តើរាជរដ្ឋាភិបាលកម្ពុជាបានគិតគូ និងដាក់ចេញវិធានការអ្វីខ្លះលើបញ្ហាកសិផល ពិសេសតម្លៃស្រូវ?

រយៈពេលចុងក្រោយនេះ ប្រជាកសិករបានបង្ហាញក្ដីកង្វល់ ខណៈពួកគាត់កំពុងជួបប្រទះបញ្ហាប្រឈមពាក់ព័ន្ធនឹងការប្រមូលកសិផល ពិសេសការធ្លាក់ថ្លៃនៃតម្លៃស្រូវ The post តើរាជរដ្ឋាភិបាលកម្ពុជាបានគិតគូ និងដាក់ចេញវិធានការអ្វីខ្លះលើបញ្ហាកសិផល ពិសេសតម្លៃស្រូវ? appeared first on Kampuchea Thmey Daily.

តើរាជរដ្ឋាភិបាលកម្ពុជាបានគិតគូ និងដាក់ចេញវិធានការអ្វីខ្លះលើបញ្ហាកសិផល ពិសេសតម្លៃស្រូវ?

មួយរយៈពេលចុងក្រោយនេះ ប្រជាកសិករបានបង្ហាញក្ដីកង្វល់ ខណៈពួកគាត់កំពុងជួបប្រទះបញ្ហាប្រឈមពាក់ព័ន្ធនឹងការប្រមូលកសិផល ពិសេសការធ្លាក់ថ្លៃនៃតម្លៃស្រូវប្រភេទអូអឹម (OM)។ ភ្ជាប់នឹងបញ្ហាប្រឈមរបស់ប្រជាកសិករនេះ ក៏មានក្រុម ឬបុគ្គលខ្លះ បានរិះគន់វាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា ថា ខ្វះកិច្ចអន្តរាគមន៍ជួយដល់ប្រជាកសិករដែលកំពុងជួបការលំបាកពេលនេះ។

ក៏ប៉ុន្តែ ឆ្លើយតបចំពោះក្ដីកង្វល់ ក៏ដូចជាបញ្ហាប្រឈមមួយរយៈពេលចុងក្រោយនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ត្បិតតែសម្ដេចមិនប្រកាសជាសាធារណៈក៏ពិតមែន ប៉ុន្ដែសម្ដេចបានតាមដានជាប់ជាប្រចាំ និងដាក់ចេញវិធានការជាបន្ដបន្ទាប់ដល់ក្រសួងស្ថាប័នជំនាញរបស់រាជរដ្ឋាភិបាល ដើម្បីខិតខំរិះរកនូវមធ្យោបាយអន្ដរាគមន៍ជួយដល់ប្រជាកសិករ។

លើកឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានានៅមជ្ឈមណ្ឌលអតីតយុទ្ធជន ប៊ុន រ៉ានី សែនជ័យ​ដំណាក់ត្រយឹង ស្ថិតនៅឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា រាជរដ្ឋាភិបាលកម្ពុជា មិនដែលនៅស្ញៀមចំពោះបញ្ហាដែលកសិករប្រឈម ឬជួបប្រទះនោះឡើយ។ ទៀតសោត ពាក់ព័ន្ធនឹងវិស័យកសិកម្ម គឺរាជរដ្ឋាភិបាលនៅតែបន្តតម្កល់ជាវិស័យអាទិភាពដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងគិតគូជានិច្ច។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានគូសបញ្ជាក់ថា «វិស័យកសិកម្ម» គឺជាវិស័យអាទិភាពសំខាន់ណាស់ក្នុងការធានាដល់សន្តិសុខស្បៀងរបស់ជាតិ ដែលរាជរដ្ឋាភិបាលត្រូវទទួលខុសត្រូវ ទាំងចំពោះអ្នកផលិត និងអ្នកប្រើប្រាស់ ធ្វើយ៉ាងណាធានាតុល្យភាព។ រឿងកសិកម្ម សម្ដេចធិបតី អះអាងថា រាជរដ្ឋាភិបាល មិនព្រងើយកន្តើយនោះឡើយ ហើយរាជរដ្ឋាភិបាល ធ្វើជាប្រចាំមិនត្រឹមការធានាតម្លៃកសិផលនោះទេ តែបានគិតគូដល់ការផ្តល់ដី រៀបចំប្រព័ន្ធទឹក និងហេដ្ឋារចនាសម្ព័ន្ធដឹកនាំថែមទៀតផង។

