ក្រសួងការងារ​.៖ រាជ​រដ្ឋាភិបាលកម្ពុជា​ដាក់ចេញ​គោល​នយោបាយ NEP សំដៅ​បង្កើន​ឱកាស​ការងារជូន​ប្រជាពលរដ្ឋ​

ក្រសួង​ការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ បានរៀបចំ​សិក្ខា​សាលា​ពិគ្រោះ​យោបល់​ថ្នាក់​ក្រោម​ជាតិ The post ក្រសួងការងារ​.៖ រាជ​រដ្ឋាភិបាលកម្ពុជា​ដាក់ចេញ​គោល​នយោបាយ NEP សំដៅ​បង្កើន​ឱកាស​ការងារជូន​ប្រជាពលរដ្ឋ​ appeared first on Kampuchea Thmey Daily.

ក្រសួងការងារ​.៖ រាជ​រដ្ឋាភិបាលកម្ពុជា​ដាក់ចេញ​គោល​នយោបាយ NEP សំដៅ​បង្កើន​ឱកាស​ការងារជូន​ប្រជាពលរដ្ឋ​

សៀមរាប ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ បានរៀបចំ​សិក្ខា​សាលា​ពិគ្រោះ​យោបល់​ថ្នាក់​ក្រោម​ជាតិ​ ដើម្បីវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិ ស្ដីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ (NEP) ក្រោមអធិបតីភាព លោក សោម ចំណាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់​លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, លោក ឌី រ៉ាដូ អភិបាលរង និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងលោកស្រី Makiko Matsumoto អ្នកជំនាញជាន់ខ្ពស់ខាងមុខរបរ និងការងារ នៃអង្គការអន្តរជាតិខាងការងារ  (ILO) ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តកំពង់ធំ និងតំណាងមន្ទីរអង្គភាពពាក់ព័ន្ធនៃខេត្តសៀមរាប បាត់ដំបង កំពង់ចាម កំពង់ធំ និងបន្ទាយមានជ័យ ដែលជាសមាជិកគណៈកម្មការខេត្តសម្រាប់អនុវត្តគោលនយោបាយ NEP ផងដែរ។

លោក សោម ចំណាន បានមាន​ប្រសាសន៍​ថា រាជ​រដ្ឋាភិបាលកម្ពុជា​បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ NEP សំដៅ​បង្កើន​ឱកាស​ការងារ​សមរម្យ​ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា និងលើកកម្ពស់ផលិតភាពការងារ ជំរុញ​ការ​អភិវឌ្ឍ​ជំនាញនិងធនធានមនុស្ស ព្រមទាំងពង្រឹងអភិបាលកិច្ច​ទីផ្សារការងារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការផ្លាស់ប្តូរនៃនិម្មាបនកម្មសេដ្ឋកិច្ចទាំងក្នុងប្រទេស តំបន់ និងសកលលោក។

គោលនយោបាយ NEP មានចក្ខុវិស័យ​លើក​តម្កើង​ជីវភាព ភាពថ្លៃថ្នូររបស់ប្រជាពលរដ្ឋ ភាពសុខដុមរមនាសង្គម តាមរយៈការ​បង្កើត​ឱកាស​ការងារ​សមរម្យ​និង​មាន​ផលិត​ភាព​ការងារខ្ពស់ជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូបប្រកបដោយសមធម៌។


លោក​រដ្ឋលេខាធិការ បាន​បញ្ជាក់​បន្ថែម​ថា ក្នុង​រយៈ​ពេល​ដប់​ឆ្នាំ​កន្លង​មកនេះ សេដ្ឋកិច្ច​របស់​កម្ពុជា​ត្រូវ​បាន​ធ្វើ​ពិពិធកម្ម ដែលនាំទៅដល់ការបង្កើតការងារជាច្រើននៅក្នុងវិស័យឧស្សាហកម្ម។ គំនិត​ផ្តួចផ្តើម​ដើម្បី​កែលម្អការ​អប់រំ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានបំពាក់កម្លាំង​ពលកម្មរបស់កម្ពុជាជាមួយនឹងជំនាញ ដែលឆ្លើយតបនឹងតម្រូវការដែលកំពុងវិវត្តនៃទីផ្សារការងារ។ ជាងនេះទៅទៀត ការពង្រឹងស្ថាប័នទីផ្សារការងារបានជំរុញបរិយាកាសការងារប្រកបដោយសមធម៌ និងប្រសិទ្ធភាព។

អង្គសិក្ខាសាលាបានធ្វើការវិភាគស៊ីជម្រៅ ចែករំលែកទិន្នន័យ និងវាយតម្លៃពីផលប៉ះពាល់ជាក់ស្តែងនៃការអនុវត្តគោលនយោបាយ NEP នៅក្នុងមួយទសវត្សរ៍កន្លងមក។ នេះជាជំហានដ៏សំខាន់មួយក្នុងការតាក់តែងគោលនយោបាយ NEP ឆ្នាំ២០២៦-២០៣៥ ដើម្បីធានាបានថាគោលនយោបាយ NEP ថ្មីនេះ នឹងកាន់តែឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព និងបរិយាបន្ន របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕

The post ក្រសួងការងារ​.៖ រាជ​រដ្ឋាភិបាលកម្ពុជា​ដាក់ចេញ​គោល​នយោបាយ NEP សំដៅ​បង្កើន​ឱកាស​ការងារជូន​ប្រជាពលរដ្ឋ​ appeared first on Kampuchea Thmey Daily.