ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤

ទ្រព្យ​សម្បត្តិមហាសេដ្ឋីបាន​កើនឡើង ២ ទ្រីលាន​ដុល្លារ​ ក្នុងឆ្នាំ ២០២៤ ឬ​​ប្រហែល ៥,៧ ប៊ីលាន​ដុល្លារ​/ថ្ងៃ​ ដែល​នេះ​ជា​អត្រាលឿនបំផុតរហូត​ដល់​ទៅ ៣ ដង​ ធៀប​នឹង​កំណើន​ទ្រព្យសម្បត្តិរបស់​ពួកគេ​ក្នុងឆ្នាំ ២០២៣ The post ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤ appeared first on Kampuchea Thmey Daily.

ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤

របាយការណ៍​ចុងក្រោយបង្អស់​របស់​អង្គការ​ Oxfam ដែលចេញ​ផ្សា​យកាលពីថ្ងៃ​ចន្ទ​ បាន​បង្ហាញ​ថា​ ទ្រព្យសម្បត្តិមហាសេដ្ឋីពិភព​លោក បាន​កើន​ឡើង​ពី​ ១៣ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ​ ២០២៣ ដល់ ១៥ ទ្រីលាន​ដុល្លារ​ ក្នុងឆ្នាំ​ ២០២៤។

តួលេខនេះ​មាន​ន័យ​ថា​ ទ្រព្យ​សម្បត្តិមហាសេដ្ឋីបាន​កើនឡើង ២ ទ្រីលាន​ដុល្លារ​ ក្នុងឆ្នាំ ២០២៤ ឬ​​ប្រហែល ៥,៧ ប៊ីលាន​ដុល្លារ​/ថ្ងៃ​ ដែល​នេះ​ជា​អត្រាលឿនបំផុតរហូត​ដល់​ទៅ ៣ ដង​ ធៀប​នឹង​កំណើន​ទ្រព្យសម្បត្តិរបស់​ពួកគេ​ក្នុងឆ្នាំ ២០២៣ និង​ជា​កំណើន​ប្រចាំឆ្នាំដ៏ធំបំផុតទី២ ចាប់តាំងពីអង្គការ Oxfam បានចាប់ផ្ដើមធ្វើកំណត់ត្រារបស់​ខ្លួន​។

អ្វីដែល​គួរ​ឱ្យ​កត់​សម្គាល់នោះ​ របាយការណ៍​ Oxfam បាន​លើក​ឡើង​ពី​របាយការណ៍​របស់​ធនាគារ​ពិភព​លោក​ ដែល​ថា​ ចំនួន​ប្រជាជនសកល​​រស់នៅ​ក្នុង​ភាព​ក្រីក្រ មិន​សូវ​ជា​មាន​ការ​ប្រែប្រួល​ទេរាប់​ចាប់​តាំង​ពី​ឆ្នាំ​ ១៩៩០ មក ដោយសារតែកំណើនប្រជាជនសកល ដែល​ដុនដាបទៅដោយ​​វិបត្តិសេដ្ឋកិច្ច បញ្ហា​អាកាសធាតុ និងជម្លោះ​ផ្សេង​ៗ​។ ​

របាយការណ៍​​ធនាគារពិភព​លោក ថា​ ៨,៥ ភាគរយ នៃ​​ចំនួនប្រជាជនពិភពលោក ឬប្រហែល ៧០០ លាននាក់ រស់នៅដោយរំពឹង​លើប្រាក់តិចជាង​ ២,១៥ ដុល្លារ/ថ្ងៃ ​ដែលជាខ្សែបន្ទាត់នៃភាពក្រីក្រខ្លាំងសម្រាប់ប្រទេស​មានប្រាក់ចំណូលទាប ខណៈ ៤៤ ភាគរយ​ ​នៃចំនួនប្រជាជនពិភពលោក ឬប្រហែល ៣,៥ ប៊ីលាន​នាក់ រស់នៅ​ដោយ​រំពឹង​លើ​ការ​ចំណាយ​តិចជាង ៦,៨៥ ដុល្លារ​/ថ្ងៃ​ ​ដែលជា​បន្ទាត់នៃភាពក្រីក្រសម្រាប់ប្រទេស​មានចំណូលមធ្យមកម្រិតខ្ពស់។​

យ៉ាងណា​មិញ​ របាយការណ៍របស់ Oxfam ដែល​មាន​ឈ្មោះ​ថា​ «Takers Not Makers» បាន​លើកឡើងថា​​ ក្នុងឆ្នាំ ២០២៤ ​ចំនួន​មហាសេដ្ឋីពិភព​លោក​បាន​កើន​ឡើងដល់ ២ ៧៦៩ នាក់ ពី​ប្រមាណ​ ២ ៥៦៥ នាក់ ក្នុងឆ្នាំ​ ២០២៣​។ ក្នុងអត្រា​ជា​មធ្យម​ មនុស្សជិត ៤ នាក់ បាន​ក្លាយជា​មហាសេដ្ឋីក្នុងរយៈពេល​ ១ សប្ដាហ៍។

