ក្រុមតវ៉ា​គាំទ្រ​ប្រធានាធិបតី Yoon ​ប្រែក្លាយទៅហិង្សា ក្រោយតុលាការចេញដីកា​ចាប់ខ្លួន​

ប្រជាជន​កូរ៉េខាងត្បូង​ចេញតវ៉ា​តាមដង​ផ្លូវ​​ ​និង​មាន​ប្រើ​អំពើហិង្សា​ដោយ​បំផ្លាញ​អគារ​តុលាការ​ ដើម្បីបង្ហាញ​ការគាំទ្រ​លោក Yoon Suk Yeol ដែលតុលាការ​ក្រុង​សេអ៊ូល​​សម្រេច​​ចេញ​ដីកា​ចាប់ខ្លួន​... The post ក្រុមតវ៉ា​គាំទ្រ​ប្រធានាធិបតី Yoon ​ប្រែក្លាយទៅហិង្សា ក្រោយតុលាការចេញដីកា​ចាប់ខ្លួន​ appeared first on Kampuchea Thmey Daily.

ក្រុមតវ៉ា​គាំទ្រ​ប្រធានាធិបតី Yoon ​ប្រែក្លាយទៅហិង្សា ក្រោយតុលាការចេញដីកា​ចាប់ខ្លួន​

ប្រជាជន​កូរ៉េ​ខា​ងត្បូង​ចូលម៉ឺន​នាក់ យោង​​ទីភ្នាក់ងារព័ត៌មាន​បារាំង​ AFP ​បានចេញ​ទៅតវ៉ា​តាមដង​ផ្លូវ​​ ​និង​មាន​ប្រើ​អំពើហិង្សា​ដោយ​បំផ្លាញ​អគារ​តុលាការ​ទៀតផង ដើម្បីបង្ហាញ​ការគាំទ្រ​លោក Yoon Suk Yeol ដែលតុលាការ​ក្រុង​សេអ៊ូល​​សម្រេច​​ចេញ​ដីកា​ចាប់ខ្លួន​នៅថ្ងៃទី​១៨ ដើម្បី​បន្ថែម​នីតិវធី​ឃុំខ្លួន​​រហូត​ដល់​២០ថ្ងៃ​បន្ថែម​ទៀត​ក្នុងបំណង​សួរចម្លើយ។

​ក្រុមអ្នកតវ៉ា​គាំទ្រលោក Yoon ​ប៉ះទង្គិច​ជាមួយ​កម្លាំងសន្តិសុខ​។​ Reuter

ប្រធានាធិបតី​ដែល​​​​ព្យួរអំណាច​ដោយ​​សភា​ជាតិបោះឆ្នោត​ទម្លាក់​​​កាល​ថ្ងៃទី​១៤​ខែធ្នូឆ្នាំ​២០២៤​ និង​ដែលកំពុង​​ឡោមព័ទ្ធ​ដោយ​​រឿង​ក្តី​ក្តាំងតុលាការ​និង​ការ​ស៊ើបអង្កេត​​ផ្សេង​ៗ​ដ៏ចាក់ស្រេះ​ ​ធ្លាប់​បាន​បង្ហាញ​​ជំហរ​ប្រយុទ្ធ​ដល់​ទីបញ្ចប់តាមរយៈ​​វេទិកា​នយោបាយ​ចុងក្រោយ​ គឺ​តុលាការ​ធម្មនុញ្ញ​ដែល​ចាប់​ផ្តើម​​បើក​សវនាការ​​​លើបណ្តឹង​របស់​សភា​ដែល​បាន​​ចោទ​ប្រកាន់ព្យួរអំណាច​របស់​លោក។

​​​ការ​ចាប់​ខ្លួន​របស់​លោក Yoon នាពេលនេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​បដិសេធ​​​មិនសហការ​ឆ្លើយ​បំភ្លឺ​តាមការ​សួរ​ចម្លើយ​ដោយ​​​ការិយាល័យ​​​ស៊ើបអង្កេត​ពុក​រលួយ​សម្រាប់​មន្ត្រី​ជាន់​ខ្ពស់ (CIO) ​ក្នុងពេលកន្លងមក ហើយ​CIO ក៏សហការ​ជាមួយតុលា​​ការ​​​ក្នុង​ក្រុង​សេអ៊ូល​​ដើម្បីចេញដីកាចាប់ខ្លួន​តែម្តង ដែលលោក Yoon ​និង​មេធាវី​​​របស់​លោក យល់​ថា​«​ខុសច្បាប់» ព្រោះ​ពួកគេ​គ្មាន​អំណាច​អនុវត្ត​​ការស៊ីចម្លើយ​និង​ចាប់​ខ្លួន​លោក​ឡើយ ដោយសារ​លោកស្ថិតនៅក្នុងតំណែង​ប្រធានាធិបតី​​​។

