កម្ពុជាទទួលបានហិរញ្ញប្បទាន៨០ លានដុល្លារពីADB ដើម្បីលើកកម្ពស់គុណភាពក្នុងវិស័យអប់រំ
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន ៨0 លានដុល្លារ ដើម្បីពង្រឹងការអប់រំកម្រិតមធ្យមសិក្សានៅកម្ពុជា ដោយផ្តោតលើជំនាញ «សតវត្សទី ២១» The post កម្ពុជាទទួលបានហិរញ្ញប្បទាន៨០ លានដុល្លារពីADB ដើម្បីលើកកម្ពស់គុណភាពក្នុងវិស័យអប់រំ appeared first on Kampuchea Thmey Daily.
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន ៨0 លានដុល្លារ ដើម្បីពង្រឹងការអប់រំកម្រិតមធ្យមសិក្សានៅកម្ពុជា ដោយផ្តោតលើជំនាញ «សតវត្សទី ២១» ដូចជាការគិតស៊ីជម្រៅនិងដោយភាពច្នៃប្រឌិត ការបង្រៀនដោយបរិយាបន្នសម្រាប់ទាំងសិស្សប្រុសនិងសិស្សស្រី និង ការត្រួសត្រាយផ្លូវសម្រាប់ការអប់រំក្រោយមធ្យមសិក្សា។
យោងតាម ADB ការអនុម័តនេះត្រូវបានធ្វើឡើនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្រាប់គម្រោងអប់រំថ្នាក់មធ្យមសិក្សាដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងផ្នែកមូលធនមនុស្សនេះនឹងបង្កើនចំនួនអគារសិក្សា ដែលធន់នឹងអាកាសធាតុប្រកបដោយបរិយាបន្ន (រួមទាំងថ្នាក់រៀនបន្ថែម ចំនួន ៤00) ដើម្បីដោះស្រាយស្ថានភាពចង្អៀតក្នុងថ្នាក់រៀន និង ពង្រីកលទ្ធភាពទទួលបានការអប់រំមធ្យមសិក្សាទុតិយភូមិប្រកបដោយគុណភាព។
សម្រាប់គម្រោងនេះនឹងធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានការអប់រំ ជាពិសេសសម្រាប់សិស្សានុសិស្សដែលមានពិការភាពក្នុងការសិក្សា តាមរយៈការអភិវឌ្ឍបច្ចេកវិទ្យាជំនួយ និងការគាំទ្រដល់សាលា មធ្យមសិក្សាអប់រំពិសេស។
គម្រោងនេះនឹងលើកកម្ពស់ការអប់រំលើមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ដើម្បីរៀបចំក្រុមកំលាំងពលកម្មសម្រាប់ពេលអនាគត ដែលមានជំនាញស្រប តាមតម្រូវការឧស្សាហកម្ម។ សម្រាប់គោលដៅដូចគ្នានេះដែរ គម្រោងនឹងអភិវឌ្ឍជំនាញទន់ ដូចជាការ ទំនាក់ទំនង ការសហការ និងការគិតប្រកបដោយការរិះគន់ និង ការគិតស៊ីជម្រៅនិងដោយភាពច្នៃប្រឌិត សម្រាប់សិស្សានុសិស្ស។
គម្រោងនេះនឹងវិនិយោគលើការកែលម្អការអភិវឌ្ឍវិជ្ជាជីវៈរបស់គ្រូបង្រៀន ដើម្បី ជំរុញវិធីសាស្ត្របង្រៀនតាមបែបគម្រោង ដែលរួមបញ្ចូលការងារជាក្រុម ការដោះស្រាយបញ្ហា ជាក់ ស្តែង និងការចូលរួមជាមួយសហគមន៍។ គម្រោងក៏នឹងពិនិត្យ និងពង្រឹងការប្រឡងបញ្ចប់ការសិក្សាថ្នាក់ ទី១២ ដើម្បីពិនិត្យវាយតម្លៃមើលឱ្យកាន់តែច្បាស់នូវកម្មវិធីសិក្សាដែលបានធ្វើទំនើបកម្ម ក៏ដូចជាបង្កើតវគ្គសិក្សាបំប៉នពិសេសក្នុងវិស័យអាទិភាព ដូចជាសេដ្ឋកិច្ចឌីជីថល និងគណិតវិទ្យាអនុវត្ត សំដៅពង្រឹងប្រភព ធនធានមនុស្សប្រកបដោយជំនាញ។
គម្រោងនេះគឺជាធាតុផ្សំដ៏សំខាន់នៃការគាំទ្ររបស់ ADB សម្រាប់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស។ វាស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាលសម្រាប់កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក៏ដូចជា យុទ្ធសាស្ត្រភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជារបស់ADB ឆ្នាំ ២០២៤-២០២៨។
លោកស្រី Jyotsana Varma នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា មានប្រសាសន៍ថាកម្ពុជាត្រូវពន្លឿនការផ្លាស់ប្តូរទៅរកសកម្មភាពសេដ្ឋកិច្ចដែលបន្ថែមតម្លៃខ្ពស់ ជាពិសេសសកម្មភាពដែលជំរុញដោយបច្ចេកវិទ្យា ដើម្បីរក្សាសមត្ថភាពប្រកួតប្រជែងជាសកល និងពង្រឹងវឌ្ឍនភាពសេដ្ឋកិច្ចដ៏គួរឱ្យ កត់សម្គាល់របស់ខ្លួនកន្លងមកនេះ។
លោកស្រីថា៖«កម្លាំងពលកម្មប្រកបដោយជំនាញ និង ការអប់រំ គឺជាតម្រូវការ មូលដ្ឋានដើម្បីសម្រេចបានគោលដៅនេះ។ ឈរលើសមិទ្ធផលនៃការវិនិយោគជាបន្តបន្ទាប់របស់ ADB ក្នុង វិស័យអប់រំ និងអភិវឌ្ឍន៍ជំនាញ គម្រោងនេះមានគោលបំណងពង្រីកសក្តានុពលនៃចំនួនពលរដ្ឋវ័យក្មេងរបស់កម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនាពេលអនាគត»។
បើយោងតាម ADB ចំនួនចុះឈ្មោះពិតនៃការសិក្សាមធ្យមសិក្សាទុតិយភូមិ នៅមានអត្រាទាបត្រឹមតែ៣៥,៥% នៅក្នុងប្រទេសកម្ពុជា ដោយសារកត្តាដូចជាអគារសិក្សាមិនគ្រប់គ្រាន់ និងសេដ្ឋកិច្ចគ្រួសារ ជាពិសេសសម្រាប់ ក្មេងប្រុសដែលត្រូវរួមចំណែកប្រាក់រកចំណូលគ្រួសារ។ គ្រូបង្រៀនត្រូវការការបណ្តុះបណ្តាល និងការគាំទ្របន្ថែម ដើម្បីអភិវឌ្ឍជំនាញ និងសមត្ថភាពឱ្យឆ្លើយតបនឹងតម្រូវការដើម្បីបង្រៀនសិស្សបច្ចុប្បន្ន។ ជាងនេះទៅទៀត សិស្សដែលត្រូវការការអប់រំពិសេសត្រូវប្រឈមនឹងឧបសគ្គកាន់តែខ្លាំងដើម្បីទទួលបានការអប់រំមធ្យមសិក្សាប្រកបដោយគុណភាព៕
The post កម្ពុជាទទួលបានហិរញ្ញប្បទាន៨០ លានដុល្លារពីADB ដើម្បីលើកកម្ពស់គុណភាពក្នុងវិស័យអប់រំ appeared first on Kampuchea Thmey Daily.