ជាមួយ​គ្នា​នោះ ដោយសារតែទ្រព្យសម្បត្តិមហាសេដ្ឋីកើនឡើងលឿន Oxfam បាន​ព្យាករថា​ ក្នុងរយៈពេល​ ១ ទសវត្សរ៍ មហាសេដ្ឋី ៥ រូប​នឹង​មាន​ទ្រព្យសម្បត្តិដល់​ទ្រីលាន​ដុល្លារ​។ Oxfam ព្យាករត្រឹមតែ ៤ នាក់​ប៉ុណ្ណោះ កាល​ពី​ឆ្នាំ​មុន​។ កំណើន​ដ៏លឿន​នៃ​ទ្រព្យ​សម្បត្តិនេះ បាន​មក​ពី​ការប្រមូលផ្តុំអំណាចផ្តាច់មុខ ដោយមហាសេដ្ឋី​កាន់តែ​មាន​ «ឥទ្ធិពល​ខ្លាំងលើឧស្សាហកម្ម និងមតិសាធារណៈ»។

របាយ​ការណ៍​គូស​បញ្ជាក់​ថា ​៦០ ភាគរយ​ នៃទ្រព្យសម្បត្តិមហាសេដ្ឋី​ ​កើតចេញពីកេរ្តិ៍មរតក ការផ្តាច់មុខនិយម ឬទំនាក់ទំនង​តែក្នុងរង្វង់អភិជន ឬអ្នកមានឥទ្ធិពលជាដើម​។ ការប្រមូលផ្តុំទ្រព្យសម្បត្តិ​ដោយ​អយុត្តិធម៌ដូចជា​ការ​កេង​ប្រវ័ញ្ញប្រទេសក្រីក្រ ឬ​ទាក់ទង​នឹង​ប្រវត្តិសាស្រ្ត​នៃ​អាណានិគមនិយម ​​ក៏ជាកត្តាសំខាន់នៅពីក្រោយការកើនឡើងនៃទ្រព្យសម្បត្តិមហាសេដ្ឋីផងដែរ។

លុយដ៏ច្រើនសន្ធឹកសន្ធាប់ នៅតែមាន​លំហូរចេញពីប្រទេសលោកខាងត្បូង ដែល​សំដៅ​លើ​ប្រទេស​ក្រីក្រ ​ទៅកាន់ប្រទេស​លោកខាង​ជើង​នានា (ឬប្រទេស​អ្នកមាន) និង​ពលរដ្ឋ​មាន​ៗ​បំផុត​របស់​ប្រទេស​ទាំង​នោះ​។ Oxfam ហៅការណ៍នេះ​ថា​ជា​អាណានិគមនិយមសម័យទំនើប។ អ្នកមានបំផុត ១ ភាគរយ​ ក្នុងបណ្តាប្រទេសលោកខាងជើង ​ដូចជាសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបារាំង បានទាញយកប្រាក់ ៣០ លាន​ដុល្លារ​/ម៉ោង ពីប្រទេស​ក្រីក្រតាម​រយៈ​ប្រព័ន្ធហិរញ្ញវត្ថុក្នុងឆ្នាំ ២០២៣។

ប្រទេស​លោក​ខាង​ជើង​ គឺជា​បណ្ដុំ​នៃ​កន្លែង​រស់​នៅ​របស់​មហាសេដ្ឋីពិភព​លោក ដោយ​រួម​ចំណែក​ប្រមាណ ៦៩ ភាគរយនៃ​ទ្រព្យសម្បត្តិសកល​ ៧៧ ភាគរយ​នៃ​ទ្រព្យ​សម្បត្តិមហាសេដ្ឋីពិភព​លោក​ និង ៦៨ ភាគរយ នៃចំនួន​មហាសេដ្ឋីពិភព​លោកសរុប​។

គួរ​គូស​បញ្ជាក់ថា​ យោង​តាម​កំណត់ត្រា​របស់​ទស្សនាវដ្ដី Forbes ត្រឹមថ្ងៃទី ២០ មករា ២០២៥ មហាសេដ្ឋីធំៗ​បំផុតរបស់​ពិភព​លោក​រួមមាន​ នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុនរថយន្ត​អគ្គិសនី Tesla លោក អេឡុន ម៉ាសក៍ (៤៣៣,៩ ប៊ីលាន​ដុល្លារ​) CEO ក្រុមហ៊ុន Amazon លោក Jeff Bezos (២៣៩,៤ ប៊ីលាន​ដុល្លារ​) និង​ CEO របស់​ក្រុមហ៊ុនបច្ចេកវិទ្យា Meta លោក Mark Zuckerberg (២១១,៨ ប៊ីលាន​ដុល្លារ​) ជាដើម​៕

The post ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤ appeared first on Kampuchea Thmey Daily.