តួកគី ប្រកាសកាត់ផ្ដាច់ទំនាក់ទំនងទាំងអស់ជាមួយអ៊ីស្រាអែល
ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានប្រកាសកាលពីថ្ងៃពុធថា ប្រទេសរបស់លោក បានកាត់ផ្តាច់ទំនាក់ទំនងទាំងអស់ជាមួយ... The post តួកគី ប្រកាសកាត់ផ្ដាច់ទំនាក់ទំនងទាំងអស់ជាមួយអ៊ីស្រាអែល appeared first on Kampuchea Thmey Daily.
ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានប្រកាសកាលពីថ្ងៃពុធថា ប្រទេសរបស់លោក បានកាត់ផ្តាច់ទំនាក់ទំនងទាំងអស់ជាមួយ អ៊ីស្រាអែល។ លោក Erdogan បានធ្វើអត្ថាធិប្បាយបែបនេះទៅកាន់អ្នកសារព័ត៌មាននៅលើយន្តហោះ បន្ទាប់ពីបំពេញទស្សនកិច្ចនៅប្រទេសអារ៉ាប៊ីសាអូឌីត និងអាស៊ែបៃហ្សង់។
លោក Erdogan បាននិយាយថា៖ «រដ្ឋាភិបាលនៃសាធារណរដ្ឋតួកគី ក្រោមការដឹកនាំរបស់ Tayyip Erdogan នឹងមិនបន្ត ឬអភិវឌ្ឍទំនាក់ទំនងជាមួយអ៊ីស្រាអែលឡើយ។ [សម្ព័ន្ធដែលកំពុងកាន់អំណាចរបស់យើង] មានការតាំងចិត្តក្នុងការសម្រេចចិត្តរបស់ខ្លួនក្នុងការកាត់ផ្តាច់ទំនាក់ទំនងជាមួយអ៊ីស្រាអែល ហើយយើងនឹងរក្សាជំហរនេះនៅពេលអនាគតផងដែរ។ យើងក្នុងនាមជាសាធារណរដ្ឋតួកគី និងរដ្ឋាភិបាលរបស់ខ្លួន បច្ចុប្បន្នបានផ្តាច់ទំនាក់ទំនងទាំងអស់ជាមួយអ៊ីស្រាអែល»។
លោក Erdogan បានសង្កត់ធ្ងន់ថា តួកគីនឹងធ្វើអ្វីគ្រប់យ៉ាងនៅក្នុងអំណាចរបស់ខ្លួន ដើម្បីឲ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ទទួលខុសត្រូវចំពោះសកម្មភាពរបស់គាត់នៅក្នុងតំបន់ហ្គាហ្សា ដែលក្រុមសិទ្ធិមនុស្សអន្តរជាតិបានពណ៌នាថាជាអំពើប្រល័យពូជសាសន៍។
កាលពីដើមឆ្នាំនេះ តួកគីបានធ្វើអន្តរាគមន៍ក្នុងសំណុំរឿងប្រល័យពូជសាសន៍ប្រឆាំងនឹងអ៊ីស្រាអែលនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីគាំទ្រប៉ាឡេស្ទីន និងបានតស៊ូមតិសម្រាប់ការដាក់ទណ្ឌកម្មអាវុធប្រឆាំងនឹងអ៊ីស្រាអែល។
លោក Erdogan បានប្រាប់ថា ប្រទេសចំនួន ៥២ និងអង្គការអន្តរជាតិចំនួន២ បានសម្តែងការគាំទ្ររបស់ពួកគេចំពោះគំនិតផ្តួចផ្តើមនៃការដាក់ទណ្ឌកម្មអាវុធដែលតួកគីបានចាប់ផ្តើមនៅអង្គការសហប្រជាជាតិកាលពីដើមខែវិច្ឆិកា ក្នុងគោលបំណងទប់ស្កាត់ការដឹកជញ្ជូនអាវុធ និងគ្រាប់រំសេវទៅកាន់ប្រទេសអ៊ីស្រាអែល។
លោក Erdogan បានបន្តថា៖ «ថ្មីៗនេះ យើងបានដាក់លិខិតផ្លូវការរបស់យើងទាក់ទងនឹងគំនិតផ្តួចផ្តើមនេះ ទៅកាន់ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ។ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរបស់យើងនៅទីក្រុង Riyadh ការសម្រេចចិត្តមួយត្រូវបានធ្វើឡើងដើម្បីអញ្ជើញអង្គការ និងសមាជិកទាំងអស់នៃសម្ព័ន្ធអារ៉ាប់ឲ្យចុះហត្ថលេខាលើលិខិតនេះ»។
សូមបញ្ជាក់ថា បន្ទាប់ពីការវាយប្រហារដឹកនាំដោយក្រុមហាម៉ាសលើអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ និង សង្រ្គាមជាបន្តបន្ទាប់របស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៤៣ ០០០នាក់នោះ រដ្ឋាភិបាលតួកគីបានបង្កើនការរិះគន់របស់ខ្លួនចំពោះរដ្ឋាភិបាលរបស់លោក Netanyahu៕
ដោយ៖ ឈាង
The post តួកគី ប្រកាសកាត់ផ្ដាច់ទំនាក់ទំនងទាំងអស់ជាមួយអ៊ីស្រាអែល appeared first on Kampuchea Thmey Daily.