ចំពោះអ្នកផលិត សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានពន្យល់ថា រាជរដ្ឋាភិបាលបានធានាអំពីតម្លៃ និងទីផ្សារ តាមរយៈគុណភាព និងថ្លៃដើម ឯអ្នកប្រើប្រាស់ គឺរាជរដ្ឋាភិបាលធានាតម្លៃសមរម្យ និងមិនឱ្យឡើងថ្លៃពេក។ ក្នុងន័យនេះ ចំពោះអ្នកផលិតកសិផលជាស្រូវ បន្ថែមពីលើការគិតគូលើថ្លៃលក់ និងទីផ្សារសម្រាប់លក់ គឺរដ្ឋបានគិតគូជាច្រើនដំណាក់កាល ជាអាទិ៍ គឺការផ្ដល់ដីសម្រាប់ដាំដុះ បន្ទាប់ត្រូវមានទឹកសម្រាប់ស្រោចស្រព បន្ទាប់មកទៀត គឺត្រូវមានផ្លូវ ភ្លើង សម្រាប់ដឹកជញ្ជូនកសិផល ឬបូមទឹកប្រើប្រាស់ និងស្រោចស្រព ព្រមជាមួយនេះ គឺការធានាទីផ្សារសម្រាប់លក់ដូរ ដោយគិតទាំងក្នុងស្រុក និងក្រៅស្រុក។

និយាយអំពីវិធានការនៅពេលកសិករប្រឈម សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលបានធ្វើ និងដាក់វិធានការចំនួន២ ក្នុងការជួយដល់ការគ្រប់គ្រងតម្លៃស្រូវ គឺវិធានការផ្ទាល់ និងវិធានការប្រយោល។

វិធានការផ្ទាល់ គឺរដ្ឋបញ្ចេញថវិកា៤០លានដុល្លារឱ្យទៅរោងម៉ាស៊ីនកិនស្រូវសម្រាប់ទទួលទិញស្រូវ និងសម្រាប់បង្វិលប្រមូលទិញកសិផល ខណៈថវិកាប្រមាណ៣០លានដុល្លារ ក៏បានបន្ថែមសម្រាប់ទិញ និងបង្វិលប្រមូលទិញស្រូវ ព្រមទាំងយន្តការធានាឥណទានសម្រាប់ធានាទិញស្រូវ ក្នុងទំហំថវិកាប្រមាណ ១៥០លានដុល្លារផ្សេងទៀត។

ចំពោះវិធានការប្រយោល សម្ដេច ហ៊ុន ម៉ាណែត ពន្យល់ថា គឺគោលដៅសំខាន់ការកាត់បន្ថយថ្លៃដើមនៃការផលិត តាមរយៈការមិនយកពន្ធលើដីកសិកម្មរបស់ប្រជាកសិករ ការមិនយកពន្ធអាករលើការនាំចូលឧបករណ៍ សម្ភារៈកសិកម្ម វត្ថុធាតុដើម ពូជដំណាំ និងជី​ ខណៈសម្ដេច ក៏កំពុងជំរុញឱ្យគិតគូផលិតជីសរីរាង្គនៅក្នុងប្រទេស ព្រមទាំងរដ្ឋបានកាត់បន្ថយថ្លៃអគ្គិសនី។

លើសពីនេះ ប្រមុខរាជរដ្ឋាភិបាល ក៏បានកត់សម្គាល់ពីតួនាទីដ៏សំខាន់នៃការចងក្រងបង្កើតសហគមន៍កសិកម្មទំនើប និងការវិធានការពង្រាយមន្ត្រីកសិកម្មតាមឃុំ ផងដែរ។ ទាំងនេះហើយ ជាការគិតគូ និងជាវិធានការរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយបញ្ហាប្រឈមរបស់ប្រជាកសិករ ជាពិសេសពាក់ព័ន្ធតម្លៃស្រូវ៕

អត្ថបទ៖ ធឿន វ៉ាន់សុង

The post តើរាជរដ្ឋាភិបាលកម្ពុជាបានគិតគូ និងដាក់ចេញវិធានការអ្វីខ្លះលើបញ្ហាកសិផល ពិសេសតម្លៃស្រូវ? appeared first on Kampuchea Thmey Daily.