ត្រាំ បញ្ជាឱ្យ​បង្កើតមូលនិធិវិនិយោគរដ្ឋ ដែល​អាច​ទិញ​ TikTok ​

ជាធម្មតា មូលនិធិវិនិយោគរដ្ឋ​ពឹងផ្អែកលើអតិរេកថវិការបស់ប្រទេស​ ដើម្បីធ្វើការវិនិយោគ ប៉ុន្តែសហរដ្ឋអាមេរិក​បាន​ប្រឈម​មុខ​នឹង​ឱនភាពយូរឆ្នាំមក​ហើយ​។ ការបង្កើត​នេះ ក៏ទំនងជាត្រូវការ​ការអនុម័ត​ពីសភាផងដែរ។ The post ត្រាំ បញ្ជាឱ្យ​បង្កើតមូលនិធិវិនិយោគរដ្ឋ ដែល​អាច​ទិញ​ TikTok ​ appeared first on Kampuchea Thmey Daily.

ត្រាំ បញ្ជាឱ្យ​បង្កើតមូលនិធិវិនិយោគរដ្ឋ ដែល​អាច​ទិញ​ TikTok ​

ប្រធានាធិបតីសហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើអធិបញ្ជា​មួយកាលពីថ្ងៃចន្ទដោយបញ្ជាឱ្យមាន​ការ​បង្កើតមូលនិធិ​វិនិយោគរដ្ឋ​មួយនៅឆ្នាំក្រោយ ដោយ​អះអាងថា មូលនិធិនេះ​អាចទិញប្រតិបត្តិការ​បណ្ដាញ​សង្គម ​TikTok ។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

​​អធិបញ្ជាដដែល ​បញ្ជាឱ្យ​ក្រសួង​រតនាគារ និងក្រសួងពាណិជ្ជកម្មអាមេរិក​ ដាក់ផែនការសម្រាប់មូលនិធិ​នេះក្នុងរយៈពេល ៩០ ថ្ងៃ រួមទាំងអនុសាសន៍ស្តីពី «យន្តការផ្តល់មូលនិធិ យុទ្ធសាស្ត្រវិនិយោគ រចនាសម្ព័ន្ធមូលនិធិ និងគំរូអភិបាលកិច្ច»។

ជាធម្មតា មូលនិធិវិនិយោគរដ្ឋ​ពឹងផ្អែកលើអតិរេកថវិការបស់ប្រទេស​ ដើម្បីធ្វើការវិនិយោគ ប៉ុន្តែសហរដ្ឋអាមេរិក​បាន​ប្រឈម​មុខ​នឹង​ឱនភាពយូរឆ្នាំមក​ហើយ​។ ការបង្កើត​នេះ ក៏ទំនងជាត្រូវការ​ការអនុម័ត​ពីសភាផងដែរ។

ជុំវិញការណ៍នេះ​ លោក ត្រាំ បាន​ប្រាប់ទៅអ្នកយកសារព័ត៌មាន​ថា​៖ «​យើងនឹងបង្កើតទ្រព្យសម្បត្តិជាច្រើនសម្រាប់មូលនិធិ។ ហើយ​ខ្ញុំ​គិត​ថា វា​ដល់​ពេល​ហើយ​ដែល​ប្រទេស​នេះ ​មាន​មូលនិធិ​​វិនិយោគរដ្ឋ​ហើយ​»។

យោងតាមរ៉យទ័រ​ ប្រសិនបើវាពិតជា​ត្រូវបានបង្កើតឡើងមែន​ នោះ​នឹង​ធ្វើ​ឱ្យ​សហរដ្ឋ​អាមេរិក​ក្លាយជា​ប្រទេស​មួយ​ដែល​មាន​មូលនិធិវិនិយោគរដ្ឋ​ ដូចប្រទេស​នៅ​មជ្ឈិមបូព៌ា និងអាស៊ី ដែលប្រើ​លុយរបស់​រដ្ឋ​ដើម្បីវិនិយោគដោយ​ផ្ទាល់​។ ​

ពីមុន​មក លោក​ ត្រាំ ​បានធ្លាប់ស្នើឱ្យ​បង្កើតមូលនិធិវិនិយោគរបស់រដ្ឋាភិបាល​ ក្នុងគោលបំណងគាំទ្រគម្រោងធំៗដូចជា ហេដ្ឋារចនាសម្ព័ន្ធ ការផលិត និងការស្រាវជ្រាវវេជ្ជសាស្រ្ត។ ​​មកទល់ពេល​នេះ មន្រ្តីរដ្ឋបាល​ ត្រាំ មិន​ទាន់​បាន​ពន្យល់ថា​តើមូលនិធិដដែលនឹង​ទទួល​បាន​ថវិកាពី​ណា​នោះទេ ប៉ុន្តែលោក ត្រាំ ធ្លាប់​លើកឡើងថា​វា​នឹង​បាន​មកពី «ពន្ធគយ និងប្រភព​ឆ្លាតវ័យផ្សេងៗទៀត»៕

ទន្ទឹម​នឹង​បញ្ជាថ្មី​របស់​ខ្លួន​ លោក ត្រាំ ក៏​បាន​ស្នើ​ផងដែរថា មូលនិធិវិនិយោគរដ្ឋ​ដដែល​ប្រើ​ដើម្បី​ទិញ​ប្រតិបត្តិការ TikTok។ លោកនិយាយយ៉ាងដូច្នេះថា៖ «​យើងនឹងធ្វើអ្វីមួយ ប្រហែលជាជាមួយ TikTok ឬ​ក៏មិនមែន។ ​ប្រសិនបើយើងត្រូវ​គ្នា​សម្រេច​បាន​កិច្ចព្រមព្រៀង ​យើងនឹងធ្វើវា បើមិនដូច្នេះទេ យើងនឹងមិនធ្វើវាទេ​។ យើងអាច​នឹង​ប្រើមូលនិធិវិនិយោគរដ្ឋ​»។

គួរ​​បញ្ជាក់ថា សហរដ្ឋ​អាមេរិក​ទាមទារ​ឱ្យ​ក្រុមហ៊ុនមេចិន​ ByteDance លក់ប្រតិបត្តិការ TikTok នៅអាមេរិក​របស់​ខ្លួន​ ឬ​ប្រឈម​មុខនឹង​ការបិទ​ ក្រោម​ហេតុផល​សន្តិសុខជាតិ​។ យ៉ាងណា​មិញ​ លោក ត្រាំ​ បាន​ចេញ​បញ្ជាផ្អាកជាបណ្ដោះអាសន្ននូវការបិទនេះរយៈពេល ៧៥ ថ្ងៃ នៅ​ថ្ងៃ​លោក​ស្បថចូលកាន់តំណែង​៕

The post ត្រាំ បញ្ជាឱ្យ​បង្កើតមូលនិធិវិនិយោគរដ្ឋ ដែល​អាច​ទិញ​ TikTok ​ appeared first on Kampuchea Thmey Daily.