តាមសេចក្តីរាយការណ៍​របស់​ AFP ​មាន​អ្នកគាំទ្រ​របស់លោក​ Yoon ​រាប់​ម៉ឺន​នាក់​ចេញទៅតវ៉ាតាមដងផ្លូវ ហើយ​ក៏​មាន​ការ​​សកម្មភាព​វាយ​​បង្អួច​​​​របស់​តុលាការ​ក្រុង​សេអ៊ូល​ផងដែរ​។​​ ជាមួយគ្នា​នោះ កងកម្លាំង​ប៉ូលិស​រាប់​រយនាក់​ក៏ត្រូវ​បាន​ដាក់​​ពង្រាយ​ និង​មានការ​ចាប់ខ្លួន​ដោយបង្ខំ​ចំពោះ​អ្នក​ប្រើប្រាស់អំពើហិង្សា​ផងដែរ​។

​អំឡុង​ពេលឃុំខ្លួន​​នៅ​ការិយាល័យ CIO លោក Seok Dong-hyeon មេធាវី​និង​ជាមិត្ត​​ចាស់​​​របស់​លោក Yoon ​ត្រូវ​បាន​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ដកស្រង់សម្តី​ដោយ​និយាយថា៖«​លោក​ប្រធានាធិបតី​​បាន​​បញ្ជាក់​ជំហរ​មូល​​ដ្ឋាន​​​របស់​គាត់​អស់​ហើយ អំឡុង​ពេល​​ការសាកសួរ​​​របស់​​​ CIO នៅថ្ងៃដំបូង​ និង​​មិន​​​ឃើញ​នូវ​ហេតុផល​​ផ្សេង​​ ឬ​ក៏​​សេចក្តីត្រូវការ​ដើម្បី​ឆ្លើ​យ​​​តប​ទៅនឹង​​ប្រភេទ​សំណួរ​និង​ចម្លើយ​​​​នៃ​ការ​ចោទ​​​សួរ​នោះ​ទេ​»។

ប្រធានាធិបតី Yoon បានទាញ​ទម្លាក់​​​ស្ថានការណ៍​ប្រទេសកូរ៉េ​ខាងត្បូង​ចូលទៅក្នុងវិបត្តិ​ បន្ទាប់​ពីការប្រកាស​​ច្បាប់​អាជ្ញាសឹក​​​កាល​ថ្ងៃទី​៣ខែ​​ធ្នូ​ ដោយប៉ង​ចាប់មេដឹកនាំបក្ស​ប្រឆាំង​ ប្រធានសភា និង​បុគ្គលសំខាន់ៗ ក្រោម​បទ​ចោទ​ដែល​លោក​លើក​ឡើង​ពាក់​ព័ន្ធ​​​ «កម្លាំងប្រឆាំងរដ្ឋ» និង​ «ការគាំទ្រកូរ៉េខាងជើង»។

ប៉ុន្តែ​ការប្រកាស​របស់​លោក បាន​​​ប្រហែល​​​៦​ម៉ោង​ក្រោយ​មក សភា​ជាតិក៏បាន​បោះឆ្នោត​ច្រានចោល​ការ​ប្រកាស​ដាក់​ច្បាប់អាជ្ញាសឹកនោះវិញ ដោយ​មានការគាំទ្រ​ពីសមាជិកសភា​​នៃ​គណបក្ស​អំណាច​ប្រជាជន (People Power Party) របស់លោក​ផង ធ្វើ​ឲ្យលោកសម្រេចចិត្ត​ប្រកាសដាក់​ច្បាប់​អាជ្ញាសឹកនោះវិញ។

​ទោះបី​​​លោក​ប្រកាសដក ប៉ុន្តែ​​លោក​ក៏នោះប្រឈម​ការចោទ​ប្រកាន់ជាច្រើន ដូចជា ការប៉ះបោរប្រឆាំងរដ្ឋធម្មនុញ្ញ ​ការរំលោភអំណាច និង​អំពើក្បត់ជាដើម។

​​​តាមអ្នក​ជំនាញ​ផ្លូវ​ច្បាប់​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ក្នុងករណី​​​​លោក​ Yoon ត្រូវ​បាន​ចេញដីកាចាប់​ខ្លួន​​ជាផ្លូវការ នោះ​ការស៊ើបអង្កេត​លើ​នីតិវិធី​ព្រហ្មទណ្ឌ​​នឹ​ងត្រូវ​ធ្វើ​ឡើយ ហើយ បើ​រកឃើញ​ពិរុទ្ធភាព​​​ ប្រធានាធិបតី​​ Yoon Suk Yeol អាច​មាន​ទោស​ធ្ងន់រហូត​ដល់​ប្រហារជីវិត​ឬ​ក៏​ត្រូវ​​ជាប់​ពន្ធនាគារពេញ​១ជីវិត​​៕​

ដោយ រ៉ាន់ រើយ​

ក្រុមអ្នកតវ៉ា​ប្រឈម​ជាមួយកងកម្លាំងសន្តិសុខ​នៅមុខ​តុលាការ​ក្រុងសេអ៊ួល។ Reuter

The post ក្រុមតវ៉ា​គាំទ្រ​ប្រធានាធិបតី Yoon ​ប្រែក្លាយទៅហិង្សា ក្រោយតុលាការចេញដីកា​ចាប់ខ្លួន​ appeared first on Kampuchea Thmey Daily.