ក្រសួងសុខាភិបាល ដាក់ចេញវិធានការការពារសុខភាព អំឡុងព្រះរាជពិធីបុណ្យអុំទូក

ក្រសួងសុខាភិបាល ដាក់ចេញវិធានការការពារសុខភាព... The post ក្រសួងសុខាភិបាល ដាក់ចេញវិធានការការពារសុខភាព អំឡុងព្រះរាជពិធីបុណ្យអុំទូក appeared first on Kampuchea Thmey Daily.

ក្រសួងសុខាភិបាល ដាក់ចេញវិធានការការពារសុខភាព អំឡុងព្រះរាជពិធីបុណ្យអុំទូក

ក្រសួងសុខាភិបាល បាន​ដាក់​ចេញ​នូវ​វិធានការ​ការពារ​សុខភាព​ក្នុង​អំឡុង​ពេល ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ចាប់ពី​ថ្ងៃ​ទី ១៤ ដល់​ថ្ងៃ​ទី ១៦ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ ដែល​នឹង​មាន​ប្រជាជន ភ្ញៀវ​ជាតិ និង​អន្តរជាតិ អញ្ជើញ​មក​ចូលរួម​កម្សាន្ត​ច្រើន​កុះករ។

នៅ​ក្នុង​សេចក្ដី​ជូន​ព័ត៌មាន​ស្ដីពី​វិធានការ​ការពារ​សុខភាព​ក្នុង​អំឡុង​ពេល ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ ២០២៤ ចុះ​ថ្ងៃទី ១៣ វិច្ឆិកា នេះ បាន​ឱ្យ​ដឹង​ថា ក្រសួងសុខាភិបាល សូម​ណែនាំ​ក្រើនរំលឹក​ដល់​សាធារណជន​ទាំងអស់ ចូលរួម​ការពារ​សុខភាព​បុគ្គល ក្រុមគ្រួសារ និង​សហគមន៍ ពី​ជំងឺ​ជាយថាហេតុ​ណាមួយ ដោយ​អនុវត្ត​នូវ វិធានការ​បង្ការ​សំខាន់ៗ ​មួយចំនួន​។ ចំពោះ​សាធារណជន​ ត្រូវ​ប្រកាន់​អនាម័យ លាង​សម្អាត​ដៃ​ឱ្យ​បាន​ញឹកញាប់ មុន​ចាប់​កាន់​ចំណីអាហារ បន្ទាប់ពី​ការ​ប៉ះពាល់​សត្វ បោច​សំអាត​រោមសត្វ​ប​សុ​បក្សី ឬ​វត្ថុ​ផ្សេងៗ ដែល​អាច​ជា​ប្រភព​ចម្លង​រោគ កុំ​ប៉ះពាល់ ឬ​ទទួលទាន មាន់​ទា ឈឺ ឬ​ងាប់ និង​ពាក់​ស្រោមដៃ និង​ម៉ាស់ ឬ​យក​ក្រមា​ចង​បិត​ច្រមុះ មុន​ពេល​សម្លាប់​មាន់​ទា រួចហើយ​ស្រុះ​វា​ក្នុង​ទឹក​ពុះ​មុននឹង​បោច​សម្អាត​រោម ចម្អិន​ម្ហូប​អាហារ​ឱ្យបាន​ឆ្អិន​ល្អ ជាពិសេស​សាច់ សត្វ​ស្លាប ស៊ុត និង​អាហារ​សមុទ្រ។ កុំ​ទទួលទាន​ពងមាន់ ឬ ពង​ទា​ជ័រ​ព្នៅ និង​ទុកដាក់​អាហារ​ឆៅ និង​ឆ្អិន​ឱ្យនៅ​ដាច់ដោយឡែក​ពីគ្នា សម្អាត​សម្ភារៈ​ប្រើប្រាស់​សម្រាប់​ចម្អិន​ម្ហូប​អាហារ​ឱ្យ​បាន​ត្រឹមត្រូវ។ នៅពេល​លោកអ្នក​ទិញ​ម្ហូប​អាហារ​ដែល​ឆ្អិន​ស្រាប់ នៅតាម​ទីផ្សារ ឬ​តាម ដងផ្លូវ ត្រូវ​ប្រាកដថា​ អាហារ​ទាំងនោះ​មាន​អនាម័យ និង​សុវត្ថិភាព ត្រូវ​ប្រើប្រាស់​ទឹកស្អាត និង​វត្ថុធាតុដើម​ដែល​ល្អ ហើយ​មិនត្រូវ​ប្រើប្រាស់​សារធាតុ​គីមី​បន្ថែម​លើ​អាហារ កុំ​ប្រើ​បរិភោគ​ចំណីអាហារ​ហួស​កាលកំណត់​ប្រើប្រាស់ សូម​ប្រុងប្រយ័ត្ន​ទិញ ឬ​ពិសា​ស្រា ស ឬ​ស្រាថ្នាំ ពី​ប្រភព​ដែល​ទុកចិត្តបាន ចៀសវាង​ការពុល​សារធាតុ​មេ​តា​ណុល ជាយថាហេតុ ដែល​អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​រហូតដល់​បាត់បង់​ជីវិត​ សូមកុំ​ប្រើប្រាស់​មេ​តា​ណុល​ផលិត​ស្រា ស និង​ស្រាថ្នាំ ព្រោះ​មេ​តា​ណុល​មិនមែនជា​មេស្រា​ទេ។

