១៩ ថ្ងៃដើមខែមករា ថៃទទួលភ្ញៀវទេសចរបរទេស ២,១ លាន​នាក់

ថៃ​បាន​កំណត់​គោលដៅ​ទាក់ទាញភ្ញៀវទេសចរបរទេសចំនួន ៤០ លាននាក់ និង​ចំណូលពីទេសចរណ៍ចំនួន ៣ ​ទ្រី​លានបាតក្នុងឆ្នាំ ២០២៥​។ ក្នុងនោះផងដែរ ថៃកំណត់ទាក់ទាញ​ភ្ញៀវទេសចរចិន​ឱ្យបាន​ចន្លោះ​ពី​ ៨,៨-៩ លាននាក់។ The post ១៩ ថ្ងៃដើមខែមករា ថៃទទួលភ្ញៀវទេសចរបរទេស ២,១ លាន​នាក់ appeared first on Kampuchea Thmey Daily.

១៩ ថ្ងៃដើមខែមករា ថៃទទួលភ្ញៀវទេសចរបរទេស ២,១ លាន​នាក់

ក្រសួងទេសចរណ៍ និងកីឡាថៃ បាន​ឱ្យដឹង​កាលពីថ្ងៃអង្គារ​ថា​ ក្នុងរយៈពេល​ ១៩ ថ្ងៃ​ដើម​ខែ​មករា ប្រទេស​ថៃ​បាន​ទទួល​ភ្ញៀវទេសចរ​បរទេស​ប្រមាណជាង​ ២,១៣ លាន​នាក់ ដោយ​កើន​ឡើង​រហូតដល់ ១៨,៦៣ ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំ​មុន​។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​កាសែត The Nation នា​ថ្ងៃពុធ​នេះ​។

បើតាម​ក្រសួង ការមកដល់​របស់​ភ្ញៀវទេសចរទាំង​នេះ បាន​បង្កើតចំណូល​ប្រមាណ ១០៧,៣៧ ប៊ីលាន​បាត (៣,១៧ ប៊ីលាន​ដុល្លារ) សម្រាប់​អាជីវកម្មថៃ។

ចិន​នាំមុខ​គេ​លើ​ប្រភព​​លំហូរទេសចរបរទេស​សម្រាប់ថៃ ដោយ​មាន​ភ្ញៀវប្រមាណជាង​ ៣៥៤ ០០០ នាក់ ហើយ​បន្ទាប់មក​គឺម៉ាឡេស៊ី (ជាង​ ២១៦ ០០០ នាក់) រុស្ស៊ី (ជាង​ ១៦៥ ០០០នាក់) កូរ៉េខាងត្បូង (ជាង ១២៤ ០០០ នាក់)​ និងឥណ្ឌា (ជាង ១១៧ ០០០ នាក់)។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ លោក Sorawong Thienthong បានរាយការណ៍ថា សប្តាហ៍មុន (ថ្ងៃទី ១៣-១៩ ខែមករា) ​ការមកដល់​នៃភ្ញៀវបាន​កើនឡើង ២,២៧ ភាគរយ ធៀប​នឹង​សប្ដាហ៍មុនមួយ​ទៀត​។ ក្នុងនោះ​ ការមកដល់​របស់ភ្ញៀវទេសចរចិន​ មាន​រហូតដល់ ៩,២៦ ភាគរយ ដោយសារតែ​អំណោយផល​នៃ​​កិច្ចព្រមព្រៀង «​លើកលែង​ទិដ្ឋាការអចិន្ត្រៃយ៍» ​រវាងរដ្ឋាភិបាលថៃ និងចិន។

លោក Sorawong បាន​លើក​ឡើងផងដែរថា​ និន្នាការទេសចរណ៍កើនឡើងនៅឆ្នាំនេះ ត្រូវបានគាំទ្រដោយការបង្កើនសមត្ថភាពកៅអីរបស់ក្រុមហ៊ុនអាកាសចរណ៍ និង​គោលនយោបាយ​ធ្វើដំណើររបស់រដ្ឋាភិបាល រួមទាំងការលើកលែងទិដ្ឋាការសម្រាប់ប្រទេសមួយចំនួន​ជាដើម​។

