់ពីការទំនាស់ពាក្យសម្ដីដ៏ក្តៅគគុកនៅសេតវិមាន ដោយរៀបរាប់ថា៖ «ទេ ខ្ញុំគោរពប្រធានាធិបតី ហើយខ្ញុំគោរពប្រជាជនអាមេរិក ហើយខ្ញុំគិតថា យើងត្រូវបើកចំហរ និងស្មោះត្រង់បំផុត ហើយខ្ញុំមិនប្រាកដថា យើងបានធ្វើអ្វីអាក្រក់នោះទេ»៕
ដោយ៖ ឈាង
ចុចអាន៖ Trump និង Zelensky ឈ្លោះគ្នានៅសេតវិមាន ផ្អើលពិភពលោក
The post មេណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សាទំនាក់ទំនងជាមួយលោក ត្រាំ appeared first on Kampuchea Thmey Daily.