រដ្ឋមន្ត្រីការបរទេសអាមេរិកធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូង ចំពេលវិបត្តិនយោបាយ
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinkenនឹងធ្វើទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូងសម្រាប់កិច្ចពិភាក្សានៅសប្តាហ៍ក្រោយ ចំពេលប្រទេសកូរ៉េ... The post រដ្ឋមន្ត្រីការបរទេសអាមេរិកធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូង ចំពេលវិបត្តិនយោបាយ appeared first on Kampuchea Thmey Daily.
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken នឹងធ្វើទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូងសម្រាប់កិច្ចពិភាក្សាជាមួយសម្ព័ន្ធមិត្តនៅអាស៊ីបូព៌ានៅសប្តាហ៍ក្រោយ ចំពេលទីក្រុងសេអ៊ូលបានជាប់គាំងនៅក្នុងភាពចលាចលនយោបាយ ខណៈដែលប្រធានាធិបតីកំពុងប្រឈមមុខនឹងការចាប់ខ្លួន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA។
ក្រសួងការបរទេសអាមេរិក បានឲ្យដឹងថា ការធ្វើដំណើរទៅបរទេសរបស់លោក Blinken លើកនេះទំនងជាដំណើរទស្សនកិច្ចអន្តរជាតិចុងក្រោយ មុនពេលការវិលត្រលប់របស់ប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ ហើយលោកក៏នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន និងប្រទេសបារាំងផងដែរ។
កូរ៉េខាងត្បូងគឺជាសម្ព័ន្ធមិត្តសន្តិសុខដ៏សំខាន់សម្រាប់ទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែប្រទេសនេះត្រូវបានបំផ្លាញដោយវិបត្តិដែលបង្កឡើងដោយច្បាប់អាជ្ញាសឹកដែលបរាជ័យរបស់លោកប្រធានាធិបតី Yoon Suk Yeol កាលពីថ្ងៃទី៣ខែធ្នូ។
ក្រសួងការបរទេសរបស់ទីក្រុងសេអ៊ូល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Blinken នឹងជួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូងលោក Cho Tae-yul នៅថ្ងៃចន្ទ។
កូរ៉េខាងត្បូងបាននិយាយថា៖«ពួកគេត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីសម្ព័ន្ធភាពកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក កិច្ចសហប្រតិបត្តិការកូរ៉េខាងត្បូង-អាមេរិក-ជប៉ុន បញ្ហាកូរ៉េខាងជើង និងបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោក ហើយលោក Blinken នឹងនិយាយអំពីវិធីដែលប្រទេសទាំងពីរអាចកសាងលើកិច្ចសហប្រតិបត្តិការដ៏សំខាន់របស់យើងលើបញ្ហាប្រឈមជុំវិញពិភពលោកដោយផ្អែកលើតម្លៃរួមរបស់យើង»។
ក្រុមអ្នកស៊ើបអង្កេតដែលស៊ើបអង្កេតការប្រកាសច្បាប់អាជ្ញាសឹករបស់លោក Yoon បានព្យាយាមចាប់ខ្លួនគាត់កាលពីថ្ងៃសុក្រ ប៉ុន្តែត្រូវបានរារាំងដោយសន្តិសុខរបស់ប្រធានាធិបតី។ ដីកានោះនឹងផុតកំណត់នៅថ្ងៃចន្ទ នៅថ្ងៃដដែល លោក Blinken គ្រោងជួបលោក Cho។
នៅថ្ងៃពុធលោក Blinken នឹងធ្វើដំណើរទៅកាន់ប្រទេសបារាំង ដោយលោកត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីសង្រ្គាមនៅអ៊ុយក្រែន និងវិបត្តិនៅមជ្ឈិមបូព៌ា ខណៈក្នុងរយៈពេល៤ឆ្នាំរបស់លោកក្រោមការដឹកនាំរបស់ លោក Biden បានព្យាយាមសង្កត់ធ្ងន់លើសារៈសំខាន់នៃសម្ព័ន្ធភាពរបស់សហរដ្ឋអាមេរិក ផ្ទុយទៅនឹងការរិះគន់ជាញឹកញាប់របស់លោក ត្រាំទៅលើដៃគូសហរដ្ឋអាមេរិក ដែលថាមិនមានភាពយុត្តិធម៌ជាមួយទីក្រុងវ៉ាស៊ីនតោន។
គួរបញ្ជាក់ថា លោក Yoon នៅតែជាប្រធានាធិបតីរបស់កូរ៉េខាងត្បូង ប៉ុន្តែត្រូវបានព្យួរអំណាចដោយរង់ចាំការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញជុំវិញការចោទប្រកាន់ដែលធ្វើឡើងដោយរដ្ឋសភា។
ពេលនេះរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Choi Sang-mok ត្រូវបានតែងតាំងជាប្រធានាធិបតីស្តីទីរបស់ប្រទេនេះ ហើយបានកាន់តំណែងត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ៕
អត្ថបទ៖ ប៊ុន សុភាព
The post រដ្ឋមន្ត្រីការបរទេសអាមេរិកធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូង ចំពេលវិបត្តិនយោបាយ appeared first on Kampuchea Thmey Daily.