មិត្តភាពដែកថែបកម្ពុជា-ចិនក្នុងយុគសម័យថ្មី៖ ដំណើររួមគ្នាឆ្ពោះទៅរកវិបុលភាពនិងការអភិវឌ្ឍ

​ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ស៊ី ជិនពីង មិន​ត្រឹមតែឆ្លុះបញ្ចាំងពីចំណងមិត្តភាពយូរអង្វែងរវាងភាគីទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញ ការប្តេជ្ញាចិត្តរួមគ្នារបស់ប្រទេសទាំងពីរក្នុងការកសាងអនាគតដ៏ត្រចះត្រចង់ និងប្រកបដោយ​បរិយាបន្នថែមទៀតផង។ The post មិត្តភាពដែកថែបកម្ពុជា-ចិនក្នុងយុគសម័យថ្មី៖ ដំណើររួមគ្នាឆ្ពោះទៅរកវិបុលភាពនិងការអភិវឌ្ឍ appeared first on Kampuchea Thmey Daily.

មិត្តភាពដែកថែបកម្ពុជា-ចិនក្នុងយុគសម័យថ្មី៖  ដំណើររួមគ្នាឆ្ពោះទៅរកវិបុលភាពនិងការអភិវឌ្ឍ

លោក ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​មកកាន់ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃថ្ងៃទី១៨ ខែមេសា ឆ្នាំ​២០២៥ គឺមួយថ្ងៃបន្ទាប់ពីប្រជាជនកម្ពុជាប្រារព្ធពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ យ៉ាងសប្បាយរីករាយនិងប្រកបដោយសុខសន្តិភាព។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះកើត​ឡើង​ក្រោយ​ពី​ប្រទេសទាំងពីរបានដំឡើងកម្រិត​ទំនាក់​ទំនង​​របស់ខ្លួនទៅជាសហគមន៍កម្ពុជា-ចិន​ដែល​មានអនាគតរួមគ្នាក្នុងយុគសម័យថ្មី។ ​ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ស៊ី ជិនពីង មិន​ត្រឹមតែឆ្លុះបញ្ចាំងពីចំណងមិត្តភាពយូរអង្វែងរវាងភាគីទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញ ការប្តេជ្ញាចិត្តរួមគ្នារបស់ប្រទេសទាំងពីរក្នុងការកសាងអនាគតដ៏ត្រចះត្រចង់ និងប្រកបដោយ​បរិយាបន្នថែមទៀតផង។

បណ្ឌិត គិន ភា

ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ ទំនាក់ទំនងកម្ពុជា-ចិនបានវិវត្តរីកចម្រើនទៅជា​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោងនិងឆ្ពោះទៅមុខ។ ​ប្រទេស​ទាំង​ពីរបានព្រមព្រៀង​​កសាង​សហគមន៍ដែលមានអនាគតរួមគ្នាក្នុងយុគសម័យថ្មី គឺបង្ហាញឱ្យឃើញការតាំងចិត្ត​របស់ខ្លួន ក្នុង​ការបន្តការអភិវឌ្ឍប្រកបបរិយាបន្ន ចីរភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ការណ៍នេះ ​បង្ហាញពីជំនឿរួមគ្នាលើថាមពលនៃភាពជាដៃគូក្នុងការលើកកម្ពស់សង្គម កែប្រែជីវភាព ឱ្យ​ប្រសើរឡើង និងលើកកម្ពស់ការតភ្ជាប់ក្នុងតំបន់។

ការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ខ្ពស់ជាញឹកញាប់ ជាពិសេសជំនួបដ៏ស្និទ្ធស្នាលនាពេលថ្មីៗនេះ រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក​ ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានពង្រឹងបន្ថែមទៀតនូវ​ទំនាក់ទំនងទ្វេភាគី​​និងបញ្ចូលថាមពលថ្មីទៅក្នុងភាពជាដៃគូយុទ្ធសាស្ត្ររបស់ប្រទេសទាំងពីរ។ អន្តរកម្មទាំងនេះ​បង្ហាញពីភាពស៊ីជម្រៅនៃយល់ដឹងពីគ្នារវាងមេដឹកនាំនៃប្រទេសទាំងពីរ និងបង្ហាញពីការ​ប្តេជ្ញា​ចិត្តរបស់ពួកគេក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការនិងការបង្កើតកាលានុវត្តភាពថ្មី។