ក្រសួងសុខាភិបាល ​បាន​បន្តថា​ នៅពេល​ក្អក ឬ​កណ្តាស ត្រូវ​ខ្ទប់មាត់ ដោយ​ប្រើ​កន្សែងដៃ ឬ​ផ្នត់​កែងដៃ និង​ចៀសវាង​ខាកស្តោះ​ពាសវាលពាសកាល។ សូម​ពាក់​ពាក់​ម៉ាស់​នៅពេល​មាន​អាការ​មិន​ស្រួលខ្លួន​ដូចជា ផ្តាសាយ ក្អក ដើម្បី​បង្ការ​ការ​ចម្លង​ជំងឺ​ជាយថាហេតុ​ដល់​អ្នក​នៅ​ជិត​ ចៀសវាង​ការ​ចូល​ទស្សនា​ក្នុង​ទីប្រជុំជន ឬ​ពិធីបុណ្យ​អុំទូក ប្រសិនបើ​មាន​អាការ​ក្តៅខ្លួន ក្អក ឬ​ពិបាក ដកដង្ហើម ឬ​មាន​បញ្ហា​សុខភាព​។ ក្នុង​ករណី​មាន​បញ្ហា​សុខភាព​ណាមួយ ក្នុង​អំឡុង​ដើរ​ទស្សនា ឬ​ចូលរួម​ក្នុង​ពិធី​បុណ្យ​អុំទូក​នេះ សូម​ទៅ​ពិគ្រោះ​ជំងឺ​នៅតាម​ស្តង់​សុខភាព មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​រដ្ឋ ដែល​នៅ​ជិត​លោកអ្នក​។ សូម​កុំ​ច្រាន ឬ​ប្រជ្រៀត​គ្នា ដើម្បី​ទប់ស្កាត់​នូវ​ការដួលសន្លប់​ដែល​អាច​កើតមាន​ជាយថាហេតុ​។ ប្រសិនបើ លោកអ្នក​វិលមុខ ឬ​ស្រវាំងភ្នែក សុំ​អង្គុយ​ចុះ ចៀសវាង​ការ​ដួល និង​ត្រូវ​ហៅរក​អ្នក​ជួយសង្គ្រោះ។ ប្រើ​ស្រោមអនាម័យ​ជានិច្ច ដើម្បី​ការពារ​ខ្លួន​ពី​ការ​ឆ្លង​មេរោគ​អេដស៍ កាមរោគ​ផ្សេងៗ ប្រកាន់ខ្ជាប់​នូវ​ច្បាប់​ចរាចរណ៍​រាល់ពេល​បើកបរ ដើម្បី​ចៀសវាង​គ្រោះថ្នាក់ ដែល​អាច​កើតមាន​ជាយថាហេតុ ដោយសារតែ​ការ​បើកបរ​លើស​ល្បឿន​កំណត់ ឬ​មិន​គោរព​ច្បាប់។ សូម​កុំ​ពិសា​គ្រឿង​ស្រវឹង​ ប្រសិនបើ​ត្រូវ​បើកបរ និង​កុំ​បើកបរ​ពេល​ស្រវឹង ​និង​សូម​កុំ​សេព​គ្រឿងញៀន ព្រោះ​គ្រឿងញៀន​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ និង​នាំឱ្យ​បាត់បង់​អនាគត។

