ធនាគារ ត្រៀមឱ្យអតិថិជនដែលបង់រំលស់ជាមួយម្ចាស់​បុរី ផ្ទេរបំណុល ដែលមានការប្រាក់ទាបជាង

យន្ត​ការនេះគឺល្អទាំងសង​ខាង ដោយសារតែអ្នកដែលប្រើប្រាស់ ការបង់រំលោះនៅបុរី​... The post ធនាគារ ត្រៀមឱ្យអតិថិជនដែលបង់រំលស់ជាមួយម្ចាស់​បុរី ផ្ទេរបំណុល ដែលមានការប្រាក់ទាបជាង appeared first on Kampuchea Thmey Daily.

ធនាគារ ត្រៀមឱ្យអតិថិជនដែលបង់រំលស់ជាមួយម្ចាស់​បុរី ផ្ទេរបំណុល ដែលមានការប្រាក់ទាបជាង

ធនាគារប្រៃសណីយ៍កម្ពុជា ចង់ចូលរួមយន្តការសម្របសម្រួលឲ្យអតិថិជនដែលបាន​បង់រំលស់​ផ្ទះជា​មួយ​ម្ចាស់​បុរី ក្នុងតម្លៃខ្ពស់ អាចផ្ទេរកម្ចីនេះទៅជាមួយគ្រឹះ​ស្ថានធ​នាគារ និងហិរញ្ញវត្ថុវិញ ក្នុងអត្រា​ការ​​ប្រាក់ទាបជាង។

លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិធនាគារប្រៃសណីយ៍កម្ពុជា មានប្រសាសន៍ថា យន្ត​ការនេះគឺល្អទាំងសង​ខាង ដោយសារតែអ្នកដែលប្រើប្រាស់ ការបង់រំលោះនៅបុរី​នោះជួន​កាល គាត់​​​អាចមានការប្រាក់ថ្លៃ ហើយម្ចាស់បុរីមានសាច់ប្រាក់មានកម្រិត គាត់ត្រូវការ​លុយ​ដើម្បី​ធ្វើ​បន្តទៀត ដូច្នេះបើគាត់ត្រឡប់មកប្រើលុយហ្នឹងជាមួយធនាគារវិញ គឺល្អប្រសើរ។

លោក តូច ចៅចេកមានប្រសាសន៍ថា៖ «ខាងធនាគារជាតិ ក៏ដូចជាក្រសួងរៀបចំដែនដី ចង់​ស្វះ​​ស្វែងឱ្យធនាគារទាំងអស់ ជួយសហការ​ផ្ដល់​កម្ចីក្នុងអត្រាការ​ប្រាក់មួយដែលល្អប្រសើរ​សម​រម្យត្រឹម ៧% ទៅ ៨% ធនា​គារ​មិនពិ​បាក​ក្នុងារផ្ដល់ជូនទេ»។ លោក តូច ចៅចេក បញ្ជាក់ថា អតិថិជនត្រូវមានលក្ខខណ្ឌត្រឹមត្រូវតាមតម្រូវការរបស់ធនាគារ ទើប​​​ធនាគារអាចផ្ដល់ជូនការផ្ទេរបាន។

លោកស្រី ​គឹម គិនកេសា នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia មានប្រសាសន៍​ថា នេះជាជំហាន វិជ្ជមាន ​សម្រាប់ទាំងអ្នកអភិវឌ្ឍន៍ ក៏ដូចជាធនាគារខ្លួនឯង ប្រសិន​បើអ្នក​ទិញគាត់មានលក្ខណៈគ្រប់គ្រាន់ បើគាត់ផ្ទេរកម្ចីរបស់គាត់ពីម្ចាស់បុរីទៅធនាគារ គឺទី១ គាត់​ចំណេញការប្រាក់ រយៈពេលបង់អាចវែងជាងមុន ដូច្នេះការបង់ប្រចាំខែ អាចតិច​ជាងមុន​សម្រួលដល់ការបង់ប្រចាំខែរបស់គាត់ សម្រាប់អ្នកភិវឌ្ឍគឺគាត់បានសាច់ប្រាក់។

កាលពីពេលកន្លងទៅថ្មីៗនេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក៏បានគាំទ្រ​គំនិត​ផ្តួច​ផ្តើម ក្នុង​ការ​បន្ធូរបន្ថយការប្រាក់លើកម្ចីសម្រាប់ការអភិវឌ្ឍលំនៅឋាន និងទិញ​អចល​ន​ទ្រព្យមកត្រឹម ៨% ក្នុងមួយឆ្នាំ ដែលអត្រាការប្រាក់ថ្មីនេះ នឹងផ្តល់ឱ្យអតិថិជន ទិញ​លំ​នៅ​ឋាន​នូវ​លទ្ធភាព​អនុវត្ត​កាតព្វកិច្ចសងត្រឡប់ កាន់តែមានភាពងាយស្រួល។

យោងតាមធនាគារជាតិ គិតត្រឹមខែតុលា ឆ្នាំ២០២៤ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទៅក្នុង​វិស័យ​អចល​នទ្រព្យមានប្រមាណ ៦,២០ ពាន់លានដុល្លារ ឬស្មើនឹង ១០%​នៃទំហំឥណទាន​ជាង ៦១​​ ​ពាន់លានដុល្លារ មានកំណើន ១៧,៨% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២៣៕

អត្ថបទ៖ ឡេង ដេត

The post ធនាគារ ត្រៀមឱ្យអតិថិជនដែលបង់រំលស់ជាមួយម្ចាស់​បុរី ផ្ទេរបំណុល ដែលមានការប្រាក់ទាបជាង appeared first on Kampuchea Thmey Daily.