ដីចំណីព្រែកពយទី នាខេត្តកោះកុង កំពុងរងការវាទីធ្វើជាកម្មសិទ្ធិឯកជនដោយគ្មានច្បាប់

ថ្មីៗនេះសកម្មភាពរថយន្តដឹកដីជាច្រើនគ្រឿង បានបន្តកន្ទុយគ្នាចាក់អាចម៍ដីចូលចំណីព្រែកចំណុចពយទី  ក្រោមរូបភាពបិទបាំងលាក់លៀម ដោយគ្មានច្បាប់អនុញ្ញាត The post ដីចំណីព្រែកពយទី នាខេត្តកោះកុង កំពុងរងការវាទីធ្វើជាកម្មសិទ្ធិឯកជនដោយគ្មានច្បាប់ appeared first on Kampuchea Thmey Daily.

ដីចំណីព្រែកពយទី នាខេត្តកោះកុង កំពុងរងការវាទីធ្វើជាកម្មសិទ្ធិឯកជនដោយគ្មានច្បាប់

ប្រជាពលរដ្ឋនៅភូមិជ្រោយស្វាយលិច ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង បានរាយការណ៍ថា អ្នកមានលុយ មានអំណាច បាននិងកំពុងលបលួចចាក់ដីចូលចំណីព្រែកពយទី យ៉ាងលាក់លៀម ដោយគ្មានច្បាប់ការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន ដើម្បីយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។

ពលរដ្ឋបានឱ្យដឹងថា ថ្មីៗនេះសកម្មភាពរថយន្តដឹកដីជាច្រើនគ្រឿង បានបន្តកន្ទុយគ្នាចាក់អាចម៍ដីចូលចំណីព្រែកចំណុចពយទី  ក្រោមរូបភាពបិទបាំងលាក់លៀម ដោយគ្មានច្បាប់អនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន។


ប្រជាពលរដ្ឋក្នុងស្រុកម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មានកម្ពុជាថ្មី នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ថា សកម្មភាពដឹកដីបែបនេះបានកើតឡើងម្តងរួចមកហើយនៅចុងឆ្នាំ ២០២៤ ប៉ុន្តែត្រូវបានផ្អាកមួយរយៈ។ យ៉ាង​ណា​ក៏​ដោយ ថ្មីៗ​នេះ សមាជិក​សហគមន៍​ និងប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ បាន​សង្កេត​ឃើញមាន​សកម្មភាព​ចាក់​ដី​លុប​ព្រែក​ឡើង​វិញ។

បើតាមការអះអាងពីប្រភពពលរដ្ឋ៖« អ្នកបើកគ្រឿងចក្របានសម្រុកចាក់ដី និងរុញដីឱ្យរាបស្មើភ្លាមចូល ទៅចំណីព្រែក ដើម្បីឱ្យទាន់ផែនការចង់បានដីចំណីព្រែកយកមកធ្វើជាកម្មសិទ្ធិរបស់ពួកគេ។ ករណីលបលួចចាក់ដីចូលព្រែកសមុទ្រ ធ្វើឡើងក្នុងដីកន្លែងដែលមានរបងបាំងជិតមិនអាចមាននរណាដឹងងាយឡើយ ថាតើពួកគេកំពុងធ្វើអ្វី សូម្បីតែអាជ្ញាធរមូលដ្ឋាននៅក្បែរទីនោះ»។

ជុំវិញបញ្ហានេះ លោក ថន ឃិន មេបញ្ជាការសឹករងស្រុកស្រែអំបិល បានប្រាប់យ៉ាងខ្លីថា ទីតាំងដីដែលកំពុងមានការចាក់ដីខាងលើ ពុំមែនជាដីកម្មសិទ្ធិរបស់លោកនោះទេ។ លោកបញ្ជាក់ថា៖«ពីមុនមកវាជាដីរបស់ឈ្មោះ ស៊ីន អតីតមេឃុំជ្រោយស្វាយចាស់ ដែលបានលក់ទិញទៅម្ចាស់ថ្មី ហើយជួលកូនលោកដឹកបំពេញដី។ បើរថយន្ត និងគ្រឿងចក្រ ពិតជាកម្មសិទ្ធិរបស់កូនប្រុសលោកប្រាកដមែន ដោយមានមនុស្សម្នាក់មើលការខុសត្រូវលើដីនេះ»។

បើតាមលោក ថន ឃិន ជាក់ស្តែងឃើញមានចាក់ដីបានជាង១០០ឡាន និងចូលចំណីព្រែកប្រហែសជា១០ឡានបន្តិចបន្តួច។ ប៉ុន្តែលោកថា ឥឡូវនេះខាងមន្រ្តីបរិស្ថាន និងអាជ្ញាធរឃុំ បានចុះមកផ្អាកសកម្មភាពសិន។

តាមការបកស្រាយរបស់ លោក សុផល ហៅម៉ាប់ ដែលជាអ្នកមើលការខុសត្រូវទីតាំងទំនាស់នេះ ថ្លែងថា លោកចាក់ដីដែលលោកបានទិញពីម្ចាស់មុន គ្រោងធ្វើជារីស៊តទៅថ្ងៃមុខ។  យ៉ាងណាមិញ លោកយល់ព្រមកាយដីចេញពីមាត់ព្រែកវិញ ក្នុងករណីអាជ្ញាធរ និងមន្រ្តីជំនាញ រកឃើញថា ពិតជាចាក់ដីបំពានចំណីព្រែកប្រាកដមែន។

ប៉ុន្តែលោកស្នើវិញថា៖«ដើម្បីស្មើភាព យុត្តិធម៌ដូចគ្នា លោកស្នើសុំឱ្យជីកកាយទាំងអស់គ្នា ព្រោះថា ទីតាំងដីនៅក្បែរលោកមួយចំនួនសុទ្ធតែមានការលួចចាក់ដីចូលចំណីច្រើនជាងពួកគាត់ទៅទៀត ហេតុអីមិនឃើញមានអាជ្ញាធរ ឬមន្រ្តីជំនាញណាមួយមកហាមឃាត់ផ្អាកសកម្មភាពសោះឡើយ»។

ចំណែកលោក ប៊ុន រ៉េ មេឃុំជ្រោយស្វាយ ប្រាប់ដែរថា ទីតាំងខាងលើ ត្រូវបានផ្អាកសកម្មភាពជាបន្ទាន់មួយជំហានហើយ ក្រោយមានបទបញ្ជាពីលោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល ។ សម្រាប់ថ្ងៃទី ០៦ ខែមករា ក្រុមមន្រ្តីជំនាញ និងអាជ្ញាធរ បន្តវាយតម្លៃពីផលប៉ះពាល់ជាក់ស្តែងលម្អិត៕

អត្តបទៈ សិរីវឌ្ឍនៈ

The post ដីចំណីព្រែកពយទី នាខេត្តកោះកុង កំពុងរងការវាទីធ្វើជាកម្មសិទ្ធិឯកជនដោយគ្មានច្បាប់ appeared first on Kampuchea Thmey Daily.