BYD គ្រោងបង្កើនការលក់រថយន្តទ្វេដងឆ្នាំនេះ ដល់ ៨ សែន គ្រឿង
BYD ដែលបានលក់រថយន្ត ៤១៧ ២០៤ គ្រឿងលើទីផ្សារអន្តរជាតិ ក្នុងឆ្នាំ ២០២៤ រំពឹងថានឹងឃើញកំណើនខ្ពស់ក្នុងចំណែកទីផ្សារនៅអង់គ្លេស The post BYD គ្រោងបង្កើនការលក់រថយន្តទ្វេដងឆ្នាំនេះ ដល់ ៨ សែន គ្រឿង appeared first on Kampuchea Thmey Daily.

ប្រធានក្រុមហ៊ុនរថយន្តអគ្គិសនីចិន BYD បានឱ្យដឹងថា ក្រុមហ៊ុនកំណត់គោលដៅបង្កើនការលក់រថយន្តរបស់ខ្លួនទ្វេដងនៅលើទីផ្សារអន្តរជាតិ ដល់ប្រមាណ ៨០០ ០០០ គ្រឿង នៅឆ្នាំ ២០២៥ ខណៈជម្នះលើចំណាត់ការពន្ធដោយផ្ដោតលើការដំឡើងរថយន្តក្នុងស្រុក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

លោក Wang Chuanfu ដែលថ្លែងទៅកាន់អ្នកវិភាគក្នុងអំឡុងការពិភាក្សាពីផែនការចំណូលរបស់ក្រុមហ៊ុន កាលពីថ្ងៃអង្គារ BYD ដែលបានលក់រថយន្ត ៤១៧ ២០៤ គ្រឿងលើទីផ្សារអន្តរជាតិ ក្នុងឆ្នាំ ២០២៤ រំពឹងថានឹងឃើញកំណើនខ្ពស់ក្នុងចំណែកទីផ្សារនៅអង់គ្លេស ដែលជាប្រទេសបើកចំហសម្រាប់ផលិតផលចិន។
លោកបាននិយាយថា ក្រុមហ៊ុនក៏មើលឃើញផងដែរនូវ «ឱកាសដ៏អស្ចារ្យ» ដើម្បីសម្រេចបានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងបណ្តាប្រទេសអាមេរិកឡាទីន និងអាស៊ីអាគ្នេយ៍ ដែលមានរដ្ឋាភិបាល និងប្រជាជន ស្វាគមចំពោះម៉ាកយីហោរបស់ចិន។
លោក Wang បានបន្ថែមថា ខណៈរដ្ឋាភិបាលនៅបរទេសដាក់បន្ទុក ឬដំឡើងពន្ធលើរថយន្តដែលផលិតនៅចិន BYD គ្រោងនឹងរក្សាអត្ថប្រយោជន៍នៃការចំណាយរបស់ខ្លួន ដោយការទិញគ្រឿងបន្លាស់សំខាន់ៗពីចិន និងដំឡើងរថយន្តសម្រាប់ទីផ្សារក្នុងតំបន់។

គួរគូសបញ្ជាក់ថា BYD កំពុងនាំមុខលើការពង្រីកខ្លួនលើទីផ្សារអន្តរជាតិសម្រាប់ក្រុមហ៊ុនផលិតរថយន្តចិន ដោយបើកបន្ទប់តាំងបង្ហាញរថយន្តជាច្រើនផ្សេងៗរាប់តាំងពីអូស្រ្តាលី រហូតដល់អាល្លឺម៉ង់។ កាលពីឆ្នាំមុន លោក Wang បាននិយាយថា BYD រំពឹងថាការនាំចេញនឹងជួយជំរុញប្រាក់ចំណេញរបស់ក្រុមហ៊ុន ហើយក្នុងអំឡុងកិច្ចប្រជុំកាលពីថ្ងៃអង្គារ លោកបានប្រាប់អ្នកវិភាគថា លោករំពឹងពីប្រាក់ចំណេញភាគច្រើនពីទីផ្សារក្រៅស្រុកចិនរបស់ BYD។
លោក Wang បានបន្ថែមថា ក្រុមហ៊ុននឹងបន្តសាងសង់រោងចក្រផ្ដាច់មុខនៅក្រៅប្រទេស។ បច្ចុប្បន្ន BYD កំពុងសាងសង់រោងចក្រមួយនៅប្រេស៊ីល ដែលជាទីផ្សារដ៏ធំបំផុតរបស់ខ្លួននៅខាងក្រៅប្រទេសចិន ក៏ដូចជានៅថៃ ហុងគ្រី និងតួកគី ផងដែរ។
លើសពីនេះ លោក Wang បាននិយាយថា BYD មិនមានគម្រោងលក់រថយន្តរបស់ខ្លួនទៅក្នុងប្រទេសកាណាដា និងសហរដ្ឋអាមេរិក ក្នុងរយៈពេលខ្លីនោះទេ ដោយសារបញ្ហាភូមិសាស្ត្រនយោបាយ។ កាណាដា និងសហរដ្ឋអាមេរិក ដាក់ពន្ធ ១០០ ភាគរយ លើរថយន្តអគ្គិសនីចិន៕
The post BYD គ្រោងបង្កើនការលក់រថយន្តទ្វេដងឆ្នាំនេះ ដល់ ៨ សែន គ្រឿង appeared first on Kampuchea Thmey Daily.