ជនមិនស្គាល់អត្តសញ្ញាណចាប់ស្ត្រីជនជាតិអូទ្រីស នៅប្រទេសនីហ្សេ
ក្រសួងការបរទេសអូទ្រីសបានឲ្យដឹងថា ពលរដ្ឋរបស់ខ្លួនជាស្រ្តីម្នាក់ត្រូវបានជនមិនស្គាល់មុខចាប់ខ្លួននៅក្នុងប្រទេសអាហ្រ្វិក... The post ជនមិនស្គាល់អត្តសញ្ញាណចាប់ស្ត្រីជនជាតិអូទ្រីស នៅប្រទេសនីហ្សេ appeared first on Kampuchea Thmey Daily.
ក្រសួងការបរទេសអូទ្រីស បានឲ្យដឹងថា ស្រ្តីម្នាក់ជាពលរដ្ឋរបស់ខ្លួនត្រូវបានជនមិនស្គាល់មុខចាប់នៅក្នុងប្រទេសអាហ្រ្វិកខាងលិចនីហ្សេដែលគ្រប់គ្រងដោយក្រុមយោធាកាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី១៣ខែមករានេះ។
ឧបទ្ទវហេតុនេះ បានកើតឡើងនៅក្នុងទីក្រុង Agadez ដែលមានចម្ងាយ៩០០គីឡូម៉ែត្រពីរដ្ឋធានីនីយ៉ាមេ (Niamey)។ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍ថា ស្ត្រីនោះត្រូវបានគេរាយការណ៍ថា ត្រូវបានបង្ខំឱ្យចូលទៅក្នុងរថយន្ត ដោយជនមិនស្គាល់អត្តសញ្ញាណនៅក្នុងស្រុក Fada ទីក្រុង Agadez នៅជិតវាលខ្សាច់សាហារ៉ា។
ជនរងគ្រោះមាន ឈ្មោះ Eva Gretzmacher គឺជាបុគ្គលិកផ្នែកអភិវឌ្ឍន៍លើគម្រោងក្នុងវិស័យអប់រំ សុខភាព ការពង្រឹងសិទ្ធិអំណាចស្ត្រី និងវប្បធម៌ម្នាក់ក្នុងវ័យ៧០ឆ្នាំ ហើយបានរស់នៅក្នុងប្រទេសនីហ្សេអស់រយៈពេលជាង ២ទសវត្សរ៍ហើយ។
បើតាមសារព័ត៌មានក្នុងស្រុក Air Info Agadez បានរាយការណ៍ថា អ្នកចាប់ជំរិតបានបង្ហាញខ្លួននៅផ្ទះរបស់លោកស្រី Gretzmacher ជាមួយនឹងកាំភ្លើងមួយដើម ហើយបានបង្ខំឲ្យលោកស្រីចូលទៅក្នុងរថយន្ត។ ពួកគេមិនបានយកអ្វីផ្សេងទៀតទេ។ ជុំវិញហេតុការណ៍នេះ ប្រទេសនីហ្សេមិនទាន់ធ្វើការអត្ថាធិប្បាយនោះទេ ខណៈក្រសួងការបរទេសអូទ្រីសបាននិយាយថា ពួកគេកំពុងធ្វើការជាមួយគណៈប្រតិភូ EU និងអាជ្ញាធរនៅលើដីប្រទេសនេះ។
គួរបញ្ជាក់ថា ប្រទេសនីហ្សេបានប្រយុទ្ធនឹងការបះបោរអ៊ីស្លាមនិយមអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ របបយោធាកំពុងស្ថិតក្រោមសម្ពាធចំពោះការបរាជ័យក្នុងការទប់ស្កាត់ការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធ ដែលជាហេតុផលមួយរបស់ខ្លួនសម្រាប់ការទម្លាក់ប្រធានាធិបតីជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ Mohamed Bazoum កលពីខែកក្កដា ឆ្នាំ ២០២៣។
ប្រទេសនីហ្សេ រួមជាមួយនឹងប្រទេសជិតខាងរបស់ខ្លួនគឺម៉ាលី និងបួគីណាហ្វាសូ ក៏កំពុងប្រឈមមុខនឹងការវាយប្រហារពីក្រុមដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា និង ISIS ។ ចាប់តាំងពីការធ្វើរដ្ឋប្រហារមក នីហ្សេបានជំរុញឱ្យប្រទេសបារាំង និងមហាអំណាចលោកខាងលិចផ្សេងទៀតដកមូលដ្ឋានទ័ពរបស់ពួកគេ ហើយបង្កើតសម្ព័ន្ធភាពសន្តិសុខជាមួយប្រទេសជិតខាងដែលដឹកនាំដោយរបបយោធាគឺម៉ាលី និងបួគីណាហ្វាសូ៕
អត្ថបទ៖ ប៊ុន សុភាព
The post ជនមិនស្គាល់អត្តសញ្ញាណចាប់ស្ត្រីជនជាតិអូទ្រីស នៅប្រទេសនីហ្សេ appeared first on Kampuchea Thmey Daily.