UNICEF៖ មនុស្សជាង១២លាននាក់នៅស៊ូដង់ប្រឈម​ហានិភ័យ​ហិង្សាផ្លូវភេទ

យោងតាមមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) បានឲ្យដឹងថាសង្រ្គាមនៅក្នុងប្រទេសស៊ូដង់ធ្វើឲ្យមនុស្សជាង ១២ លាននាក់ប្រឈមនឹងអំពើហិង្សាផ្លូវ... The post UNICEF៖ មនុស្សជាង១២លាននាក់នៅស៊ូដង់ប្រឈម​ហានិភ័យ​ហិង្សាផ្លូវភេទ appeared first on Kampuchea Thmey Daily.

UNICEF៖ មនុស្សជាង១២លាននាក់នៅស៊ូដង់ប្រឈម​ហានិភ័យ​ហិង្សាផ្លូវភេទ

មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) បានឲ្យដឹងថា សង្រ្គាមនៅក្នុងប្រទេសស៊ូដង់ធ្វើឲ្យមនុស្សជាង ១២លាននាក់ប្រឈមនឹងអំពើហិង្សាផ្លូវភេទ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១៤ខែមីនានេះ។

(រូបភាព៖ Reuters)

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជួបប្រជុំកាលពីថ្ងៃព្រហស្បតិ៍ដើម្បីពិភាក្សាអំពីចំនួនអ្នកស្លាប់ដោយសារសង្គ្រាម ដោយផ្តោត​លើកុមារ ដែលនាយកប្រតិបត្តិអង្គការ UNICEF លោកស្រី Catherine Russell បានឲ្យដឹង​ថា នៅពេលដែលសង្រ្គាមខិតជិតដល់រយៈពេលពីរឆ្នាំ ចំនួនស្ត្រី កុមារី និងក្មេងប្រុស កាន់តែច្រើនឡើងប្រឈមនឹងការបៀតបៀន និងការរំលោភផ្លូវភេទដែលបានកើនឡើង​៨០ភាគរយកាល​ឆ្នាំមុន​​ធៀប​​​នឹ​ង​រយៈ​ពេលក្នុងឆ្នាំ​មុន​​​​​​​។

យោងទិន្នន័យដែលបានវិភាគដោយអង្គការ UNICIEF ករណីរំលោភសេពសន្ថវៈលើកុមារចំនួន២២១ករណីត្រូវបានរាយការណ៍នៅឆ្នាំ២០២៤ នៅក្នុងរដ្ឋចំនួន៩ ដោយ១៦ករណីពាក់ព័ន្ធនឹងកុមារអាយុក្រោម៥ឆ្នាំ និង៤ករណីពាក់ព័ន្ធនឹងទារកក្រោមអាយុមួយឆ្នាំ។

ចំនួននេះអាចនឹងច្រើនជាងនេះ ដោយសារេជនរងគ្រោះនិងក្រុមគ្រួសាររបស់ពួកគេ ជាធម្មតាមិនហ៊ានចេញមុខ ដោយសារបញ្ហាប្រឈមក្នុងការទទួលបានការការពារ ការភ័យខ្លាចការមាក់ងាយពីសង្គម ឬហានិ ភ័យពីការសងសឹកពីជនបង្ក។

(រូបភាព៖ UNHCR)

កិច្ចប្រជុំនេះភាគច្រើនបានផ្តោតលើការរងទុក្ខរបស់កុមារចំនួន១៦ លាននាក់ដែលត្រូវការជំនួយមនុស្សធម៌នៅឆ្នាំនេះ ដែលជាលទ្ធផលនៃសង្រ្គាមកំពុងបន្តរវាងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) និងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) ។ កិច្ចប្រជុំនេះក៏បានធ្វើឡើងដោយសារតែ SAF បានចោទប្រកាន់ RSF ថាបានកំណត់គោលដៅលើជនស៊ីវិលនៅក្នុងទីក្រុង el-Fasher ដោយបានសម្លាប់កុមារ ៥ នាក់ដែលមានអាយុក្រោម ៦ ឆ្នាំ និងស្ត្រី ៤ នាក់រងរបួសកាលពីថ្ងៃពុធផងដែរ។

គួរបញ្ជាក់ថាការប្រយុទ្ធគ្នានៅក្នុងទីក្រុង el-Fasher បានកើនឡើងកាន់តែខ្លាំងនៅក្នុងប៉ុន្មានខែថ្មីៗនេះ ខណៈដែល RSF ព្យាយាមពង្រឹងការកាន់កាប់របស់ខ្លួនលើតំបន់ Darfur។ ការប្រយុទ្ធគ្នាបានផ្ទុះឡើងតាំងពីខែមេសា ឆ្នាំ ២០២៣ ហើយចាប់តាំងពីពេលនោះមកបានសម្លាប់មនុស្សរាប់ម៉ឺននាក់ ជម្លៀសមនុស្សជាង ១២លាននាក់ និងបានបង្កើតវិបត្តិមនុស្សធម៌ដ៏ធំបំផុតរបស់ពិភពលោក៕

(រូបភាព៖ Reuters)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

The post UNICEF៖ មនុស្សជាង១២លាននាក់នៅស៊ូដង់ប្រឈម​ហានិភ័យ​ហិង្សាផ្លូវភេទ appeared first on Kampuchea Thmey Daily.