កម្ពុជាកំពុងរៀបចំផែនការយុទ្ធសាស្រ្តស្តីពីការអភិវឌ្ឍអាហារហាឡាល
ស្របពេលដែលទាំងកំណើននៃការដោះដូរពាណិជ្ជកម្ម វិនិយោគ និងទេសចរពីបណ្តាប្រទេសមជ្ឈិមបូព៌ាកំពុងកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ The post កម្ពុជាកំពុងរៀបចំផែនការយុទ្ធសាស្រ្តស្តីពីការអភិវឌ្ឍអាហារហាឡាល appeared first on Kampuchea Thmey Daily.

ស្របពេលដែលទាំងកំណើននៃការដោះដូរពាណិជ្ជកម្ម វិនិយោគ និងទេសចរពីបណ្តាប្រទេសមជ្ឈិមបូព៌ាកំពុងកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលកម្ពុជាកំពុងប្រមូលធាតុចូលលើសេចក្តីព្រាងគ្រោងឆ្អឹងផែនការយុទ្ធសាស្រ្តស្តីពីការអភិវឌ្ឍកិច្ចការហាឡាល ឆ្នាំ២០២៥-២០២៩។

កាលពីព្រឹកថ្ងៃទី១៨ ខែមីនា លោកស្រីចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា «គ.ត.ផ.ហ.ក.» បានដឹកនាំកិច្ចប្រជុំវិសាមញ្ញនៃគ.ត.ផ.ហ.ក. ដោយមានការអញ្ជើញចូលរួមពី លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាសមាជិក សមាជិកា នៃ គ.ត.ផ.ហ.ក. មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាច្រើនរូប។
«កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យ ពិភាក្សា និងប្រមូលធាតុចូលលើសេចក្តីព្រាងគ្រោងឆ្អឹងផែនការយុទ្ធសាស្រ្តស្តីពីការអភិវឌ្ឍកិច្ចការហាឡាល ឆ្នាំ២០២៥-២០២៩ និងពិនិត្យលើដំណើរការកិច្ចការវិញ្ញាបនបត្រកម្ម (Process Mapping)»។ នេះបើយោងតាម MoC។

លោកស្រីរដ្ឋមន្ត្រី បានណែនាំឱ្យលេខាធិការដ្ឋាននៃ គ.ត.ផ.ហ.ក. រៀបចំសេចក្តីព្រាងបឋមផែនការយុទ្ធសាស្រ្តស្តីពីការអភិវឌ្ឍកិច្ចការហាឡាល ឆ្នាំ២០២៥-២០២៩ តាមស្មារតីនៃអង្គប្រជុំ ព្រមទាំងសហការជាមួយក្រុមការងារបច្ចេកទេសផលិតផលហាឡាលនៃ គ.ត.ផ.ហ.ក. រៀបចំសិក្សានិងកែសម្រួលប្រកាសស្តីការដាក់ពាក្យស្នើសុំវិញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដារផលិតផលហាឡាល និងសេចក្តីព្រាងនីតិវិធីប្រតិបត្តិស្តង់ដារការងារ (Standard Operating Procedure) សម្រាប់ដំណើរនៃការកិច្ចការវិញាបនបត្រកម្ម ស្របតាមឧត្តមានុវត្តន៍អន្តរជាតិ។
នាពេលបច្ចុប្បន្ន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (CAM-UAE CEPA) បានកំពុងពន្លឿនសំដៅធ្វើយ៉ាងណាលើកកម្ពស់ការដោះដូរទំនិញ លំហូរវិនិយោគ និងភ្ញៀវទេសចរពីប្លុកអារ៉ាប់មកកាន់កម្ពុជា។

ក្នុងជំនួបកាលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤រវាងអតីតរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក សុខ ចិន្តាសោភា និងឯកអគ្គរាជទូតអេមីរ៉ាតអារ៉ាប់រួមប្រចាំកម្ពុជា លោក Obaid Saeed Obaid Bintaresh Aldhaheri បានឯកភាពពីសារៈសំខាន់នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (CEPA) ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការទ្វេភាគី
ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាអំពីមធ្យោបាយនានា ដើម្បីពន្លឿនការអនុវត្តកិច្ចព្រមព្រៀង CEPA ដែលបានចុះហត្ថលេខាកាលពីខែមិថុនា ឆ្នាំ២០២៣ កន្លងមក និងបានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ នឹងបើកទូលាយទីផ្សារកាន់តែច្រើនសម្រាប់ទំនិញ និងសេវាកម្ម បង្កើនរំហូរវិនិយោគ បង្កើតការងារ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ និងបង្កើនផលប្រយោជន៍ទៅវិញទៅមក៕
The post កម្ពុជាកំពុងរៀបចំផែនការយុទ្ធសាស្រ្តស្តីពីការអភិវឌ្ឍអាហារហាឡាល appeared first on Kampuchea Thmey Daily.