ការប្រមូលដឹកជញ្ជូនសំរាមឆ្នាំនេះល្អ ទទួលបានការកោតសរសើរនិងអរគុណពីសម្ដេចធិបតី ហ៊ុន​ ម៉ាណែត

សម្រាប់ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ បានប្រើកម្មករប្រមាណ១៥០០នាក់ ត្រៀមរថយន្តជាង១០០គ្រឿង ពង្រាយធុងសំរាមថ្មី១៣០០ធុង និងបានប្រើប្រាស់មធ្យោបាយគ្រប់បែបយ៉ាង.... The post ការប្រមូលដឹកជញ្ជូនសំរាមឆ្នាំនេះល្អ ទទួលបានការកោតសរសើរនិងអរគុណពីសម្ដេចធិបតី ហ៊ុន​ ម៉ាណែត appeared first on Kampuchea Thmey Daily.

ការប្រមូលដឹកជញ្ជូនសំរាមឆ្នាំនេះល្អ ទទួលបានការកោតសរសើរនិងអរគុណពីសម្ដេចធិបតី ហ៊ុន​ ម៉ាណែត

សម្រាប់ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ បានប្រើកម្មករប្រមាណ១៥០០នាក់ ត្រៀមរថយន្តជាង១០០គ្រឿង
ពង្រាយធុងសំរាមថ្មី១៣០០ធុង និងបានប្រើប្រាស់មធ្យោបាយគ្រប់បែបយ៉ាង មានទាំងរថយន្តដឹកសំរាម រថយន្តបាញ់លាង មានម៉ូតូកង់បីចល័ត ដែលធ្វើឲ្យការប្រមូលដឹកជញ្ជូនសំរាមបានល្អមែនទែនទទួលបានការកោតសរសើរនិងអរគុណពីសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញខណៈ លោកអញ្ជើញជាតំណាងលោកអភិបាលរាជធានីភ្នំពេញ ក្នុងសន្និសិទ្ធកាសែតនៅវេទិការបុណ្យអុំទូកមុខព្រះបរមរាជវាំង នាព្រឹកថ្ងៃទី១៦វិច្ឆិកានេះបានមានប្រសាសន៍លើកឡើងថា៖ សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុកឆ្នាំនេះ សំរាមយើងប្រមូលបានល្អមែនទែន។ ការងារល្អបែបនេះ គឺដោយសារឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រជុំដាក់ផែនការ យ៉ាងច្បាស់លាស់ ជាមួយនិងការត្រៀមលក្ខណៈទុកជាមុន ទាំងមធ្យោបាយ ទាំងកម្មករ ទាំងអ្នកទទួលខុសត្រូវ។ជាក់ស្តែងសម្រាប់រយៈពេល២ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកនេះ បងប្អូនក្រុមការងារទាំងអស់បានធ្វើសកម្មភាពព្រមៗគ្នា ក្នុងនោះក្រុមហ៊ុនប្រមូលសំរាមទាំង៣ ក៏បានធ្វើសកម្មភាពព្រមៗគ្នានៅតាមតំបន់របស់គាត់គ្រប់គ្រងបានយ៉ាងល្អផងដែរ។ បន្ថែមពីនេះ មន្ត្រីនៃមន្ទីរពាក់ព័ន្ធរបស់យើងក៏បានបំពេញការងារបាន យ៉ាងល្អព្រមៗគ្នាផងដែរ ដោយចុះអប់រំណែនាំប្រជាពលរដ្ឋឲ្យទុកដាក់សំរាម ហើយក្រុមហ៊ុន ក៏បានប្រមូលសំរាមយ៉ាងល្អ។ ជាក់ស្តែងរយៈពេល២ថ្ងៃនេះ យើងធ្វើបានល្អមែនទែន ពោលគឺត្រឹមម៉ោង៥ទៅម៉ោង៦ទៀបភ្លឺ យើងប្រមូលនិងសំអាតសំរាមបានស្អាត គឺភ្នំពេញយើងស្អាតដូចថ្ងៃធម្មតា ហាក់ដូចមិនមានពិធីដែលមានមនុស្សជាង២លាននាក់ចូលរួមអញ្ចឹង។

