ឥណ្ឌូណេស៊ីគ្រោង​ដាក់​ពន្ធ​លើ​ភេសជ្ជៈ​មាន​ជាតិ​ស្ករ ចំពេល​មាន​ការព្រួយបារម្ភពីបញ្ហា​សុខភាព​

​មិនបង្កើត​ឡើង​ដើម្បី​បង្កើន​ប្រាក់​ចំណូល​រដ្ឋ​ទេ ប៉ុន្តែ​ដើម្បី​គ្រប់គ្រង​ការ​ប្រើប្រាស់​ស្ករ​ក្នុង​ពេល​ដែល​អត្រា​ជំងឺ​ទឹក​នោម​ផ្អែម​កើនឡើង។ The post ឥណ្ឌូណេស៊ីគ្រោង​ដាក់​ពន្ធ​លើ​ភេសជ្ជៈ​មាន​ជាតិ​ស្ករ ចំពេល​មាន​ការព្រួយបារម្ភពីបញ្ហា​សុខភាព​ appeared first on Kampuchea Thmey Daily.

ឥណ្ឌូណេស៊ីគ្រោង​ដាក់​ពន្ធ​លើ​ភេសជ្ជៈ​មាន​ជាតិ​ស្ករ ចំពេល​មាន​ការព្រួយបារម្ភពីបញ្ហា​សុខភាព​

ក្រសួងហិរញ្ញវត្ថុ​ឥណ្ឌូណេស៊ីបានប្រកាសថា ប្រទេសឥណ្ឌូណេស៊ីគ្រោងនឹងដាក់ពន្ធគយលើ​ភេសជ្ជៈ​មានជាតិស្ករចាប់ពីខែកក្កដា ឆ្នាំ ២០២៥ តទៅ​ ដើម្បី​ទប់ស្កាត់ការប្រើប្រាស់ជាតិស្ករច្រើនហួសហេតុ និងដោះស្រាយ​កំណើន​នៃ​កង្វល់លើ​បញ្ហា​សុខភាព។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់កាសែត Jakarta Globe កាល​ពី​សប្ដាហ៍​មុន។

លោក Nirwala Dwi Heryanto អ្នកនាំពាក្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករឥណ្ឌូណេស៊ី​ បាននិយាយថា ​រដ្ឋាភិបាលមានគោលបំណងប្រមូលចំណូលពន្ធអាករចំនួន ១៩០,៣ លាន​ដុល្លារអាមេរិក ​ពីភេសជ្ជៈមានជាតិស្ករក្នុងឆ្នាំ ២០២៥។ លោកបន្តថា ​គោលនយោបាយ​​ពន្ធ​នេះ​ ​មិនបង្កើត​ឡើង​ដើម្បី​បង្កើន​ប្រាក់​ចំណូល​រដ្ឋ​ទេ ប៉ុន្តែ​ដើម្បី​គ្រប់គ្រង​ការ​ប្រើប្រាស់​ស្ករ​ក្នុង​ពេល​ដែល​អត្រា​ជំងឺ​ទឹក​នោម​ផ្អែម​កើនឡើង ហើយ​ «ការផ្តោតសំខាន់នៃពន្ធនេះ គឺដើម្បីគ្រប់គ្រងការប្រើប្រាស់ស្ករបន្ថែម»។

យោងតាមទិន្នន័យពីក្រសួងសុខាភិបាលឥណ្ឌូណេស៊ី ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ អត្រាប្រេវ៉ាឡង់នៃជំងឺទឹកនោមផ្អែមនៅក្នុងប្រទេសឥណ្ឌូណេស៊ី បានកើនឡើងទ្វេដងដល់ ១០ ភាគរយ ដែលប៉ះពាល់ដល់មនុស្ស ២៨ លាននាក់ក្នុង​ចំណោម​ប្រជាជនសរុប ២៨០ លាននាក់។

អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល Dante Saksono Harbuwono បានកត់សម្គាល់ថា ២៨,៧ ភាគរយ​ នៃប្រជាជនឥណ្ឌូណេស៊ី បរិភោគជាតិស្ករ ប្រៃ និងខ្លាញ់លើសកម្រិត ខណៈ​ ៩៥,៥ ភាគរយ ទទួលទានផ្លែឈើ និងបន្លែមិនបាន​គ្រប់គ្រាន់។ លើសពីនេះទៀត ជាង ៣៥ ភាគរយនៃប្រជាជនឥណ្ឌូណេស៊ី ​មិន​​​ធ្វើ​ចលនារាងកាយឱ្យសកម្មគ្រប់គ្រាន់នោះទេ។

លោក Dante ធ្លាប់បាន​និយាយក្នុងអំឡុង​វេទិកាគោលនយោបាយសុខភាពមួយ នៅក្នុងទីក្រុងហ្សាកាតាថា៖ «ភេសជ្ជៈផ្អែម គឺជាកត្តាហានិភ័យឈានមុខគេសម្រាប់ជំងឺមិនឆ្លង។ ពន្ធគយនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការកាត់បន្ថយហានិភ័យបែបនេះ»។

គួរគូស​បញ្ជាក់ថា ពន្ធ​លើភេសជ្ជៈមានជាតិស្ករ ​ត្រូវបានស្នើឡើងដំបូងក្នុងឆ្នាំ ២០០៩ ដោយក្រសួងហិរញ្ញវត្ថុ ប៉ុន្តែ​​រងការពន្យារពេលជាច្រើនសារ ដោយសារតែ​មាន​ការ​ជំទាស់​ពី​ក្រុមអាជីវកម្ម ​ជុំវិញ​បញ្ហាអតិផរណា និង​ផលប៉ះពាល់ ដែលអាចកើតមានចំពោះឧស្សាហកម្មនេះ។ យ៉ាងណាមិញ​ ក្រសួង​បាន​បញ្ជាក់​ជា​ថ្មី​ថា បរិបទ​សេដ្ឋកិច្ច​ នឹង​ត្រូវ​ពិចារណា​យ៉ាង​ហ្មត់ចត់​ពេល​អនុវត្ត​ពន្ធនៅឆ្នាំនេះ៕

The post ឥណ្ឌូណេស៊ីគ្រោង​ដាក់​ពន្ធ​លើ​ភេសជ្ជៈ​មាន​ជាតិ​ស្ករ ចំពេល​មាន​ការព្រួយបារម្ភពីបញ្ហា​សុខភាព​ appeared first on Kampuchea Thmey Daily.