បំណុលគ្រួសារ​ថៃកើនដល់ ១០៤ ភាគរយ ធៀបនឹង GDP បង្កក្ដីបារម្ភដល់​កំណើនសេដ្ឋកិច្ច

សមាមាត្របំណុលគ្រួសារធៀប​នឹង​ GDP របស់ថៃ បានឈានដល់ ១០៤ ភាគរយ ក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៤ ដែល​នោះ​រាប់​ទាំង​កម្ចីក្រៅផ្លូវការ។ The post បំណុលគ្រួសារ​ថៃកើនដល់ ១០៤ ភាគរយ ធៀបនឹង GDP បង្កក្ដីបារម្ភដល់​កំណើនសេដ្ឋកិច្ច appeared first on Kampuchea Thmey Daily.

បំណុលគ្រួសារ​ថៃកើនដល់ ១០៤ ភាគរយ ធៀបនឹង GDP បង្កក្ដីបារម្ភដល់​កំណើនសេដ្ឋកិច្ច

របាយការណ៍ថ្មី​មួយ​ចេញ​ផ្សាយ​កាល​ពីសប្ដាហ៍​មុន បាន​បង្ហាញ​ថា​ បំណុលគ្រួសាររបស់ប្រទេសថៃ ដែលរាប់​បញ្ចូលទាំងកម្ចីក្រៅផ្លូវការ បានកើនឡើងដល់ ១០៤ ភាគរយ ធៀប​នឹង​ផលិតផលក្នុងស្រុកសរុប (GDP) ដែលអាចប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចនាពេលអនាគត។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​កាសែតបាងកកប៉ុស្តិ៍​។​​

ការស្រាវជ្រាវពី​សាកលវិទ្យាល័យជូឡាឡុងកន សម្រាប់គណៈកម្មាធិការអចិន្រ្តៃយ៍រួមសម្រាប់ពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារថៃ (JSCCIB) បាន​បង្ហាញថា សមាមាត្របំណុលគ្រួសារធៀប​នឹង​ GDP របស់ថៃ បានឈានដល់ ១០៤ ភាគរយ ក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៤ ដែល​នោះ​រាប់​ទាំង​កម្ចីក្រៅផ្លូវការ។

ក្នុងនោះផងដែរ​ បំណុល​ក្រៅផ្លូវការជាមធ្យមក្នុងមួយគ្រួសារ មាន​ប្រមាណ​ ២ ៨៤៣ ដុល្លារអាមេរិក/គ្រួសារ​។ លោក Kobsak Duangdee អគ្គលេខាធិការនៃសមាគមធនាគារថៃ បាន​ឱ្យ​ដឹង​ក្រោយកិច្ចប្រជុំ JSCCIB ថា ៤០ ភាគរយ​ នៃគ្រួសារថៃ ពាក់ព័ន្ធ​នឹង​​បំណុលនៃកម្ចី​ក្រៅផ្លូវការ ដោយ​ពួកគេ​អាច​ជា​​ម្ចាស់ ឬ​​កូន​បំណុល។

លោក Kobsak មានប្រសាសន៍ថា កម្រិតបំណុលគ្រួសារខ្ពស់ បង្ហាញពីបញ្ហាប្រឈមចំពោះកំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃ។ យ៉ាងណា​មិញ​ បំណុលក្រៅផ្លូវការមានសារៈសំខាន់ណាស់សម្រាប់សាច់ប្រាក់ងាយស្រួលក្នុងគ្រួសារ ដោយ​ផ្តល់ប្រភពមូលនិធិសម្រាប់ការចំណាយប្រចាំថ្ងៃ និងសកម្មភាពអាជីវកម្ម និងជួយក្នុងការគ្រប់គ្រងភាពអាសន្នផ្នែកហិរញ្ញវត្ថុជាដើម​។

យោងតាមការសិក្សាស្រាវជ្រាវដដែល​ ប្រហែល ៣០ ភាគរយ​ នៃគ្រួសារដែលមានប្រាក់ចំណូលសេដ្ឋកិច្ចផ្លូវការ ពឹងផ្អែកលើបំណុលក្រៅផ្លូវការសម្រាប់ការគ្រប់គ្រងសាច់ប្រាក់ងាយស្រួល។ លោក Kobsak បានស្នើថា ការដោះស្រាយបំណុលក្រៅផ្លូវការ តម្រូវឱ្យមានវិធានការសមស្រប ហើយបច្ចេកវិទ្យាឌីជីថលអាចដើរតួនាទីមួយ​ក្នុងនោះ​៕

The post បំណុលគ្រួសារ​ថៃកើនដល់ ១០៤ ភាគរយ ធៀបនឹង GDP បង្កក្ដីបារម្ភដល់​កំណើនសេដ្ឋកិច្ច appeared first on Kampuchea Thmey Daily.