ជាមួយ​គ្នា​នេះ​ដែរ ក្រសួងសុខាភិបាល​ បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​ជាន់ថ្នាក់ និង​មន្ត្រី បុគ្គលិក​សុខាភិបាល ចូលរួម​សហការ ចាត់តាំង​កម្លាំង​គ្រប់គ្រង​មើល និង​ធ្វើ​ការណែនាំ​ការអនុវត្ត​វិធានការ​បង្ការ​សុខភាព​ឱ្យបាន​ខ្ជាប់ខ្ជួន​ដោយ​ព្យាយាម​ធ្វើយ៉ាងណា​កាត់បន្ថយ​នូវ​ការប្រមូលផ្តុំ​ហ្វូង​មនុស្ស​កកកុញ​ច្រើនពេក​ឃ្លាំ ចូលរួម​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ ពី​គ្រោះថ្នាក់​លង់ទឹក និង​ត្រូវ​ការពារ​កុមារ​តូចៗ​ មិនឱ្យ​ចុះ​ទឹក ជំរុញ​លើកទឹកចិត្ត​ប្រជាជន​ក្នុង​ដែន​សមត្ថកិច្ច​ទទួលខុស​ត្រូវ​របស់​ខ្លួន​ឱ្យ​ប្រកាន់យក​នូវ​ការអនុវត្ត​អនាម័យ ចំណីអាហារ លាងដៃ​ឱ្យ​បាន​ញឹកញាប់ ខ្ទប់​មាត់​ដោយ​ពាក់​ម៉ាស់ ឬ​ប្រើ​កន្សែងដៃ ឬ​ប្រើ​ផ្នត់​កែងដៃ​នៅ ពេល​ក្អក កណ្តាស និង​មិន​ត្រូវការ​ខាកស្តោះ ឬ​បន្ទោបង់​ពាសវាលពាសកាល ចាត់ចែង​ឱ្យមាន​ការ​អង្គុយ ឬ​ឈរ​ទស្សនាការ​ប្រណាំងទូក ដោយ​មិន​ប្រជ្រៀត​គ្នា និង​មាន​សណ្តាប់ធ្នាប់ បើ​អ្នកទស្សនា​មាន​ករណី​គ្រុនក្តៅ ឬ​ផ្តាសាយ សូមឱ្យ​គាត់​ពាក់​ម៉ាស និង​ត្រឡប់ទៅផ្ទះ​សម្រាក រួច​ស្វែងរក ការពិគ្រោះ​ជំងឺ​នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​រដ្ឋ ចូលរួម​ក្រើនរំឭក​ដល់​អ្នកមាន​ហានិភ័យ​ខ្ពស់ នៃ​ការឆ្លង​ជំងឺ​ផ្សេងៗ​ដូចជា ចាស់ជរា មាន​ជំងឺ​ប្រចាំកាយ ស្ត្រី​មាន​ផ្ទៃពោះ​ជាដើម ត្រូវមាន​ការអនុវត្ត​កិច្ចការពារ​ខ្លួន​ឱ្យបាន​ល្អ ព្រមទាំង​មាន​អ្នក​ជួយ​មើលថែទាំ​ឱ្យបាន​ត្រឹមត្រូវ។

ទន្ទឹម​នឹង​នេះ​ ក្រសួងសុខាភិបាល សូម​លើកទឹកចិត្ត​ដល់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ និង​មន្ត្រី បុគ្គលិក​សុខាភិបាល ព្រមទាំង​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​សហការ​អនុវត្ត​តាម​ដំបូន្មាន​សាមញ្ញៗ ​ខាងលើ ដើម្បី​ការពារ​ខ្លួន និង​ក្រុម​គ្រួសារ៕

អត្ថបទ ៖ សំអឿន

The post ក្រសួងសុខាភិបាល ដាក់ចេញវិធានការការពារសុខភាព អំឡុងព្រះរាជពិធីបុណ្យអុំទូក appeared first on Kampuchea Thmey Daily.