ប្រទះឃើញសត្វក្រពើមួយក្បាលនៅក្នុងស្រះមុខផ្ទះប្រជាពលរដ្ឋ
មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីឮសំឡេងឆ្កែព្រុស ហើយក៏បានប្រទះឃើញសត្វក្រពើមួយក្បាល កំពុងរើបម្រាស់ខ្លួននៅខាងមុខផ្ទះប្រជាពលរដ្ឋ The post ប្រទះឃើញសត្វក្រពើមួយក្បាលនៅក្នុងស្រះមុខផ្ទះប្រជាពលរដ្ឋ appeared first on Kampuchea Thmey Daily.

បាត់ដំបង ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីឮសំឡេងឆ្កែព្រុស ហើយក៏បានប្រទះឃើញសត្វក្រពើមួយក្បាល កំពុងរើបម្រាស់ខ្លួននៅខាងមុខផ្ទះប្រជាពលរដ្ឋ ខណៈដែលទឹកនៅក្នុងស្រះកំពុងរីងស្រកត្រឹមក្បាលជង្គង់។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៩ ព្រឹក ថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៥ នៅត្រង់ចំណុចខាងកើត វត្តតាមិម ស្ថិតក្នុងភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។

បើតាមការរៀបរាប់ ពីអ្នកដែលជួបហេតុការណ៍ គឺលោក កើត ប៊ុនឈើន បានឱ្យដឹងថា ស្រះទឹករបស់លោកដែលស្ថិតនៅខាងមុខផ្ទះ គឺមានទំហំ ៨ x ១០ ម៉ែត្រ ដែលច្រៀងរាល់ឆ្នាំ ទឹកនៅក្នុងស្រះនេះពុំដែលរីងហួតហែងនោះឡើយ។

លោកបានបន្តថា ជាចៃដន្យនៅឆ្នាំនេះ ទឹកនៅក្នុងស្រះខ្លះរបស់លោក គឺមានសភាពស្រកហួតហែង ដោយមានជម្រៅត្រឹមក្បាលជង្គង់ប៉ុណ្ណោះ ហើយចៃដន្យនៅព្រឹកនេះដែរ លោកក៏បានប្រើម៉ូទ័រដើម្បីដាក់បូមទឹកយកទៅស្រោចផលដំណាំនៅក្នុងចំការ ហើយក៏មិនបានចាប់អារម្មណ៍អ្វីទាំងអស់ ប៉ុន្តែនៅពេលនោះដែរ សំឡេងឆ្កែរបស់លោកបានព្រុសសន្ធាប់យ៉ាងខ្លាំង ដោយមានការងឿងឆ្ងល់ លោកក៏បានទៅពិនិត្យមើលនៅក្នុងស្រះទឹក ទើបមានការភ្ញាក់ផ្អើលដោយសារតែប្រទះឃើញសត្វក្រពើមួយក្បាល ធំជាងភ្លៅទៅទៀត បើគិតជាទម្ងន់ប្រមាណជាង ២០ គីឡូក្រាម ទើបមានការភ្ញាក់ផ្អើលហើយលោកក៏បានស្រែកហៅអ្នកភូមិ ឱ្យមកជួយចាប់សត្វក្រពើនេះ។

នៅក្នុងហេតុការណ៍នេះដែរ លោក កើតប៊ុនឈើន បានសន្និដ្ឋានថា សត្វក្រពើដែលចូលមករស់នៅក្នុងស្រះខាងមុខផ្ទះនេះ គឺប្រហែលជាអាចមករស់នៅតាំងពីអំឡុងចុងឆ្នាំ ២០២៣ ដោយសារនៅពេលនោះ គឺមានទឹកជំនន់ធំហើយទឹកបែកវាល ដូច្នេះសត្វក្រពើអាចមកតាមទឹកហើយរស់នៅក្នុងស្រះនេះរហូតមកទល់បច្ចុប្បន្ន។
លោកក៏បានអំពាវនាវផងដែរសម្រាប់អ្នកដែលមានស្រះទឹកគួរបង្កើននូវការប្រុងប្រយ័ត្ន ព្រោះក្រែងមានសត្វក្រពើមករស់នៅដូចស្រះរបស់លោក នេះជាសំណាងល្អ ដែលកូនចៅរបស់លោកមិនបានចុះលេងក្នុងខ្លះទឹកនោះ៕
អត្ថបទ ៖ សោ និយមរ័ត្ន

The post ប្រទះឃើញសត្វក្រពើមួយក្បាលនៅក្នុងស្រះមុខផ្ទះប្រជាពលរដ្ឋ appeared first on Kampuchea Thmey Daily.