តៃវ៉ាន់ ទិញ​ដ្រូន​វាយ​ប្រហារ​ចំនួន ១​ពាន់​គ្រឿង​ពី​អាមេរិក

ដ្រូន​ Altius 600M-V គឺ​ជាយានពហុបេសកកម្ម ដែលអនុញ្ញាតឲ្យប្រតិបត្តិករតែមួយអាចគ្រប់គ្រង​ដ្រូន​​បានច្រើន ហើយ​វា​អាច​ធ្វើ​ដំណើរ​បាន​រយៈ​ចម្ងាយ​ប្រហែល.... The post តៃវ៉ាន់ ទិញ​ដ្រូន​វាយ​ប្រហារ​ចំនួន ១​ពាន់​គ្រឿង​ពី​អាមេរិក appeared first on Kampuchea Thmey Daily.

តៃវ៉ាន់ ទិញ​ដ្រូន​វាយ​ប្រហារ​ចំនួន ១​ពាន់​គ្រឿង​ពី​អាមេរិក

យោង​តាម​​សារព័ត៌មាន Bloomberg នៅ​ថ្ងៃ​ទី​២៩​ខែ​តុលា កោះ​តៃវ៉ាន់​បាន​ចុះ​កិច្ច​ព្រមព្រៀង​ទិញ​​ដ្រូន​វាយ​ប្រហារ​ចំនួន ១ ០០០​គ្រឿង​ពី​ក្រុមហ៊ុន​អាមេរិក​ចំនួន​២​គឺ ក្រុមហ៊ុន​ម៉ៅ​ការ​ការពារ​ជាតិ AeroVironment និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ការពារ​ Anduril Industries។

(រូបភាព៖ Bloomberg)

ការ​ទិញ​ដ្រូន​នេះ គឺ​ដើម្បី​ជួយ​ក្នុង​ការ​ទប់ទល់​នឹង​ការ​លុកលុយ​ដ៏​ខ្លាំង​ក្លា​របស់​ចិន​ទៅ​លើ​ដែន​កោះ​តៃវ៉ាន់។ បើ​តាម​ប្រភព​របស់ Bloomberg គម្រោង​ទិញ​នេះ​ ចាប់​ផ្ដើម​ឡើង​តាំង​ពី​ចុង​ខែ​កញ្ញា​មក​​ម៉្លេះ ហើយ​​ទើប​តែ​​ចុះ​ហត្ថលេខា​​ទិញ​លក់​បញ្ជាក់​អំពី​​តម្លៃ និង​កាល​បរិច្ឆេទ​ចែកចាយ កាល​ពី​ពេល​ថ្មីៗ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​​សហរដ្ឋ​អាមេរិក បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ព័ត៌មាន​នេះ​ទេ។

យ៉ាង​ណា បើ​តាម​ព័ត៌មាន​កាលពីខែមិថុនា ក្រសួងការបរទេស​អាមេរិក ធ្លាប់​បានជូនដំណឹងដល់សភា​អំពី​ការលក់​ដ្រូន​ Anduril Altius 600M-V ចំនួន ២៩១​គ្រឿង ដែលមានតម្លៃ ៣០០​លានដុល្លារ និង​ដ្រូន​ AeroVironment Switchblade 300 “B” ដល់ទៅ ៧២០​គ្រឿងដែលមានតម្លៃ ៦០​លានដុល្លារ។

យោងតាម​ក្រុមហ៊ុន Anduril ដ្រូន​ Altius 600M-V គឺ​ជាយានពហុបេសកកម្ម ដែលអនុញ្ញាតឲ្យប្រតិបត្តិករតែមួយអាចគ្រប់គ្រង​ដ្រូន​​បានច្រើន ហើយ​វា​អាច​ធ្វើ​ដំណើរ​បាន​រយៈ​ចម្ងាយ​ប្រហែល ​១៦០​គីឡូម៉ែត្រ និងពេលវេលាហោះហើរជិត ២​ម៉ោង។

ចំណែក​ឯ​ដ្រូន Switchblade 300 “B” របស់ AeroVironment មាន​ទម្ងន់​១,៨​គីឡូ​ក្រាម អាចតាម​ដាន​គោលដៅរយៈពេល ​២០​នាទី ហើយត្រូវបានបំពាក់ដោយក្បាលគ្រាប់​​ប្រឆាំង​នឹង​​រថពាសដែក។ វាមាន​រយៈ​ចម្ងាយប្រហែល ​៣០​គីឡូម៉ែត្រ។

ដ្រូន​វាយប្រហារ​បាន​ក្លាយ​ជា​ផ្នែក​សំខាន់​​មួយ​នៃ​សង្គ្រាម​ទំនើប។ កងកម្លាំងរុស្ស៊ី និងអ៊ុយក្រែន បានដាក់ពង្រាយ​ដ្រូន​រាប់ពាន់គ្រឿង ដើម្បីឈ្លបយកការណ៍គ្នាទៅវិញទៅមក និង​សម្រាប់ការវាយប្រហារក្នុងសង្គ្រាម​ដែល​កំពុង​កើត​ឡើង​របស់ពួកគេ។ ដ្រូន​ក៏​ត្រូវបានប្រើប្រាស់ក្នុងការវាយប្រហាររបស់អ៊ីរ៉ង់លើអ៊ីស្រាអែល​ផង​ដែរ​កាលពីខែមេសា​កន្លង​ទៅ៕

ដោយ៖ ឈាង

The post តៃវ៉ាន់ ទិញ​ដ្រូន​វាយ​ប្រហារ​ចំនួន ១​ពាន់​គ្រឿង​ពី​អាមេរិក appeared first on Kampuchea Thmey Daily.