លោក ហួត ហៃ បានបន្តថា សម្រាប់ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ យើងបានប្រើកម្មករប្រមាណ១៥០០នាក់ រថយន្តបានត្រៀមជាង១០០គ្រឿង ពង្រាយធុងសំរាមថ្មី១៣០០ធុង។ យើងមានមធ្យោបាយគ្រប់បែបយ៉ាងមានទាំងរថយន្តដឹកសំរាម រថយន្តបាញ់លាង មានម៉ូតូកង់បីចល័ត ដើម្បីប្រមូលធុងសំរាមចេញពេលដែលពេញនិងមានម៉ូតូកង់បីប្រមូលសំរាមថែមទៀត។ លោក ហួត ហៃ បានបន្ថែមថា កាលពីថ្ងៃទី២នៃព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ យើងបានប្រមូលសំរាមទៅកាន់ទីលានដាក់សំរាមបានចំនួន៣៨០០តោន តែសំរាប់ថ្ងៃទី៣នេះយើងមិនទាន់ទទួលបានទូរលេខនៅឡើយទេ។ ប៉ុន្តែសំរាមអាចច្រើនជាងកាលពីថ្ងៃទី២ ដោយហេតុថា នៅថ្ងៃទី៣ មានអ្នកចូលរួមច្រើនគុណនិង២ដងនៃថ្ងៃទី២ គឺមានអ្នកចូលរួមរហូតដល់២លាន២សែននាក់ឯនោះ។

ទន្ទឹមនឹងនោះ លោក ហួត ហៃ បន្តថា បញ្ហាសំរាមឆ្នាំនេះយើងរៀបចំគ្រប់គ្រងបានល្អ យើងបានពង្រាយធុងសំរាមជាង១០០០ធុង ប្រជាពលរដ្ឋបានចូលរួមទុកដាក់សំរាមបានល្អ បង្កលក្ខណៈងាយស្រួលក្នុងការប្រមូល។ លោកអំពាវឲ្យបងប្អូនប្រជាពលរដ្ឋ ដែលមកចូលរួមដើរលេងកម្សាន្ដនៅថ្ងៃទី៣នៃព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ សូមទុកដាក់សំរាមក្នុងធុងឲ្យបានល្អ បើធុងសំរាមពេញសូមដាក់ក្នុងថង់ធំដែលយើងបានចែកជូន សូមចូលរួមជាមួយអាជ្ញាធររបស់យើង ដើម្បីឲ្យទីក្រុងយើងស្អាត បរិស្ថានល្អ។ លោកហួត ហៃ បញ្ជាក់ថា សំរាប់រាជធានីភ្នំពេញយើងបច្ចុប្បន្ននេះ សំរាមនិងបរិស្ថាននៅក្នុងទីក្រុង ពិតជាល្អមិនចាញ់ប្រទេសជិតខាងយើងឡើយ។ ប្រទេសគេពិតជាស្អាត តែរាជធានីភ្នំពេញរបស់យើងក៏មិនចាញ់គេដែរ ដោយយើងបានធ្វើការកែទម្រង់លើវិស័យសំរាមនេះបានល្អ យើងមានក្រុមហ៊ុនប្រមូលសំរាមចំនួន៣ ធ្វើសកម្មភាពបានល្អព្រមៗគ្នា។

គួរបញ្ជាក់ថា៖ យោងតាមរយៈផេកផ្លូវការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចេញផ្សាយនៅថ្ងៃទី១៦វិច្ឆិកានេះ គឺបានកោតសរសើរនិងអរគុណដល់រដ្ឋបាលរាជធានីភ្នំពេញ ក្រុមការងារពាក់ព័ន្ធ ព្រះថេរានុថេរៈ លោកតាលោកយាយ អ៊ំពូមីង បងប្អូន និងក្មួយៗទាំងអស់ ដែលបានជួយបោសសំអាត និងគ្រប់គ្រងអនាម័យនៅតាមសួនច្បារ តំបន់កម្សាន្ត និងតំបន់ប្រារព្ធពិធីនានា នៃពិធីព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ដើម្បីរក្សាបាននូវសោភណ្ឌភាព ជូនដល់ប្រជាពលរដ្ឋខ្មែរយើង និងជនបរទេសជាភ្ញៀវទេសចរណ៌ បានចូលរួមទស្សនាកម្សាន្ត ប្រកបដោយទឹកមុខសប្បាយរីករាយក្រោមម្លប់នៃសន្តិភាព៕

អត្ថបទ៖ ស្រីរ័ត្ន

The post ការប្រមូលដឹកជញ្ជូនសំរាមឆ្នាំនេះល្អ ទទួលបានការកោតសរសើរនិងអរគុណពីសម្ដេចធិបតី ហ៊ុន​ ម៉ាណែត appeared first on Kampuchea Thmey Daily.