​គួរគូស​បញ្ជាក់ថា​ ថៃ​បាន​កំណត់​គោលដៅ​ទាក់ទាញភ្ញៀវទេសចរបរទេសចំនួន ៤០ លាននាក់ និង​ចំណូលពីទេសចរណ៍ចំនួន ៣ ​ទ្រី​លានបាតក្នុងឆ្នាំ ២០២៥​។ ក្នុងនោះផងដែរ ថៃកំណត់ទាក់ទាញ​ភ្ញៀវទេសចរចិន​ឱ្យបាន​ចន្លោះ​ពី​ ៨,៨-៩ លាននាក់។

ខណៈ​អាជ្ញាធរ​ថៃ​នៅ​តែ​មាន​សុទិដ្ឋិនិយមលើ​កំណើន​ភ្ញៀវទេសចរ​បរទេស​ រួម​ទាំង​ភ្ញៀវទេសចរចិន គេ​ក៏​ឃើញ​មាន​ការ​ព្រួយបារម្ភ​ខ្លាំង​ក្លាផងដែរ​ ជុំវិញ​ករណី «ជួញដូរមនុស្ស​» ពាក់ព័ន្ធ​នឹង​តួសម្ដែងចិនដែល​​ធ្វើដំណើរមក​ថៃកាលពីដើមខែមករា ហើយ​បាត់ខ្លួន​នៅព្រំដែនជាប់មីយ៉ានម៉ា​ មុន​ពេល​រក​ឃើញ​វិញ​នៅ​កន្លែង​មជ្ឍមណ្ឌលប្រតិបត្តិការ​ឆបោកអនឡាញ នៅមីយ៉ាន់ម៉ា។

តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត The Nation កាល​ពី​ថ្ងៃ​អង្គារ​ ​ប្រធានអាជ្ញាធរទេសចរណ៍ថៃ (TAT) អ្នកស្រី Thapanee Kiatphaibool រាយការណ៍ថា ភ្ញៀវទេសចរចិនប្រហែល ១០ ០០០ នាក់បានលុបចោលការមកលេងថៃ​របស់​ខ្លួន​មក​ទល់ពេល​នេះ។ ស្ថានការណ៍នេះកាន់តែធ្ងន់ធ្ងរឡើងៗ​ដោយការផ្សព្វផ្សាយលើបណ្ដាញ​សង្គមជា​អវិជ្ជមាននៅក្នុងប្រទេសចិន ជាពិសេសទាក់ទងនឹង «ករណីជួញដូរមនុស្ស និងសកម្មភាព​ឆបោក» នៅ​ក្នុងប្រទេស​​ថៃ​។

ជុំវិញ​បញ្ហា​នេះ​ផងដែរ​ ​ប្រធានសមាគមសណ្ឋាគារថៃ (THA) លោក Thienprasit Chaiyapatranun បានឱ្យដឹង​ថា​ ភ្ញៀវទេសចរបរទេស​បាន​លុប​ចោល​ការកក់បន្ទប់ជាង​ ១២ ៤០០ នៅទូទាំងប្រទេស​ «មកត្រឹមពេល​នេះ​ក្នុងខែនេះ» ដោយ​ក្នុងនោះ​រួម​មាន​ពីភ្ញៀវចិន​ ៤ ៥៧២ បន្ទប់ និងភ្ញៀវ​អន្តរជាតិផ្សេង​ៗ​ទៀត ៧ ៨៥៦ បន្ទប់៕ ​

The post ១៩ ថ្ងៃដើមខែមករា ថៃទទួលភ្ញៀវទេសចរបរទេស ២,១ លាន​នាក់ appeared first on Kampuchea Thmey Daily.