៤ប្រទេស មានប្រជាជនជិះយន្តហោះដែលធ្លាក់នៅឥណ្ឌាថ្ងៃនេះ
ប្រទេសទាំង៤នោះរួមមាន ឥណ្ឌាមានប្រជាជនច្រើនជាងគេ បន្ទាប់មកអង់គ្លេស ព័រទុយហ្កាល់ និងចុងក្រោយគឺកាណាដា... The post ៤ប្រទេស មានប្រជាជនជិះយន្តហោះដែលធ្លាក់នៅឥណ្ឌាថ្ងៃនេះ appeared first on Kampuchea Thmey Daily.

មកដល់ម៉ោងនេះផ្អែកតាមការផ្សាយផ្ទាល់ (Live) របស់បណ្តាព័ត៌មានអង់គ្លេស BBC អ្នកដំណើរ អាកាសយានិក និងអ្នកបម្រើនៅយន្តហោះរបស់ក្រុមហ៊ុន Air India ជាង២០០នាក់ ត្រូវបានបញ្ជាក់ថា «ស្លាប់» ក្នុងចំណោមអ្នកនៅលើយន្តហោះសរុប២៤២នាក់។

តាមសេចក្តីរាយការណ៍នានា បង្ហាញថា ប្រទេសចំនួន៤ ដែលមានប្រជាជនធ្វើដំណើរតាមជើងយន្តហោះដែលធ្លាក់ បង្កជាសោកនាដកម្មដ៏សោកសង្រេងនៅប្រទេសឥណ្ឌាក្នុងថ្ងៃព្រហស្បតិ៍ទី១២ខែមិថុនានេះ។ ប្រទេសទាំង៤នោះរួមមាន ឥណ្ឌាមានប្រជាជនច្រើនជាងគេ បន្ទាប់មកអង់គ្លេស ព័រទុយហ្កាល់ និងចុងក្រោយគឺកាណាដា។
យន្តហោះ Air India ជើងហោះហើរ 171 ដែលជាប្រភេទយន្តហោះ Boeing 787-8 Dreamliner ឆ្ពោះទៅអាកាសយានដ្ឋាន Gatwick របស់ទីក្រុងឡុងដ៍ បានធ្លាក់ប៉ុន្មាននាទី បន្ទាប់ពីការហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ Sardar Vallabhbhai Patel ក្នុងទីក្រុង Ahmedabad រដ្ឋ Gujarat ភាគខាងលិចប្រទេសឥណ្ឌា។
យោងតាមប្រភពព័ត៌មានរបស់សារព័ត៌មានឥណ្ឌា ក្រុមហ៊ុន Adani របស់ប្រទេសឥណ្ឌា ដែលប្រតិបត្តិការព្រលានយន្តហោះក្រោមការបណ្តាក់ទុនរួមគ្នាក្រោមគម្រោង សាធារណៈឯកជន បាននិយាយថា ខ្លួនកំពុងផ្តល់ជំនួយគ្រប់បែបយ៉ាងដល់ក្រុមគ្រួសារនៃអ្នកដែលរងផលប៉ះពាល់ដោយឧបទ្ទវហេតុនេះ។
យន្តហោះ Boeing 787-8 Dreamliner ជាប្រភេទយន្តហោះមានម៉ាស៊ីនភ្លោះដែលចុះឈ្មោះ VT‑ANB បានដឹកមនុស្ស ២៤២ នាក់ ក្នុងនោះមានមនុស្សពេញវ័យ ២១៧ នាក់ កុមារ ១១ នាក់ និងទារក ២នាក់។ យោងតាមក្រុមហ៊ុនអាកាសចរណ៍ Air India អ្នកដំណើរមានជនជាតិឥណ្ឌាមាន ១៦៩នាក់ អង់គ្លេសមាន ៥៣ នាក់ ព័រទុយហ្គាល់ មាន៧នាក់ និងកាណាដាមាន១នាក់។
យោងតាមការត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស និងទិន្នន័យអាកាសចរណ៍ពី Flightradar24 យន្តហោះបានឡើងដល់កម្ពស់ត្រឹមតែ ៦២៥ហ្វីត មុនពេលចេញការប្រកាសអាសន្ន Mayday និងបាត់ពីរ៉ាដា។ ក្នុងរយៈពេលប៉ុន្មានវិនាទី វាបានបុកដល់សាលបរិភោគអាហាររបស់ផ្ទះសំណាក់ បណ្តាលឱ្យមានការឆាបឆេះយ៉ាងសន្ធោសន្ធៅ និងការដួលរលំមួយផ្នែកនៃអគារ។
ក្រសួងអាកាសចរណ៍ស៊ីវិលឥណ្ឌា បានបញ្ជូនក្រុមស៊ើបអង្កេតពិសេសមួយចូលរួមដោយអ្នកជំនាញបច្ចេកទេសរបស់ក្រុមហ៊ុន Boeing និងការិយាល័យស៊ើបអង្កេតគ្រោះថ្នាក់យន្តហោះ (AAIB) ។ ជើងហោះហើរ VT‑ANB បានដំណើរការតាំងពីឆ្នាំ២០១៤ ហើយមុននេះ បានហោះហើរពីទីក្រុង Delhi ទៅកាន់ទីក្រុង Ahmedabad ដោយគ្មានឧបទ្ទវហេតុអ្វីសោះ៕
រ៉ាន់ រើយ

The post ៤ប្រទេស មានប្រជាជនជិះយន្តហោះដែលធ្លាក់នៅឥណ្ឌាថ្ងៃនេះ appeared first on Kampuchea Thmey Daily.