អ្នករករ៉ែ១០០នាក់ជាប់គាំងក្នុងអណ្តូងរ៉ែស្លាប់ដោយសារការអត់អាហារជាច្រើនខែ
យ៉ាងហោចណាស់បុរស ១០០ នាក់ដែលកំពុងជីករ៉ែដោយខុសច្បាប់នៅក្នុងអណ្តូងរ៉ែមាសដែលគេបោះបង់ចោលមួយក្នុងប្រទេសអាហ្រ្វិកខាងត្បូង បានស្លាប់ដោយការស្រេក... The post អ្នករករ៉ែ១០០នាក់ជាប់គាំងក្នុងអណ្តូងរ៉ែស្លាប់ដោយសារការអត់អាហារជាច្រើនខែ appeared first on Kampuchea Thmey Daily.
យ៉ាងហោចណាស់ បុរស១០០នាក់ដែលកំពុងជីករ៉ែដោយខុសច្បាប់នៅក្នុងអណ្តូងរ៉ែមាសដែលគេបោះបង់ចោលមួយក្នុងប្រទេសអាហ្រ្វិកខាងត្បូង បានស្លាប់ដោយការស្រេកឃ្លាន និងការខ្សោះជាតិទឹក បន្ទាប់ពីបានជាប់នៅក្រោមដីយ៉ាងជ្រៅអស់រយៈពេលជាច្រើនខែ ស្របពេលដែលប៉ូលិសព្យាយាមបង្ខំពួកគេឲ្យចាកចេញ។ យោងការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។
លោក Sabelo Mnguni អ្នកនាំពាក្យសម្រាប់សហគមន៍ដែលរងផលប៉ះពាល់ការជីកយករ៉ែ United in Action Group បានប្រាប់សារព័ត៌មាន The Associated Press ថា ទូរស័ព្ទដៃដែលបានបញ្ជូនទៅកាន់ផ្ទៃខាងក្រោមជាមួយអ្នករុករករ៉ែដែលត្រូវបានជួយសង្គ្រោះមួយចំនួនកាលពីថ្ងៃសុក្រ ឃើញមានវីដេអូចំនួនពីរដែលបង្ហាញពីសាកសពជាច្រើននៅក្រោមដីរុំដោយប្លាស្ទិក។
លោក Mnguni បាននិយាយថា៖«យ៉ាងហោចណាស បុរស១០០នាក់បានស្លាប់នៅក្នុងអណ្តូងរ៉ែក្នុងខេត្ត North West ខណៈដែលប៉ូលិសបានចាប់ផ្តើមប្រតិបត្តិការលើកដំបូងនៅក្នុងខែវិច្ឆិកាដើម្បីបង្ខំអ្នករុករករ៉ែចេញ។ ពួកគេត្រូវបានគេសង្ស័យថាបានអត់ឃ្លានរហូតដល់ស្លាប់ ឬស្លាប់ដោយសារខ្វះជាតិទឹក។
អ្នករុករករ៉ែជាង៥០០នាក់ដែលនៅក្រោមដីនៅតែស្ថិតនៅកន្លែងផ្សេងៗគ្នានៅក្នុងអណ្តូងរ៉ែ ដែលជាកន្លែងជ្រៅបំផុតមួយនៅអាហ្វ្រិកខាងត្បូង ដែលមានជម្រៅ ២.៥ គីឡូម៉ែត្រ និងជាផ្លូវរូងក្រោមដី។ បើតាមរបាយការណ៍ធ្វើកោសល្យវិច័យបឋមលើសាកសពដែលត្រូវបានយកចេញពីអណ្តូងរ៉ែកន្លងមកបង្ហាញថា ការស្លាប់បណ្តាលមកពីការអត់អាហារ។
