ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ប្រជាពលរដ្ឋរស់នៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ដែលនិយមចូលព្រៃបេះផ្លែគុយ ប្រាប់ថា ឆ្នាំនេះគុយមានផលច្រើន The post ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ appeared first on Kampuchea Thmey Daily.

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

កោះកុង ៖ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ដែលនិយមចូលព្រៃបេះផ្លែគុយ ប្រាប់ថា ឆ្នាំនេះគុយមានផលច្រើន សម្រាប់តម្លៃលក់ទៅឱ្យឈ្នួញពុំសូវបានថ្លៃឡើយ បើធៀបនឹងឆ្នាំមុនៗ។


តំណាងប្រជាពលរដ្ឋ លើកឡើងថា ការប្រមូលអនុផលផ្លែគុយពីក្នុងព្រៃ បានធ្វើឡើងតាំងតែពីខែកុម្ភៈមកម្ល៉េះ លុះដល់ពេលអស់ផលវិញនៅខែឧសភា ជារៀងរាល់ឆ្នាំ។ ហើយពួកគាត់ត្រូវដំណើរចេញពីផ្ទះរយៈចម្ងាយ២០ទៅ៥០គីឡូម៉ែត្រ ដើម្បីទៅរកបេះវាក្នុងព្រៃយកមកលក់ឱ្យឈ្នួញបន្តលក់ទៅនៅទីផ្សារ។

ពលរដ្ឋរស់នៅក្នុងស្រុកស្រែអំបិល រៀបរាប់រសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ថា ផ្លែគុយឆ្នាំនេះពិតជាកកើតមានច្រើនណាស់នៅក្នុងព្រៃភ្នំ ហើយមុខរបរបេះផ្លៃគុយនេះហើយដែលអាចអោយពួកគាត់រកប្រាក់ចំណូលគួរសមមកផ្គត់ផ្គង់ជីវភាពគ្រួសារ ក្រៅពីការធ្វើស្រែចម្ការ ឬជាងសំណង់។

ទម្រាំបានផ្លែនេះមកលក់បានជូនអតិថិជនដែលនិយមពិសារវា គឺពលរដ្ឋត្រូវងើបពីដំណេកតាំងតែ៤ឬ៥ជិតភ្លឺ ជិះម៉ូតូ និងដើរចូលក្នុងព្រៃរាប់គីឡូម៉ែត្រ លុះរហូតដល់ម៉ោង៤រសៀល ទើបដឹកនាំលក់ឱ្យឈ្នួញតាមបណ្តោយផ្លូវជាតិលេខ៤៨ ត្រង់ចំណុចក្បែរគល់ស្ពានស្រែអំបិល។

អ្នកស្រី ជា លី ជាឈ្នួញកណ្តាលដែលទិញផ្លែគុយពីប្រជាពលរដ្ឋ និយាយថា ផ្លែគុយមានរសជាតិជូរអែមៗឆ្ងាញ់ពិសារគ្រាន់កំដមាត់។ ការទិញផ្លែគុយពីពលរដ្ឋ នឹងយកទៅលក់បន្តនៅរាជធានីភ្នំពេញ ឬបណ្តាខេត្តផ្សេងៗទៀត ពិសេសខេត្តសៀមរាបតែម្តង។ ពួកគាត់ទិញក្នុង១គីឡូក្រាមថ្លៃ១ម៉ឺន៥០០០រៀលទៅ២ម៉ឺន៤០០០រៀល។

អ្នកស្រី ជា លី បន្ត​ថា ពួកទិញពីប្រជាពលរដ្ឋក្នុង១ថ្ងៃពី៥០គីឡូក្រាមទៅ៨០គីឡូក្រាម ប៉ុន្តែរបរមួយមិនទៀងទាត់នោះទេ ថ្ងៃខ្លះបានច្រើន ថ្ងៃខ្លះក៏បានតិចទៅជាក់ស្តែង។ ផ្លែគុយ ជាឈ្មោះឈើតូចមានដើមជាវល្លិ៍ ផ្លែវាមានរសជាតិផ្អែមលាយជូរបន្តិច ដែលដុះក្នុងព្រៃស្រោង និងមានតិចតួចនៅតាមព្រៃរបោះ។ វាជារុក្ខជាតិព្រៃឈើដុះដោយឯកឯងក្នុងតំបន់ព្រៃភ្នំ ពិសេសជួរភ្នំក្រវាញ៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

The post ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ appeared first on Kampuchea Thmey Daily.