ពូទីនឯកភាពជាគោលការណ៍លើបទឈប់បាញ់៣០ថ្ងៃដែលស្នើដោយអាមេរិក
ពូទីន បានទទួលយកសំណើរបស់សហរដ្ឋអាមេរិកសម្រាប់បទឈប់បាញ់នៅអ៊ុយក្រែន ស្របពេលដែលមានព័ត៌មានដែលថាយោធារុស្ស៊ីកំពុងតែមានប្រៀបយ៉ាងខ្លាំង... The post ពូទីនឯកភាពជាគោលការណ៍លើបទឈប់បាញ់៣០ថ្ងៃដែលស្នើដោយអាមេរិក appeared first on Kampuchea Thmey Daily.

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានទទួលយកសំណើរបស់សហរដ្ឋអាមេរិកសម្រាប់បទឈប់បាញ់នៅអ៊ុយក្រែន ស្របពេលដែលមានព័ត៌មានដែលថាយោធារុស្ស៊ីកំពុងតែមានប្រៀបយ៉ាងខ្លាំងក្នុងការរំដោះទឹកដីនៅសមរភូមិក្នុងតំបន់ Kursk ក្នុងទឹកដីរុស្ស៊ី និងនៅ១ថ្ងៃដែលប្រធានាធិបតីរុស្ស៊ី ប្រាប់កងទ័ពរុស្ស៊ីថា ត្រូវធ្វើដាក់កងទ័ពអ៊ុយក្រែន ដូចជា ភេរវករ។

ការទទួលយកសំណើបទឈប់បាញ់របស់រុស្ស៊ី ក៏ស្របពេលដែលបេសកជនពិសេសរបស់ប្រធាធិបតីសហរដ្ឋអាមេរិក លោក Steve Witkoff កំពុងតែមានវត្តមាននៅក្នុងទីក្រុងមូស្គូដើម្បីពិភាក្សាជាមួយភាគីរុស្ស៊ី បន្ទាប់ពីភាគីអ៊ុយក្រែនបានទទួលយកសំណើបទឈប់បាញ់៣០ថ្ងៃដែលដាក់ចេញដោយសហរដ្ឋអាមេរិកក្នុងកិច្ចប្រជុំចរចាទ្វេភាគីនៅអារ៉ាប៊ីសាអូឌីត។
ក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចពិភាក្សាជាមួយសមភាគីបេឡារុស្ស លោក Alexander Lukashenko នៅទីក្រុងមូស្គូ លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បាននិយាយ៖«សញ្ញាណនៃបទឈប់បាញ់មានសុពលភាព ហើយរុស្ស៊ីសូមគាំទ្រ។ ទោះយ៉ាងណាក៏ដោយ មានបញ្ហាជាច្រើនដែលទាមទារឱ្យមានការពិភាក្សាបន្ថែម»។
ទោះបីជាមានការឯកភាពជាគោលការណ៍លើបទឈប់បាញ់ លោក ពូទីនក៏នៅ មិនភ្លេចរំឭកឡើងវិញថា បទឈប់បាញ់ណាមួយនឹងត្រូវដោះស្រាយមូលហេតុដើមនៃជម្លោះ ហើយព័ត៌មានលម្អិតសំខាន់ៗជាច្រើនចាំបាច់ត្រូវដោះស្រាយ។
លោក ពូទីន បានអះអាងថា លោកនឹងត្រូវជួបចរចាបន្ថែមទៀតជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក្នុងពេលខាងមុខ។
លោក ពូទីន បានបន្ថែមថា ទីក្រុងមូស្គូបានត្រៀមខ្លួនដើម្បីចរចាជំហានបន្ទាប់ឆ្ពោះទៅរកការបញ្ចប់ជម្លោះនៅអ៊ុយក្រែន និងឈានដល់កិច្ចព្រមព្រៀងដែលអាចទទួលយកបានដោយផ្អែកលើស្ថានភាពវិវត្តន៍យ៉ាងឆាប់រហ័សនៅលើសមរភូមិដែលកំពុងផ្លាស់ប្តូរដែលរុស្ស៊ីមានការពេញយ៉ាងខ្លាំង។
ការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ២០២២ បានធ្វើឱ្យមនុស្សរាប់សែននាក់ស្លាប់ និងរបួស ធ្វើឱ្យមនុស្សរាប់លាននាក់ផ្លាស់ទីលំនៅ ដោយប្រែក្លាយទីក្រុងឱ្យទៅជាគំនរអគារបាក់បែក និងបង្កឱ្យមានការប្រឈមមុខដាក់គ្នាខ្លាំងបំផុតរវាងទីក្រុងមូស្គូ និងលោកខាងលិចក្នុងរយៈពេលជាច្រើនទសវត្សរ៍។
ទោះបីយ៉ាងណាក៏ដោយ មហាអំណាចសហភាពអឺរ៉ុបដែលក្លាយជាខ្នងបង្អែកយ៉ាងរឹងមាំរបស់អ៊ុយក្រែននាពេលនេះ ក៏កំពុងបង្ហាញពីការពង្រឹងអ៊ិយក្រែនទាំងមធ្យោបាយយោធា និងហិរញ្ញវត្ថុ ដោយមិនឲ្យអ៊ុយក្រែនចាញ់ប្រៀបរុស្ស៊ីខ្លាំងពេកក្នុងជំហរចរចាសន្តិភាពដែលអ៊ុយក្រែនត្រូវការនោះ៕
ដោយ រ៉ាន់ រើយ
The post ពូទីនឯកភាពជាគោលការណ៍លើបទឈប់បាញ់៣០ថ្ងៃដែលស្នើដោយអាមេរិក appeared first on Kampuchea Thmey Daily.