រដ្ឋបាលលោក បៃដិន ផ្ដល់ជំនួយយោធា ៥៧១លានដុល្លារដល់តៃវ៉ាន់
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃសុក្រទី២០ខែធ្នូឆ្នាំ២០២៤ បានអនុម័តប្រាក់ចំនួន ៥៧១,៣លានដុល្លារ សម្រាប់... The post រដ្ឋបាលលោក បៃដិន ផ្ដល់ជំនួយយោធា ៥៧១លានដុល្លារដល់តៃវ៉ាន់ appeared first on Kampuchea Thmey Daily.
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃសុក្រទី២០ខែធ្នូឆ្នាំ២០២៤ បានអនុម័តប្រាក់ចំនួន ៥៧១,៣លានដុល្លារ សម្រាប់ជំនួយផ្នែកការពារជាតិឲ្យកោះតៃវ៉ាន់ ខណៈដែលគណបក្សប្រជាធិបតេយ្យរបស់លោក រៀបចំខ្លួនចាកចេញពីតំណែង នាខែមករាខាងមុខ។
នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ សេតវិមាន បាននិយាយថា លោក បៃដិន បានអនុញ្ញាតឲ្យរដ្ឋមន្ត្រីការបរទេស ដកប្រាក់រហូតដល់ ៥៧១,៣លានដុល្លារ នៅក្នុងមាត្រា និងសេវាការពារជាតិនៃក្រសួងការពារជាតិ និងការអប់រំ និងការបណ្តុះបណ្តាលយោធា ដើម្បីផ្តល់ជំនួយដល់តៃវ៉ាន់»។
សេចក្តីថ្លែងការណ៍មិនបានផ្តល់ព័ត៌មានលម្អិតនៃកញ្ចប់ជំនួយយោធានោះទេ។
កាលពីជាង២ខែមុន អាមេរិកធ្លាប់បានអនុម័តកញ្ចប់ជំនួយយោធាម្ដងរួចមកហើយ ដើម្បីជួយដល់តៃវ៉ាន់ ដែលកាលណោះមានចំនួន ៥៦៧លានដុល្លារ។
សហរដ្ឋអាមេរិក មិនទទួលស្គាល់តៃវ៉ាន់ជាផ្លូវការតាមរយៈការទូតឡើយ ប៉ុន្តែអាមេរិកជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្រ និងជាអ្នកផ្គត់ផ្គង់អាវុធធំបំផុតរបស់តៃវ៉ាន់។ ចិន ដែលបានបង្កើនសម្ពាធនយោបាយ និងយោធាលើកោះតៃវ៉ាន់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានអំពាវនាវម្តងហើយម្តងទៀត ឲ្យក្រុងវ៉ាស៊ីនតោនបញ្ឈប់ការបញ្ជូនអាវុធ និងជំនួយទៅកាន់កោះតៃវ៉ាន់ ដែលខ្លួនអះអាងថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។
មន្ត្រីតៃវ៉ាន់ បាននិយាយថា កាលពីសប្តាហ៍មុន ចិនបានធ្វើសមយុទ្ធដែនសមុទ្រដ៏ធំបំផុតរបស់ខ្លួន ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយមានវត្តមាននាវាប្រហែល ៩០គ្រឿងត្រូវបានដាក់ពង្រាយពីក្បែរប្រជុំកោះភាគខាងត្បូងនៃប្រទេសជប៉ុន ទៅកាន់សមុទ្រចិនខាងត្បូង។
យ៉ាងណា ទីក្រុងប៉េកាំង មិនបានបញ្ជាក់ពីសមយុទ្ធនេះទេ។
ចិន បានសម្តែងការខឹងសម្បារជារឿយៗចំពោះការគាំទ្រអន្តរជាតិលើតៃវ៉ាន់ ហើយបានចោទប្រកាន់អាមេរិកថាបានជ្រៀតជ្រែកក្នុងកិច្ចការរបស់ខ្លួន។ ចិន រក្សាវត្តមានរបស់ខ្លួនស្ទើរតែរាល់ថ្ងៃ តាមរយៈយន្តហោះចម្បាំង យន្តហោះគ្មានមនុស្សបើក និងនាវាចម្បាំងនៅជុំវិញកោះតៃវ៉ាន់៕
ដោយ៖ ឈាង
The post រដ្ឋបាលលោក បៃដិន ផ្ដល់ជំនួយយោធា ៥៧១លានដុល្លារដល់តៃវ៉ាន់ appeared first on Kampuchea Thmey Daily.