កុសម៉ា ចែករំលែកករណីពុលក្តាមជាក្រុម ដាស់តឿនអ្នកចូលចិត្តក្តាមប្រៃក្រឡុក
ពិធីការិនីកំពូលវោហារសព្ទ សុភ័ក្រ កុសម៉ា ចេញសារចែករំលែកជាការឱ្យសាធារណជន មានការប្រុងប្រយ័ត្នចំពោះការទទួលទានក្តាម The post កុសម៉ា ចែករំលែកករណីពុលក្តាមជាក្រុម ដាស់តឿនអ្នកចូលចិត្តក្តាមប្រៃក្រឡុក appeared first on Kampuchea Thmey Daily.

ពិធីការិនីកំពូលវោហារសព្ទ សុភ័ក្រ កុសម៉ា ចេញសារចែករំលែកជាការឱ្យសាធារណជន មានការប្រុងប្រយ័ត្នចំពោះការទទួលទានក្តាម ខណៈក្រុមខ្លួនទើបតែទទួលទានក្តាមប្រៃក្រឡុកដែលទិញពីទីតាំងមួយនៅកំពង់សោមជុំគ្នា ហើយក៏ពុលជាក្រុម។

តាមរយៈសំណេរមុននេះ អ្នកនាង សុភ័ក្រ កុសម៉ា បានរៀបរាប់ថា “ដំបូងឡើយ នាងខ្ញុំគិតថាមិនចង់សរសេរផុសករណីនេះទេ ប៉ុន្តែគិតឡើងវិញ នាងខ្ញុំពិតជាបារម្ភជំនួសបងប្អូនដែលបានទៅលេងកំពង់សោម ហើយចូលចិត្តញាំក្តាមប្រៃក្រឡុកល្បី”។
ក្តីបារម្ភនេះ ក៏ដោយសារតែកាលពីថ្ងៃទី២២ ប្អូនប្រុសរបស់អ្នកនាង បានទិញក្តាមប្រៃយកមកទទួលទានជុំគ្នាជាមួយក្រុមការងារ ខណៈ ៤ម៉ោងក្រោយពីទទួលទាន អ្នកនាង ព្រមនិងក្រុមការងារប្រហែល ៥នាក់ មានអាការៈរាគក្អួតមិនក្រោម ១០ដងនោះឡើយ។ មិនតែប៉ុណ្ណោះ ក៏មានអាការៈ វិលមុខ អស់កម្លាំង ថប់ដង្ហើមក្តៅខ្លួន បណ្តាលឱ្យចូលពេទ្យនាវេលាម៉ោង ៤ទាបភ្លឺ ខណៈមូលហេតុគឺមកពីពុលក្តាម ដោយការលាងសម្អាតមិនបានល្អ។
ពិធីការិនីល្បីឈ្មោះរូបនេះ បញ្ជាក់ថា ក្រុមខ្លួនចូលពេទ្យដល់ទៅ២ដង ទើបធូរស្រាលអាការៈទាំងនេះ។ ដោយហេតុនេះហើយ ទើបអ្នកនាងចេញសំណេរមួយនេះ គ្រាន់តែចង់ឱ្យសាធារណជនមានការប្រុងប្រយ័ត្នមុនទទួលទានក្តាមប្រៃ កុំឱ្យមានបញ្ហាដូចក្រុមខ្លួន។
កុសម៉ា ថា សរុបមកនាងខ្ញុំសូមផ្តាំផ្ញើទៅបងៗអាជីវករមួយចំនួន សូមពង្រឹងជាមួយគុណភាពអនាម័យជាមុនសិនមុនលក់ជូនអតិថិជន ព្រោះថាសុខភាព គឺសំខាន់ណាស់ ដែលលុយមិនអាចទិញបានទេ។ ជាចុងក្រោយ សូមអរគុណបងប្អូនដែលបានបារម្ភសួរសុខទុក្ខក្រុមការងារ និងនាងខ្ញុំ ហើយក៏សូមអរគុណដល់លោកគ្រូអ្នកគ្រូពេទ្យទាំង២កន្លែង ដែលបានយកចិត្តទុកដាក់ក្នុងការមើលថែរអ្នកជំងឺយ៉ាងដិតដល់៕

The post កុសម៉ា ចែករំលែកករណីពុលក្តាមជាក្រុម ដាស់តឿនអ្នកចូលចិត្តក្តាមប្រៃក្រឡុក appeared first on Kampuchea Thmey Daily.