អ្នកនាំពាក្យប៉ូលិសលោក Brig. Sebata Mokgwabone បាននិយាយថា ពួកគេនៅតែកំពុងផ្ទៀងផ្ទាត់ព័ត៌មានអំពីចំនួនសាកសពដែលត្រូវបានរកឃើញ និងចំនួនអ្នកនៅរស់រានមានជីវិតត្រូវបាននាំយកចេញ បន្ទាប់ពីបានចាប់ផ្តើមប្រតិបត្តិការជួយសង្គ្រោះថ្មីមួយកាលពីថ្ងៃចន្ទ។ អាជ្ញាធរសង្ឃឹមថានឹងនាំអ្នកជីករ៉ែទាំងអស់ចេញ ខណៈមិនច្បាស់ថាតើមានអ្នកជីករ៉ែខុសច្បាប់ប៉ុន្មាននាក់នៅក្រោមដី តែវាទំនងជារាប់រយនាក់។
ការជីកយករ៉ែខុសច្បាប់គឺជារឿងធម្មតានៅក្នុងផ្នែកខ្លះនៃអាហ្រ្វិកខាងត្បូងដែលសម្បូរមាស ជាកន្លែងដែលក្រុមហ៊ុនបិទអណ្តូងរ៉ែពេលដែលលែងទទួលបានផលចំណេញ ដែលជាឳកាសទុកឱ្យក្រុមអ្នករុករករ៉ែខុសច្បាប់ចូលទៅដើម្បីព្យាយាមស្វែងរករ៉ែដែលនៅសល់។
អណ្តូងរ៉ែដែខុសច្បាប់នៅជិតទីប្រជុំជន Stilfontein ភាគនិរតីនៃទីក្រុង Johannesburg គឺជាកន្លែងដែលមានការប្រឈមមុខដាក់គ្នារវាងប៉ូលិសនិងអ្នករុករករ៉ែចាប់តាំងពីអាជ្ញាធរបានព្យាយាមយកអ្នករុករករ៉ែចេញ និងបិទអណ្តូងរ៉ែកាលពីពីរខែមុន។ ប៉ូលិសថាអ្នករុករករ៉ែបានបដិសេធមិនចេញពីអណ្តូងរ៉ែមាស Buffelsfontein ទេដោយសារខ្លាចការចាប់ខ្លួន ប៉ុន្តែលោក Mnguni បានឲ្យដឹងថាពួកគេត្រូវបានគេទុកចោលនៅក្រោមដី បន្ទាប់ពីប៉ូលិសបានដកខ្សែពួរដែលពួកគេធ្លាប់ឡើងចូល និងចេញពីអណ្តូងរ៉ែចេញ។
ប៉ូលិសក៏បានកាត់ផ្តាច់ការផ្គត់ផ្គង់អាហាររបស់អ្នករុករករ៉ែក្នុងការប៉ុនប៉ងបង្ខំពួកគេចេញ ដែលជាសកម្មភាពមួយត្រូវបានរិះគន់យ៉ាងខ្លាំងក្លាផងដែរ។ ជាមួយគ្នានេះរដ្ឋាភិបាលអាហ្រ្វិកខាងត្បូងក៏បានស្ថិតក្រោមការស៉ើបអង្គេតកាលពីឆ្នាំមុនដែរលើការបដិសេធមិនជួយកម្មកររ៉ែ។
ក្រុមអ្នករុករករ៉ែខុសច្បាប់ច្រើនក្រុមច្រើនតែទៅក្រោមដីអស់រយៈពេលជាច្រើនខែ ដើម្បីទទួលបានប្រាក់ចំណេញឲ្យបានច្រើនពីការជីករ៉ែ ដោយយកអាហារ ទឹក ម៉ាស៊ីនភ្លើង និងឧបករណ៍ផ្សេងទៀតជាមួយពួកគេ ប៉ុន្តែក៏ពឹងផ្អែកលើអ្នកផ្សេងទៀតនៅក្នុងក្រុមរបស់ពួកគេនៅលើផ្ទៃដីដើម្បីបន្ថែមការផ្គត់ផ្គង់បន្ថែមទៀត៕
អត្ថបទ៖ ប៊ុន សុភាព
The post អ្នករករ៉ែ១០០នាក់ជាប់គាំងក្នុងអណ្តូងរ៉ែស្លាប់ដោយសារការអត់អាហារជាច្រើនខែ appeared first on Kampuchea Thmey Daily.