ប្រកួតប្រជែងឆ្នេរនិងព្រែកស្អាតឆ្នាំ ២០២៤ រកឃើញស្នាដៃបេក្ខភាពលេចធ្លោជាប់ជយលាភី
ក្រោយដំណើរការការប្រកួតប្រជែងយ៉ាងស្វិតស្វាញ..... The post ប្រកួតប្រជែងឆ្នេរនិងព្រែកស្អាតឆ្នាំ ២០២៤ រកឃើញស្នាដៃបេក្ខភាពលេចធ្លោជាប់ជយលាភី appeared first on Kampuchea Thmey Daily.
ក្រោយដំណើរការការប្រកួតប្រជែងយ៉ាងស្វិតស្វាញ កម្មវិធីប្រកួតប្រជែងស្នាដៃរចនាគម្រោងប្លង់នគរូបនីយកម្មតំបន់ឆ្នេរសមុទ្រកម្ពុជា ក្រោមប្រធានបទ “កម្ពុជា: មាតុភូមិខ្ញុំ ទីក្រុងខ្ញុំ ឆ្នេរសមុទ្រខ្ញុំ ក្នុងបេះដូងខ្ញុំ” និងការប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី ៥ និងព្រែកកម្សាន្តស្អាតលើកទី២ ឆ្នាំ២០២៤ រួមទាំងកម្មវិធីប្រឡងប្រណាំងវីដេអូខ្លី ក្រោមប្រធានបទ “កម្ពុជា: មាតុភូមិខ្ញុំ ឆ្នេរស្អាត ព្រែកស្អាត” ឆ្នាំ២០២៤ គណៈកម្មការបានប្រកាសលទ្ធផលបេក្ខភាពដែលជាប់ជយលាភី ក្រោយវត្តមានលោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជា ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.)។
ក្រោមប្រធានបទ “កម្ពុជា: មាតុភូមិខ្ញុំ ទីក្រុងខ្ញុំ ឆ្នេរសមុទ្រខ្ញុំ ក្នុងបេះដូងខ្ញុំ” កម្មវិធីប្រកួតប្រជែងស្នាដៃរចនាគម្រោងប្លង់នគរូបនីយកម្មតំបន់ឆ្នេរសមុទ្រកម្ពុជា មានសមាសភាពចូលរួមប្រកួតប្រជែងពីស្ថាបត្យករ វិស្វករ នគរូបនីយករ នីតិបុគ្គលសិក្សាគម្រោងប្លង់ សាស្ត្រាចារ្យ អ្នកវិជ្ជាជីវៈរចនា និងនិស្សិតស្ថាបត្យកម្មឬវិស្វកម្ម ទាំងនៅក្របខ័ណ្ឌជាតិនិងអន្តរជាតិសរុបចំនួន ១៩២ ក្រុម ដែលក្នុងនោះខេត្តកែបមានចំនួន ៧២ ក្រុម ខេត្តកំពតមានចំនួន ៤៨ ក្រុម ខេត្តព្រះសីហនុមានចំនួន ៣៣ ក្រុម និងខេត្តកោះកុងមានចំនួន ៣៩ ក្រុម។
ជាលទ្ធផល ក្រោយការជម្រុះជាបន្តបន្ទាប់រហូតដល់វគ្គប្រកាសលទ្ធផលផ្តាច់ព្រ័ត្រ គណៈកម្មការបានជ្រើសរើសគម្រោងស្នាដៃក្រុមដែលជាប់ជយលាភីពីលេខ ១ ដល់លេខ ៣ សម្រាប់ខេត្តទាំង ៤ នៃតំបន់ឆ្នេរសមុទ្រកម្ពុជាសរុបមានចំនួន ១២ ក្រុម។
ដោយឡែក ការប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី ៥ និងព្រែកកម្សាន្តស្អាតលើកទី ២ ឆ្នាំ២០២៤ រួមទាំងកម្មវិធីប្រឡងប្រណាំងវីដេអូខ្លី ក្រោមប្រធានបទ “មាតុភូមិខ្ញុំ ឆ្នេរស្អាត ព្រែកស្អាត” ឆ្នាំ២០២៤ ក្នុងឆ្នាំ២០២៤ រដ្ឋបាលខេត្តទាំងបួននៃតំបន់ឆ្នេរសមុទ្រកម្ពុជា បានដាក់ពាក្យបេក្ខភាពឆ្នេរសរុបចំនួន ២៨ និងព្រែកចំនួន ១២ ព្រែក ដើម្បីចូលរួមប្រកួតប្រជែង។
លទ្ធផលប្រកាសបង្ហាញថា ខេត្តព្រះសីហនុមានឆ្នេរចំនួន ១២ និងព្រែកចំនួន ២ ជាប់ជយលាភី។ ខេត្តកំពតមានឆ្នេរចំនួន ០៣ និងព្រែកចំនួន ០៣ ជាប់ជយលាភី។ ខេត្តកែបមានឆ្នេរចំនួន ០៣ ឆ្នេរ និង ព្រែកចំនួន ០៣ ជាប់ជយលាភី។ខណៈដែលខេត្តកោះកុងមានឆ្នេរចំនួន ៧ និងព្រែកចំនួន ២ ជាប់ជយលាភី។
លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងជា អគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.) បានគូសបញ្ជាក់ថា កម្មវិធីប្រកួតប្រជែងនិងប្រឡងប្រណាំងស្នាដៃទាំង ៣ នេះ មានគោលបំណងដើម្បីរួមចំណែកសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្នុងការប្រែក្លាយតំបន់ឆ្នេរសមុទ្រកម្ពុជាជា “ប៉ូលសេដ្ឋកិច្ចជាតិទំនើបប្រកបដោយចីរភាព ជវភាព សុខភាព និងសុភមង្គល និងជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រស្អាតលំដាប់សកលលោក” តាមរយៈការជំរុញរៀបចំកែលម្អនិងអភិវឌ្ឍខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងអភិវឌ្ឍបណ្ដាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជាជារបៀងសេដ្ឋកិច្ចពហុបំណងនិងប្រទាក់ក្រឡាគ្នា។
កម្មវិធីប្រកួតប្រជែងនិងប្រឡងប្រណាំងជ័យលាភីទាំង ៣ រៀបចំឡើងរួមគ្នាដោយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា គណៈស្ថាបត្យករកម្ពុជា (គ.ស.ក.) សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងរដ្ឋបាលខេត្តតំបន់ឆ្នេរសមុទ្រកម្ពុជា រួមមានខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត និងខេត្តកោះកុង៕
The post ប្រកួតប្រជែងឆ្នេរនិងព្រែកស្អាតឆ្នាំ ២០២៤ រកឃើញស្នាដៃបេក្ខភាពលេចធ្លោជាប់ជយលាភី appeared first on Kampuchea Thmey Daily.