តម្លៃប្រេងឡើងជាង១ភាគរយ ក្រោយ OPEC+ ប្រកាសពន្យារពេលដំឡើងទិន្នផលប្រេង
អង្គការនៃប្រទេសនាំចេញប្រេងកាត និងសម្ព័ន្ធមិត្ត (OPEC+) បានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួននឹងពន្យារពេលការដំឡើងផលិតកម្មប្រេងនៅខែធ្នូតាមការគ្រោងទុក រយៈពេល១ខែ ដោយសារតែកម្សោយតម្រូវការ និងកំណើននៃការផ្គត់ផ្គង់នៃប្រទេសក្រៅអង្គការ។ The post តម្លៃប្រេងឡើងជាង១ភាគរយ ក្រោយ OPEC+ ប្រកាសពន្យារពេលដំឡើងទិន្នផលប្រេង appeared first on Kampuchea Thmey Daily.
តម្លៃប្រេងបានកើនឡើងច្រើនជាង ១ ភាគរយ ពេលបើកការជួញដូរនៅព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីអង្គការនៃប្រទេសនាំចេញប្រេងកាត និងសម្ព័ន្ធមិត្ត (OPEC+) បានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួននឹងពន្យារពេលការដំឡើងផលិតកម្មប្រេងនៅខែធ្នូតាមការគ្រោងទុក រយៈពេល១ខែ ដោយសារតែកម្សោយតម្រូវការ និងកំណើននៃការផ្គត់ផ្គង់នៃប្រទេសក្រៅអង្គការ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានកើនឡើង ១,១៨ ដុល្លារ ឬ ១,៦១ ភាគរយ ដោយបើកការជួញដូរនៅ តម្លៃ ៧៤,២៨ ដុល្លារ/បារ៉ែល។ ចំណែកឯតម្លៃប្រេងឆៅអាមេរិក ម៉ាក West Texas Intermediate (WTI) វិញ បានកើនឡើង ១,២០ ដុល្លារ ឬ ១,៧៣ ភាគរយ ដោយជួញដូរនៅតម្លៃ ៧០,៦៩ ដុល្លារ/បារ៉ែល។
តម្លៃប្រេង Brent និង WTI បានកើនឡើងតិចតួចពេលបញ្ចប់ការជួញដូរនៅថ្ងៃសុក្រ ដោយសារបញ្ហាជម្លោះមជ្ឈិមបូព៌ា ប៉ុន្តែបានធ្លាក់ចុះ ៤ ភាគរយ និង ៣ ភាគរយ រៀងគ្នា ក្នុងអត្រាប្រចាំសប្ដាហ៍ ដោយសារតែរបាយការណ៍ពីកំណើនទិន្នផលប្រេងរបស់សហរដ្ឋអាមេរិក។
គួរគូសបញ្ជាក់ថា OPEC+ ដែលរាប់បញ្ចូលទាំងរុស្ស៊ី និងសម្ព័ន្ធមិត្តផ្សេងទៀត ត្រូវបង្កើនការទាញយកប្រេងឱ្យបាន ១៨០ ០០០ បារ៉ែល/ថ្ងៃ ចាប់ពីខែធ្នូទៅ។
ការប្រកាសពន្យារពេលចុងក្រោយនេះ មានន័យថា OPEC+ នឹងបន្តវិធានការកាត់បន្ថយផលិតកម្មប្រេង ២,២ លានបារ៉ែល/ថ្ងៃរបស់ខ្លួន ក្រោយពីបានពន្យារពេលរួចម្ដងហើយនៅខែតុលា ដោយសារតែការធ្លាក់ចុះនៃតម្លៃ និងកម្សោយតម្រូវការ។
អ្នកវិភាគទីផ្សារលើកឡើងថា ទោះបីជាការពន្យារពេលបង្កើនផលិតកម្មប្រេងមកវិញ មិនផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ក៏ដោយ វានឹងធ្វើឱ្យអ្នកវិនិយោគគិតឡើងវិញអំពីយុទ្ធសាស្រ្តរបស់ OPEC+៕
The post តម្លៃប្រេងឡើងជាង១ភាគរយ ក្រោយ OPEC+ ប្រកាសពន្យារពេលដំឡើងទិន្នផលប្រេង appeared first on Kampuchea Thmey Daily.