ប្រធានគណបក្សខ្មែរតែមួយ អំពាវនាវដល់យុវជនជំនាន់ក្រោយចងចាំ«ទិវាសន្ដិភាពនៅកម្ពុជា»
ប្រធានគណបក្សខ្មែរតែមួយលោក គុជ លី បានអំពាវនាវដល់យុវជនជំនាន់ក្រោយចងចាំទិវាសន្ដិភាពនៅកម្ពុជា ដើម្បីជាការរំលឹកដឹងគុណនូវគំរូវីរៈភាពដ៏អង់អាចក្លាហាន The post ប្រធានគណបក្សខ្មែរតែមួយ អំពាវនាវដល់យុវជនជំនាន់ក្រោយចងចាំ«ទិវាសន្ដិភាពនៅកម្ពុជា» appeared first on Kampuchea Thmey Daily.
ប្រធានគណបក្សខ្មែរតែមួយលោក គុជ លី បានអំពាវនាវដល់យុវជនជំនាន់ក្រោយចងចាំទិវាសន្ដិភាពនៅកម្ពុជា ដើម្បីជាការរំលឹកដឹងគុណនូវគំរូវីរៈភាពដ៏អង់អាចក្លាហាន និងការធ្វើពលិកម្មគ្រប់បែបយ៉ាងរបស់វីរៈបុរសស្នេហាជាតិរហូតសម្រេចបានការបញ្ចប់ជាស្ថាពរនូវសង្គ្រាមនៅកម្ពុជា។
លោក គុជ លី បានថ្លែងថា៖«រយៈពេល២៦ឆ្នាំបានកន្លងផុតទៅហើយ ខ្ញុំសូមអំពាវនាវដល់យុវជនជំនាន់ក្រោយបានរៀនសូត្ររយៈពេល ២៦ឆ្នាំនេះ សូមឱ្យរក្សាទិវានេះឱ្យក្លាយជាទិវាសន្ដិភាពនិយម និងការអភិវឌ្ឍទៅតាមគោលនយោបាយរាជរដ្ឋាភិបាលដែលមានស្រាប់។ សូមឱ្យយុវជនក្លាយជាកម្លាំងចលករស្នូលអភិវឌ្ឍកម្ពុជាបន្តទៀត ដើម្បីប្រកួតប្រជែងជាមួយប្រទេសជិតខាង និងនៅលើពិភពលោក»។
ទិវាសន្ដិភាពនេះ លោកបានចាត់ទុកថា វាជាការរំលឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង និងការកសាងសន្តិភាព និងឯកភាពជាតិពេញលេញនៅកម្ពុជាតាមរយៈនយោបាយឈ្នះ-ឈ្នះកាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ១៩៩៨។ លើសពីនេះវាជាការរំលឹកដឹងគុណបំណាច់ និងការចងចាំជាប់ជានិច្ចនូវគំរូវីរៈភាពដ៏អង់អាចក្លាហាន និងការធ្វើពលិកម្មគ្រប់បែបយ៉ាងរបស់វីរៈបុរសស្នេហាជាតិ និងវីរនារីស្នេហាជាតិរបស់កម្ពុជារហូតសម្រេចបាននូវការបញ្ចប់សង្គ្រាមជាស្ថាពរនៅកម្ពុជា។
ប្រធានគណបក្សខ្មែរតែមួយបានបន្តថា ទិវាសន្ដិភាពថែមទាំងដាស់តឿនក្រើនរំលឹកដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ឱ្យចងចាំជានិច្ចអំពីមហាវិនាសកម្មរបស់ជាតិ និងទុក្ខលំបាកយ៉ាងវេទនារបស់ប្រជាជនកម្ពុជាដែលបង្កឡើងដោយសង្គ្រាម និងការបែកបាក់ជាតិ និងជាការបំផុសស្មារតីដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ឱ្យយល់ដឹងច្បាស់អំពី “គុណតម្លៃនៃសុខសន្តិភាព” ហើយរួមគ្នាលើកកម្ពស់ “វប្បធម៌សន្តិភាព” នៅកម្ពុជា។
លោកបានកត់សម្គាល់ថា ក្រោយការបោះឆ្នោតដែលរៀបចំឡើងដោយអ៊ុនតាក់ដែលបានចំណាយអស់ ២០០លានដុល្លារអាមេរិកនៅឆ្នាំ១៩៩៣ រួចមក ប្រទេសកម្ពុជាមិនបានបញ្ចប់សង្រ្គាមនោះទេ ដោយសារមេដឹកនាំខ្មែរក្រហម បានចូលព្រៃធ្វើសង្រ្គាមឈ្លប បាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរជាបន្តទៀត។ ពោលគឺទាល់តែក្រោយថ្ងៃទី២៩ធ្នូ ១៩៩៨ តាមរយៈគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុនសែន ទើបប្រទេសមានសន្តិភាព ឈាមខ្មែរឈប់ហូរចាប់តាំងពីពេលនោះមក។
ស្ថាបនិកសន្ដិភាព គឺសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយឈ្នះ-ឈ្នះអនុវត្តពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ ១៩៩៨ ដោយបានបញ្ចប់សង្គ្រាមស៊ីវិលក្នុងរយៈពេលជាងបីទសវត្សរ៍ តាមរយៈការលុបបំបាត់អង្គការនយោបាយរបស់ខ្មែរក្រហម និងបញ្ចូលកម្លាំងនេះទៅក្នុងជីវភាពសេដ្ឋកិច្ច សង្គម និងនយោបាយនៃព្រះរាជាណាចក្រកម្ពុជា ធានាសន្តិភាព និងសន្តិសុខនៅកម្ពុជា។
គោលនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន គឺជាមេរៀនដ៏សំខាន់បំផុតដែលអាចរៀនបានពី បទពិសោធន៍របស់កម្ពុជាគឺ “សង្គ្រាមមិនអាចបញ្ចប់ដោយសង្គ្រាមបានទេ” មានតែការចរចាដោយសន្តិវិធី ការសម្របសម្រួល និងការធ្វើសម្បទានទៅវិញទៅមកទេ ទើបអាចនាំទៅរកសន្តិភាពបាន ព្រោះលុះត្រាតែគ្មានភាគីណាជាអ្នកចាញ់ ហើយលែងមានការប្រឈមមុខដាក់គ្នាដោយប្រដាប់អាវុធទៀតទេនោះ លេងមានបញ្ហាទាំងអស់ ទើបអាចដោះស្រាយទាំងស្រុងបាន។ សារដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅរបស់សម្តេចតេជោ ហ៊ុន សែន គឺ «អរគុណសន្តិភាព»។
រយៈពេល ២៦ឆ្នាំកន្លងមកនេះ គឺបន្ទាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលប្រទេសជាតិកម្ពុជាស្ថិតនៅក្រោមម្លប់សន្តិភាពនេះ បានផ្តល់លទ្ធភាពធ្វើឱ្យសង្គមកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងបានធ្វើឱ្យអាសនៈរបស់កម្ពុជាមានឋានៈស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិ៕
The post ប្រធានគណបក្សខ្មែរតែមួយ អំពាវនាវដល់យុវជនជំនាន់ក្រោយចងចាំ«ទិវាសន្ដិភាពនៅកម្ពុជា» appeared first on Kampuchea Thmey Daily.