ពូទីន គំរាមសងសឹកប្រទេសណាក៏ដោយ ឲ្យតែជួយអាវុធអ៊ុយក្រែន
ក្នុងសុន្ទរកថាចេញពីវិមានក្រឹមឡាំងកាលពីថ្ងៃព្រហស្បតិ៍ទី២១ខែវិច្ឆិកាឆ្នាំ២០២៤ ប្រមុខរដ្ឋរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ព្រមានថា... The post ពូទីន គំរាមសងសឹកប្រទេសណាក៏ដោយ ឲ្យតែជួយអាវុធអ៊ុយក្រែន appeared first on Kampuchea Thmey Daily.
ក្នុងសុន្ទរកថាចេញពីវិមានក្រឹមឡាំងកាលពីថ្ងៃព្រហស្បតិ៍ទី២១ខែវិច្ឆិកាឆ្នាំ២០២៤ ប្រមុខរដ្ឋរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ព្រមានថា ប្រទេសណាក៏ដោយ ឲ្យតែផ្តល់អាវុធជួយអ៊ុយក្រែនយកមកបាញ់ចូលដីរុស្ស៊ី ទីក្រុងមូស្គូនឹងសងសឹក ដោយវាយប្រហារទីតាំងយោធារបស់ប្រទេសនោះវិញ។
ប្រធានាធិបតីរូបនេះព្រមានថា «យើងនឹងកំណត់គោលដៅ នៅពេលយើងធ្វើតេស្តប្រព័ន្ធមីស៊ីលថ្មីបំផុតបន្ថែមទៀត។ នេះគឺដោយសារតែមានការគំរាមកំហែងដល់សន្តិសុខរបស់សហព័ន្ធរុស្ស៊ីមិនចេះឈប់។ យើងជឿជាក់ថា យើងមានសិទ្ធិប្រើប្រាស់អាវុធប្រឆាំងទីតាំងយោធានៃប្រទេសទាំងឡាយណា ដែលអនុញ្ញាតឲ្យប្រើអាវុធរបស់ពួកគេប្រឆាំងនឹងទីតាំងរបស់យើង»។
ស្របពេលជាមួយគ្នានោះ លោកពូទីន បានចង្អុលចំឈ្មោះថា គឺសហរដ្ឋអាមេរិក ដែលជាអ្នកបំផ្លាញប្រព័ន្ធសន្តិសុខអន្តរជាតិ បង្កើនហានិភ័យនៃជម្លោះពិភពលោក។
ការគំរាមរបស់លោកពូទីន កើតឡើងបន្ទាប់ពី រុស្ស៊ីបាញ់មីស៊ីលអន្តរទ្វីបមួយគ្រាប់ចេញពីតំបន់ Astrakhan វាយប្រហារអ៊ុយក្រែន កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ហើយនោះគឺជាលើកដំបូង ដែលទីក្រុងមូស្គូ ប្រើប្រាស់អាវុធធុនធ្ងន់បែបនេះ នៅក្នុងសង្គ្រាមអាយុកាល៣៣ខែ។
មីស៊ីលអន្តរទ្វីបរុស្ស៊ី អាចបាញ់ក្នុងរយៈចម្ងាយរាប់ពាន់គីឡូម៉ែត្រឯណោះ ហើយអ្វីដែលពិសេសគឺវាអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរថែមទៀតផង។ យ៉ាងណា អាវុធប្រភេទនេះក៏អាចបំពាក់ក្បាលគ្រាប់ធម្មតាផងដែរ។
ក្រៅតែពីមីស៊ីលអន្តរទ្វីប កងកម្លាំងអាកាសអ៊ុយក្រែន អះអាងថា ខ្លួនក៏បានបាញ់ទម្លាក់មីស៊ីល Kh-101 ចំនួន៦គ្រាប់របស់រុស្ស៊ីដែរ នៅក្នុងការវាយប្រហារថ្ងៃនោះ។
ការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន ធ្វើឡើងបន្ទាប់ពីអ៊ុយក្រែន ប្រើគ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់អាមេរិកនិងអង់គ្លេស ផ្លោងចូលដីរុស្ស៊ី បន្ទាប់ពីការបើកភ្លើងខៀវពីបណ្ដាប្រទេសដែលជាសម្ព័ន្ធមិត្តទាំងនោះ។
យ៉ាងណា រុស្ស៊ី ធ្លាប់ព្រមានរួចមកហើយថា បើអ៊ុយក្រែនហ៊ានប្រើអាវុធលោកខាងលិចវាយចូលជ្រៅក្នុងដីរុស្ស៊ីមែន នោះភ្លើងសង្គ្រាមនឹងឆេះឆាបឆួលកាន់តែខ្លាំងជាក់ជាមិនខានឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ សង្គ្រាមកាន់តែធំ! រុស្ស៊ី បាញ់មីស៊ីលអន្តរទ្វីបវាយប្រហារអ៊ុយក្រែន ជាលើកដំបូង
The post ពូទីន គំរាមសងសឹកប្រទេសណាក៏ដោយ ឲ្យតែជួយអាវុធអ៊ុយក្រែន appeared first on Kampuchea Thmey Daily.