ផ្លូវបរិវេណប្រាសាទសំបូរព្រៃគុក ប្រវែង ១ ៧៦០ ម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវ DBST

កំណាត់ផ្លូវប្រវែង ១ ៧៦០ម៉ែត្រ នៅបរិវេណប្រាសាទសំបូរព្រៃគុក ត្រូវបានបើកការដ្ឋានសាងសង់ជាប្រភេទផ្លូវ... The post ផ្លូវបរិវេណប្រាសាទសំបូរព្រៃគុក ប្រវែង ១ ៧៦០ ម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវ DBST appeared first on Kampuchea Thmey Daily.

ផ្លូវបរិវេណប្រាសាទសំបូរព្រៃគុក ប្រវែង ១ ៧៦០ ម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវ DBST

កំណាត់ផ្លូវប្រវែង ១ ៧៦០ម៉ែត្រ នៅបរិវេណប្រាសាទសំបូរព្រៃគុក ត្រូវបានបើកការដ្ឋានសាងសង់ជាប្រភេទផ្លូវ កៅស៊ូ DBST ដើម្បីបង្កើនភាពទាក់ទាញ និងផ្តល់ផលងាយស្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ លោក ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបេសកកម្មពិសេសរបស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវកៅស៊ូ DBST នៅតំបន់រម្យនីយដ្ឋានប្រាសាទបេតិកភណ្ឌពិលោកសំបូរព្រៃគុក។

លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានលើកឡើងថា កំណត់ផ្លូវឆ្លងកាត់ប្រាសាទសំបូរព្រៃគុក ដែលមានប្រវែង​១៨០០ម៉ែត្រ បច្ចុប្បន្ន ជាផ្លូវក្រាលគ្រួសក្រហម និងមានធូលីដីហ៊ុយប៉ះពាល់ដល់ការធ្វើរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ អាជ្ញាធរជាតិប្រាសាទសំបូរព្រៃគុក ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានឆ្លងកិច្ចប្រជុំពី អាយ ស៊ី ស៊ី (ICC) សម្រេចអនុញ្ញាតឲ្យសាងសង់ឡើងវិញនូវផ្លូវកៅស៊ូ ប្រភេទ DBST មានប្រវែងសរុប ១៧៦០ម៉ែត្រ ទទឹង៦ម៉ែត្រ មានចិញ្ចើមផ្លូវក្រាលល្បាយក្រួសក្រហម ម្ខាងៗប្រវែង ១ម៉ែត្រ, មានសំណង់លូមូល ចំនួន៤កន្លែង រយៈពេលសាងសង់ចំនួន៦ខែ ដែលស្ថាបនាដោយកងវិស្វកម្ម នៃក្រសួងការពារជាតិ។

លោក ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបេសកកម្មពិសេស រាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍ថា ការសាងសង់ផ្លូវមួយខ្សែនៅបរិវេណប្រាសាទ ប្រាសាទបេតិកភណ្ឌពិភពលោកសំបូរព្រៃគុក គឺត្រូវបានអនុញ្ញាតដោយគណៈកម្មាធិការសម្បត្តិបេតិកភណ្ឌ ពិភពលោក ព្រោះប្រាសាទសំបូរព្រៃគុក ជាសម្បត្តិរួមរបស់មនុស្សជាតិទូទាំងពិភលោក បានដឹង និងទទួលស្គាល់ ទាំងសោភណ្ឌភាព វប្បធម៌ និងអរិយធម៌ របស់ដូនតាខ្មែរ ដែលបានបន្សល់ទុកដល់កូនខ្មែរ ជំនាន់ក្រោយ។ ការសាងសង់នេះ នឹងផ្តល់នូវសោភណ្ឌភាពកាន់តែស្រស់ស្អាតបន្ថែមមួយកម្រិតទៀត ដល់បរិវេណប្រាសាទ ផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងមានភាពទាញភ្ញៀវទេសចរឲ្យកាន់តែកើនឡើងច្រើនជាងមុនបន្ថែមទៀត។ ផ្លូវនេះ ក៏ជាការតភ្ជាប់កាន់តែងាយស្រួលដល់ប្រជាពលរដ្ឋរស់នៅភូមិអូរគ្រូកែ ទៅកាន់ឃុំសំបូរ ដែលជាប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋានប្រើប្រាស់ជាប្រចាំផងដែរ។

លោក ថោង ខុន បន្ថែមថា ការក៏កើតនៃសមិទ្ធផលទាំងអស់នេះ គឺដោយសារប្រទេសកម្ពុជារក្សាបាននូវស្ថេរភាពនយោបាយ ធ្វើឲ្យប្រទេសជាតិរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ ទាំងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ វិស័យអប់រំ កិច្ចការបរទេស ធ្វើឲ្យប្រទេសនៅក្នុងតំបន់អាស៊ាន និងប្រទេសផ្សេងទៀតនៅលើពិភោពលោកងាកមកចាប់អារម្មណ៍ វិនិយោគផ្នែកកសិកម្ម ឧស្សាហ៍កម្ម ពាណិជ្ជកម្មផងដែរ៕

អត្ថបទ៖ ឈាង មករា

The post ផ្លូវបរិវេណប្រាសាទសំបូរព្រៃគុក ប្រវែង ១ ៧៦០ ម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវ DBST appeared first on Kampuchea Thmey Daily.