ចំណុចស្នូលនៃយុគសម័យថ្មីគឺ ក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគីឆកោណត្បូងពេជ្រ កម្ពុជា-ចិន ដែលជាផែនទីបង្ហាញផ្លូវ​គ្រប់ជ្រុងជ្រោយ​ដែលគ្របដណ្ដប់វិស័យអាទិភាព​នៃកិច្ច​សហប្រតិបត្តិការចំនួនប្រាំមួយ រួមមាន កិច្ចសហប្រតិបត្តិការនយោបាយ សមត្ថភាពផលិតកម្ម និងការអភិវឌ្ឍន៍ឧស្សាហកម្ម កសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូររវាងប្រជាជននិង​ប្រជាជន។ កិច្ចសហការនេះឆ្លុះបញ្ចាំងមិនត្រឹមតែគោលដៅរួមរបស់ប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែក៏មានទំនួលខុសត្រូវរួមគ្នារបស់ប្រទេសទាំងពីរក្នុងការលើកកម្ពស់វិបុលភាព និងការរក្សា​សន្តិភាព​តំបន់។

ការផ្តួចផ្តើមគំនិតជាក់ស្តែងក្រោម ក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី​ឆកោណត្បូង​ពេជ្រ​នេះ ដូចជា ​របៀងឧស្សាហកម្មនិងបច្ចេកវិទ្យាក្នុងខេត្តព្រះសីហនុរបស់កម្ពុជា ដែលត្រូវ​បានដាក់ចក្ខុយវិស័យជា «ទីក្រុង Shenzhen ទីពីរ» និង​របៀងមច្ឆានិងអង្ករនៅភាគពាយ័ព្យ​នៃប្រទេសកម្ពុជា គឺជាឧទាហរណ៍ប្រកបដោយភាពទាក់ទាញនៃនវានុវត្តន៍ និងកំណើនប្រកប​ដោយចីរភាព។ គម្រោងទាំងនេះកំពុងផ្លាស់ប្តូរសេដ្ឋកិច្ចក្នុងស្រុក​ និងបង្កើតមាគ៌ា​ថ្មីសម្រាប់​ការអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន។

ក្នុងទិដ្ឋភាពនយោបាយ ប្រទេសទាំងពីរបន្តគាំទ្រផលប្រយោជន៍ស្នូលរបស់គ្នា​ទៅវិញទៅ​មក និងសហការគ្នាយ៉ាងជិតស្និទ្ធលើកិច្ចការតំបន់និងពិភពលោក ដោយពង្រឹងឯកភាពអាស៊ាន និងរួមចំណែកដល់សន្តិភាព កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។

ក្នុងវិស័យឧស្សាហកម្មនិងផលិតកម្ម ការគាំទ្ររបស់ប្រទេសចិន​សម្រាប់ការអភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធ និងតំបន់សេដ្ឋកិច្ចពិសេសបានពន្លឿនកិច្ចខិតខំប្រឹងប្រែងទំនើបកម្មរបស់កម្ពុជា។ ជាឧទាហរណ៍ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានក្លាយជានិមិត្តរូប​នៃវឌ្ឍនភាព​ការជំរុញពាណិជ្ជកម្ម ការកាត់បន្ថយពេលវេលាធ្វើដំណើរ និងការតភ្ជាប់មជ្ឈមណ្ឌល​សេដ្ឋកិច្ច​សំខាន់ៗនៅកម្ពុជា។

កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងភាគីទាំងពីរសន្ទុះរីកចម្រើនគួរឱ្យកត់សម្គាល់ ផងដែរ។ ដោយសារការវិនិយោគនិងការផ្ទេរបច្ចេកវិទ្យារបស់ចិន កសិករកម្ពុជា​ឥឡូវនេះ​មាន​លទ្ធភាពទទួលបានបច្ចេកវិទ្យាទំនើប និងទីផ្សារអន្តរជាតិកាន់តែច្រើន ហើយកំពុងទទួល​បាន​ប្រាក់ចំណេញខ្ពស់ជាងមុន។ កិច្ចសហការនេះមិនត្រឹមតែធ្វើឱ្យ​ប្រសើរឡើងនូវជីវភាព​រស់នៅ​របស់​ប្រជាជននៅតំបន់ជនបទនៃប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យប្រទេសកម្ពុជា​ក្លាយជាអ្នកដើរតួយ៉ាងរឹងមាំក្នុងសន្តិសុខស្បៀងក្នុងតំបន់ និងកសិពាណិជ្ជកម្ម​ផងដែរ។

ទន្ទឹមនឹងនេះ​ដែរ កិច្ចសហប្រតិបត្តិការលើវិស័យថាមពល ជាពិសេស ក្នុងវិស័យ​ថាមពល​កកើតឡើងវិញ កំពុងជួយកម្ពុជាជំរុញមហិច្ឆតាកំណើនបៃតងរបស់ខ្លួន កម្ពុជាកំពុងវិនិយោគ​លើប្រភពថាមពលពន្លឺព្រះអាទិត្យ ថាមពលវារីអគ្គីសនី និងប្រភពថាមពល​ប្រកប​ដោយ​និរន្តរភាព​ផ្សេងទៀត ដោយមានការគាំទ្រពីសហគ្រាសចិន ដែលជាមូលដ្ឋាន​គ្រឹះ​សម្រាប់​សន្តិសុខ​ថាមពលយូរអង្វែង និងនិរន្តរភាពបរិស្ថាន។

ក្នុងវិស័យសន្តិសុខ ប្រទេសទាំងពីរកំពុងពង្រឹងកិច្ចសហប្រតិបត្តិការ​យ៉ាងស៊ីជម្រៅ​លើការ​កសាងសមត្ថភាព ការឆ្លើយតបនឹងគ្រោះមហន្តរាយ និងសុវត្ថិភាពសាធារណៈ។ កិច្ចខិតខំប្រឹង​ប្រែងទាំងនេះ ដើម្បីធានាថា សន្តិភាព និងសន្តិសុខនៅតែជាមូលដ្ឋាន​គ្រឹះនៃកិច្ចខិតខំប្រឹងប្រែង​អភិវឌ្ឍន៍របស់ប្រទេសទាំងពីរ ដោយផ្តល់នូវបរិយាកាសស្ថិរភាពសម្រាប់ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។

វិស័យដែលកាន់តែលេចធ្លោបំផុតមួយទៀត ​គឺ​ការ​ផ្លាស់ប្តូររវាងប្រជាជន​និងប្រជាជន​កំពុងទទួលផ្លែផ្កាដ៏ផូរផង់ ដែល​ជា​បេះដូង​នៃ​ទំនាក់ទំនង​កម្ពុជា-ចិន។ រាប់ចាប់តាំងពីវិស័យអប់រំ និងការផ្លាស់ប្តូរវប្បធម៌ រហូតដល់វិស័យទេសចរណ៍ និងនាវានុវត្តន៍ឌីជីថល ប្រជាជនកម្ពុជា និង​ប្រជាជនចិនកំពុងបង្កើតចំណងមិត្តភាព ការយល់ដឹង និងគោលបំណងរួមជាមួយគ្នា​ដ៏រឹងមាំ។

ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជាតាំងពីយូរយារណាស់មកហើយ និងជាប្រភពសំខាន់នៃការវិនិយោគផ្ទាល់ពីបរទេស។ ប៉ុន្តែ ភាពជាដៃគូរវាងប្រទេសទាំងពីរ គឺហួសពីតួលេខ ភាពជាដៃគូនេះរួមបញ្ចូលទាំងក្តីសុបិនរួម តម្លៃរួម និងការជឿជាក់ដែលថា​ប្រជាជាតិទាំងអស់ មិនថាតូចឬធំ គឺអាចធ្វើការជាមួយគ្នាដើម្បី​សម្រេចបាននូវការ​អភិវឌ្ឍ​រួម ។

ម្យ៉ាងទៀត ការរួមចំណែករបស់ប្រទេសចិនចំពោះហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា និងការ​អភិវឌ្ឍ​ធនធានមនុស្សរបស់កម្ពុជា កំពុងជួយដាក់គ្រឹះដ៏រឹងមាំសម្រាប់ភាពរុងរឿងយូរអង្វែង និង​ភាពធន់។ ជាមួយគ្នានោះដែរ គំនិតផ្តួចផ្តើមសំខាន់ៗរបស់ចិន ដូចជា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើម​អរិយធម៌​សកល ស្របទៅនឹងអាទិភាពជាតិរបស់ប្រទេសកម្ពុជា ដោយផ្តល់នូវក្របខណ្ឌ​ដ៏មានតម្លៃ​សម្រាប់​ការលើកកម្ពស់នវានុវត្តន៍ និងការបន្តការអភិវឌ្ឍបៃតង និងកំណើនប្រកបដោយ​បរិយាបន្ន។

កម្ពុជា​នឹងបន្តគោលនយោបាយបើកចំហ អព្យាក្រឹតភាព និងការចូលរួមយ៉ាង​សកម្ម​ជាមួយ​សហគមន៍អន្តរជាតិ។ ក្នុងន័យនេះ ភាពជាដៃគូរបស់ខ្លួនជាមួយប្រទេសចិន ដើរតួជាស្ពាន​មួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងសមាហរណកម្មអាស៊ានឱ្យកាន់តែរឹងមាំ។

ដោយសម្លឹងឆ្ពោះទៅមុខ ទំនាក់ទំនងកម្ពុជា-ចិន ផ្តល់នូវលទ្ធភាពថ្មីៗដ៏គួរឱ្យរំភើប។ ពី​វិស័យកសិកម្មឆ្លាតវៃ និងបរិវត្តិកម្មឌីជីថលរហូតដល់វិស័យសហគ្រិនភាពវ័យក្មេង និងការផ្លាស់​ប្តូរការសិក្សាស្រាវជ្រាវ, ឱកាសសម្រាប់ប្រទេសទាំងពី គឺពិតជាគ្មានដែនកំណត់។

ការលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ចិនទៅដល់កម្រិតសហគមន៍កម្ពុជា-ចិន ដែលមាន​អនាគត​រួមគ្នា និងការអនុវត្តក្របខណ្ឌកិច្ចសហប្រតិបត្តិការឆកោណត្បូងពេជ្រទ្វេភាគី គឺមាន​អត្ថន័យ​ហួសពីការផ្លាស់ប្តូរគោលនយោបាយ,  ភាពជាដៃគូនេះ តំណាងឱ្យចក្ខុវិស័យសម្រាប់​ពិភព​លោក​ដែលប្រសើរជាងមុន ដែលកិច្ចសហប្រតិបត្តិការមានឧត្តមានុភាពលើជម្លោះ និង​ការអភិវឌ្ឍ​កើតមានសម្រាប់ទាំងអស់គ្នា៕


ដោយ៖ បណ្ឌិត គិន ភា

ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

រាជបណ្ឌិត្យសភាកម្ពុជា

The post មិត្តភាពដែកថែបកម្ពុជា-ចិនក្នុងយុគសម័យថ្មី៖ ដំណើររួមគ្នាឆ្ពោះទៅរកវិបុលភាពនិងការអភិវឌ្ឍ appeared first on Kampuchea Thmey Daily.