ប្រធានាធិបតី​ស៊ែប៊ី Vucic ចោទ​បស្ចឹមប្រទេស​​នៅ​ពីក្រោយ​បាតុកម្ម​និស្សិត​ទម្លាក់​លោក​

លោក Aleksandar Vucic ដែលស្និទ្ធ​​នឹង​ប្រធានាធិបតី​រុស្ស៊ី​លោក វ៉្លាឌីមៀរ ពូទីន ​បានចោទ​លោក​ខាងលិច​​​នៅ​ពី​ក្រោយ​​​បាតុករ​ដែលដឹកនាំ​ដោយក្រុមនិស្សិត​​​ក្នុង​ការ​ប៉ុនប៉ង​ទម្លាក់​រូប​លោក... The post ប្រធានាធិបតី​ស៊ែប៊ី Vucic ចោទ​បស្ចឹមប្រទេស​​នៅ​ពីក្រោយ​បាតុកម្ម​និស្សិត​ទម្លាក់​លោក​ appeared first on Kampuchea Thmey Daily.

ប្រធានាធិបតី​ស៊ែប៊ី Vucic ចោទ​បស្ចឹមប្រទេស​​នៅ​ពីក្រោយ​បាតុកម្ម​និស្សិត​ទម្លាក់​លោក​

លោកប្រធានាធិបតីស៊ែប៊ី​​ លោក Aleksandar Vucic ដែលស្និទ្ធ​​នឹង​ប្រធានាធិបតី​រុស្ស៊ី​លោក វ៉្លាឌីមៀរ ពូទីន ​បានចោទ​លោក​ខាងលិច​​​នៅ​ពី​ក្រោយ​​​បាតុករ​ដែលដឹកនាំ​ដោយក្រុមនិស្សិត​​​ក្នុង​ការ​ប៉ុនប៉ង​ទម្លាក់​រូប​លោក​។

ប្រធានាធិបតី Aleksandar Vucic ពេលចេញទៅទស្សនកិច្ច​នៅក្រៅ​ប្រទេស។ FB

​​​តាមការ​ចុះ​ផ្សាយ​របស់​​បណ្តាញភ្នាក់ងារ​ព័ត៌មានរុស្ស៊ី លោក Vucic ​បាននិយាយនៅលើកញ្ចក់ទូរទស្សន៍ Happy TV ថា ​ពួក​បស្ចឹមប្រទេស​ជាប់ពាក់ព័ន្ធក្នុងការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌នៅក្នុងប្រទេសស៊ែប៊ីដោយប្រើប្រាស់​ក្រុម​និស្សិត​​​​​ចេញ​មុខ​តវ៉ា​។

និស្សិត​​ច្រើន​សកលវិទ្យាល័យ​​​នៅ​​​ប្រទេសស៊ែប៊ី បាន​ចេញ​មុខ​តវ៉ា​​ជាបន្តបន្ទាប់​អស់រយៈពេល​ជាង​​១ខែ​កន្លង​មក​នេះ ដោយ​ផ្តើម​ពីការ​រក​យុត្តិធម៌​ជូន​អ្នកស្លាប់​ក្នុងហេតុការណ៍​បាក់​ដំបូល​​​ពិដាន​​​​ស្ថានីយ​រថភ្លើង​បណ្តាលឲ្យ​​មានអ្នកសា្លប់​ជិត២០​នាក់​កាល​ថ្ងៃទី​១ខែវិច្ឆិកា។

ក្រុមអ្នកតវ៉ា​បាន​ភ្ជាប់​ការ​បាក់​ពិដា​ន​នោះ​ទៅនឹង​គម្រោងពុករលួយ​​ ដែលរដ្ឋាភិបាល​លោក Vucic សហការ​ជាមួយក្រុមហ៊ុន​ចិន ដោយ​​ការ​សាង​សង់​គ្មាន​គុណភាព និង​ការ​ជុសជុល​ញឹក​ញាប់ ប៉ុន្តែ​ក្រុមហ៊ុន​ចិនដែលទទួលបាន​គម្រោង​ជុសជុល​នោះ បាន​បដិសេធ​ថា​ខ្លួន​មិនបាន​ជុសជុស​​កន្លែងដែលបាក់​នោះទេ។

គោល​ដៅនៃការ​ទាមទារ​​បាន​ប្រែក្លាយ​ពី​ការ​រកយុត្តិធម៌​សម្រាប់​អ្នក​រងគ្រោះ​ ពង្រីកដល់​ការទាមទារ​ឲ្យរដ្ឋាភិបាល​បង្ហាញ​តម្លាភាព និង ការទាមទារ​ឲ្យ​ប្រធានាធិបតី​ចុះ​ចេញពីអំណាច​ ដោយ​បង្កើត​រដ្ឋាភិបាលឯករាជ្យ។ លោក Vucic បាន​កាន់​អំណាច​តាំងពីឆ្នាំ​២០១០ និង​មាន​ទំនោរស្និទ្ធ​ទៅរករុស្ស៊ី​និង​ចិន​។​

ទីភ្នាក់ងារ​ព័ត៌មាន TASS ​របស់​រុស្ស៊ី បាន​ស្រង់សម្តី​​លោកប្រធានាធិបតី Vucic ដូចបាននិយាយថា៖«អ្វីគ្រប់​យ៉ាងដែលពួកគេកំពុងធ្វើគឺការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌។ ខ្ញុំមិនមានការសង្ស័យទេ។ នេះមិនមែនជាបញ្ហាទេ យើងនឹងរង់ចាំរហូតដល់ពេលចុងក្រោយដែលយើងនឹងត្រូវឆ្លើយតប នៅពេលដែលពួកគេនឹងចាប់ផ្តើមបិទផ្លូវដោយបង្ខំ»​។

លោក Vucic បានបន្ថែមថា លោក​ទទួលបាន​​ត៌មានថា៖«ភ្នាក់ងារបរទេសតាមរយៈទំនាក់ទំនងរបស់ពួកគេបានបញ្ជូនទៅសិស្សមួយចំនួន» ការហៅទៅកាន់ផ្លូវប្រសព្វសំខាន់ៗ និងបិទចរាចរណ៍។

លោក Vucic ​ចោទ​ថា នេះត្រូវបានធ្វើក្រោមការគ្រប់គ្រងរបស់ «គ្រូបរទេស»។ លោក បញ្ជាក់ថា៖‍​យើងដឹងរួចហើយថាអ្នកណាកំពុងធ្វើបែបនោះ និងដោយរបៀបណា។ ពួកគេខ្លះមកពីប្រទេសលោកខាងលិចមួយចំនួន និងខ្លះទៀតមកពីបូព៌ា ជាកន្លែងដែលពួកគេបានធ្វើការងារកខ្វក់សម្រាប់បណ្តាញភ្នាក់ងារលោកខាងលិច។ យើងនឹងអត់ធ្មត់រហូតដល់ពេលជាក់លាក់មួយហើយបន្ទាប់មក យើង​នឹង​អនុវត្ត​​ទៅ​តាម​ច្បាប់​ដែល​រដ្ឋ​គួរ​គោរព»៕​

ដោយ រ៉ាន់ រើយ​

The post ប្រធានាធិបតី​ស៊ែប៊ី Vucic ចោទ​បស្ចឹមប្រទេស​​នៅ​ពីក្រោយ​បាតុកម្ម​និស្សិត​ទម្លាក់​លោក​ appeared first on Kampuchea Thmey Daily.