ព្រះខ័នរាជស្វាយរៀង ជួយក្លិបកម្ពុជា ទទួលបានកៅអីពានអាស៊ីទី២ រដូវកាលក្រោយមួយទៀត
កំណត់ត្រាជាប្រវត្តិសាស្ត្រលើកដំបូងសម្រាប់ក្លិបបាល់ទាត់កម្ពុជាទទួលបានកៅអីប្រកួតក្នុងពានរង្វាន់ក្លិបអាស៊ីកម្រិតទី២ AFC Champions League Two The post ព្រះខ័នរាជស្វាយរៀង ជួយក្លិបកម្ពុជា ទទួលបានកៅអីពានអាស៊ីទី២ រដូវកាលក្រោយមួយទៀត appeared first on Kampuchea Thmey Daily.

កំណត់ត្រាជាប្រវត្តិសាស្ត្រលើកដំបូងសម្រាប់ក្លិបបាល់ទាត់កម្ពុជាទទួលបានកៅអីប្រកួតក្នុងពានរង្វាន់ក្លិបអាស៊ីកម្រិតទី២ AFC Champions League Two បន្ទាប់ពី ក្លិបព្រះខ័នរាជស្វាយរៀង ធ្វើបានល្អក្នុងពានរង្វាន់លំដាប់ទី៣ AFC Challenge League រដូវកាល២០២៤-២៥។

ការឈានដល់វគ្គផ្តាច់ព្រ័ត្រ AFC Challenge League របស់ព្រះខ័នរាជស្វាយរៀង បានផ្តល់ឲ្យ ក្លិបកម្ពុជាទទួលបាន១កៅអីកន្លះក្នុងពានរង្វាន់ AFC Champions League Two នៅរដូវកាល ២០២៦-២០២៧ ដោយស្វ័យប្រវត្តិ បើទោះជាចាញ់ក្រុម FK Arkadag នៅវគ្គផ្តាច់ព្រ័ត្រ ដោយទទួលបានចំណាត់ថ្នាក់លេខ២ក៏ដោយ។ ១កៅអីប្រកួតនៅវគ្គសន្សំពិន្ទុក្នុងពូល និងកន្លះកៅអីទៀតប្រកួតជម្រុះវគ្គខ្វែង (Playoff)។
មុនពេលឈានដល់រដូវកាលប្រកួតក្នុងពានរង្វាន់ AFC Champions League Two ក្លិបកម្ពុជាបាន១កៅអីកន្លះក្នុងពានរង្វាន់ក្លិបអាស៊ីលំដាប់ទី៣ AFC Challenge League នៅរដូវកាលក្រោយនេះគឺ ២០២៥-២០២៦។ ក្លិបព្រះខ័នរាជស្វាយរៀង ប្រកួតក្នុងវគ្គសន្សំពិន្ទុក្នុងពូល និងក្លិបភ្នំពេញក្រោន ប្រកួតក្នុងវគ្គជម្រុះខ្វែង ដូច្នេះមានន័យថា រដូវកាលក្រោយនេះ មាន២ក្រុមប្រកួតក្នុងពានរង្វាន់អាស៊ី ដែលច្រើនជាងរដូវកាល ២០២៤-២៥។

ការទទួលបានកៅអីនៅពានកម្រិតទី២ និងពានកម្រិតទី៣ ត្រូវបានប្រកាសជាផ្លូវការដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ដែលបានចេញតារាងចំណាត់ថ្នាក់ក្លិបបាល់ទាត់ប្រចាំតំបន់អាស៊ីជាផ្លូវការហើយ បន្ទាប់ពីបញ្ចប់រដូវកាល ២០២៤-២៥។
ក្លិបបាល់ទាត់កម្ពុជាបានបញ្ចប់ចំណាត់ថ្នាក់លេខ២៣ ក្នុងចំណោមក្លិបប្រទេសអាស៊ីទាំង៤៧។ ក្លិបព្រះខ័នរាជស្វាយរៀង ធ្វើបានយ៉ាងល្អ ក្នុងពានរង្វាន់ AFC Challenge League រដូវកាល២០២៤-២៥ ដោយទទួលបានឈ្នះ១ប្រកួត ស្មើ១ប្រកួត និងចាញ់១ប្រកួតនៅវគ្គសន្សំពិន្ទុក្នុងពូល។ នៅវគ្គ៨ក្រុមចុងក្រោយ ក្លិបតំណាងកម្ពុជាបានយកឈ្នះក្លិបរបស់មីយ៉ាន់ម៉ា និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បានយកឈ្នះក្រុមឥណ្ឌូណេស៊ី បានឡើងដល់វគ្គផ្តាច់ព្រ័ត្រ ជួបក្រុមមកពីប្រទេសតួកមេនីស្ថាន ហើយទទួលបានចំណាត់ថ្នាក់លេខ២។

បើគិតតែនៅក្នុងតំបន់អាស៊ីខាងកើត កម្ពុជាស្ថិតនៅចំណាត់ថ្នាក់កំពូលទាំង១០ ដែលមានជប៉ុនលេខ១ កូរ៉េខាងត្បូងលេខ២ ថៃលេខ៣ ចិនលេខ៤ អូស្ត្រាលីលេខ៥ ម៉ាឡេស៊ីលេខ៦ វៀតណាមលេខ៧ សិង្ហបុរីលេខ៨ ហុងកុងលេខ៩ និងកម្ពុជាលេខ១០។ កម្ពុជាស្ថិតនៅលើ១២ប្រទេសផ្សេងទៀតនៅក្នុងតំបន់អាស៊ីខាងកើត។
នៅក្នុងតំបន់អាស៊ានវិញ កម្ពុជាស្ថិតនៅពីលើក្លិបរបស់ប្រទេស ឥណ្ឌូណេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា ឡាវ ទីម័រខាងកើត និង ព្រុយណេ ព្រមទាំងនៅលើប្រទេសជាច្រើនទៀតនៅតំបន់អាស៊ីទាំងមូល។ ទាំងនេះសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ពីការរីកចម្រើនរបស់ក្លិបបាល់ទាត់នៃលីគកំពូលកម្ពុជា៕





អត្ថបទ៖ វីរបុត្រ
The post ព្រះខ័នរាជស្វាយរៀង ជួយក្លិបកម្ពុជា ទទួលបានកៅអីពានអាស៊ីទី២ រដូវកាលក្រោយមួយទៀត appeared first on Kampuchea Thmey Daily.