ឃុំខ្លួនជនជាតិប៉ូឡូញម្នាក់ ដាក់ពន្ធនាគារបណ្ដោះអាសន្ន ចោទពីបទគំរាមថានឹងសម្លាប់

ឃុំខ្លួនជនជាតិប៉ូឡូញម្នាក់ ដាក់ពន្ធនាគារបណ្ដោះអាសន្ន... The post ឃុំខ្លួនជនជាតិប៉ូឡូញម្នាក់ ដាក់ពន្ធនាគារបណ្ដោះអាសន្ន ចោទពីបទគំរាមថានឹងសម្លាប់ appeared first on Kampuchea Thmey Daily.

ឃុំខ្លួនជនជាតិប៉ូឡូញម្នាក់ ដាក់ពន្ធនាគារបណ្ដោះអាសន្ន ចោទពីបទគំរាមថានឹងសម្លាប់

លោក លិ សុខា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ​០២ ខែវិច្ឆិកា ឆ្នាំ ​២០២៤ បានចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ជនជាតិ​ប៉ូឡូញ​ម្នាក់ ដាក់​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន ក្រោម​ការ​ចោទ​ប្រកាន់​ពីបទ​.​គំរាមកំហែង​ថា​នឹង​សម្លាប់ ដោយ​មាន​បញ្ជា​ឲ្យ​បំពេញ​លក្ខខណ្ឌ​អ្វីមួយ ទាក់ទង​នឹង​ជនរងគ្រោះ​ជនជាតិ​ប៉ូឡូញ​ដូចគ្នា។

ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ទៅលើ​ជន​ត្រូវ​ចោទ​ឈ្មោះ GRZEGORZ NOWAK ភេទ​ប្រុស អាយុ​ ៥០ ឆ្នាំ ជនជាតិ​ប៉ូឡូញ មាន​អាសយដ្ឋាន​មុន​ចាប់ខ្លួន​ស្នាក់នៅ​ខេត្តសៀមរាប ត្រូវបាន​ដាក់​ឲ្យ​ស្ថិតនៅក្រោម​ការ​ពិនិត្យ​ពីបទ​.​គំរាមកំហែង​ថា​នឹង​សម្លាប់ ដោយមាន​បញ្ជា​ឲ្យ​បំពេញ​លក្ខខណ្ឌ​អ្វីមួយ ប្រព្រឹត្តិ​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​ ២០២៣ រហូតដល់​ថ្ងៃទី ​២៤ ខែកញ្ញា ឆ្នាំ ​២០២៤ ដែល​បទល្មើស​នេះ​ មានចែង​តាម​បញ្ញត្តិ​ឲ្យ​ផ្ដន្ទាទោស​តាម​មាត្រា ២៣៤ នៃ​ក្រមព្រហ្មទណ្ឌ។

ដើមចម នៃ​ការឃុំខ្លួន​ជនសង្ស័យ​ខាងលើនេះ ត្រូវបាន​សមត្ថកិច្ច​បង្ហើប​តាម​ការ​បំភ្លឺ​របស់​ដើម​បណ្តឹង​ឈ្មោះ KUKLINSKI ARTUR WOJCIECH ជា​ជនជាតិ​ប៉ូឡូញ ឲ្យ​ដឹង​ថា កាលពី​អំឡុង​ខែមីនា ឆ្នាំ ​២០២៣ ឈ្មោះ GRZEGORZ NOWAK ជនសង្ស័យ​ដែលជា​អ្នក​រាប់អាន​គ្នា បាន​ទៅ​ទំនាក់ទំនង​សុំ​ធ្វើការ​នៅ​ក្រុមហ៊ុន​ជាមួយ​ខ្លួន ជា​ផ្នែក​ផលិត​មាតិកា​នៅលើ​(​យូ​ធូប​) ហើយ​ខ្លួន​ប្រាប់ថា ក្រុមហ៊ុន​មិន​ត្រូវ​ការ​បុគ្គលិក​ទេ តែ​ជនសង្ស័យ​នៅ​ព្យាយាម​ទទូច​សុំ​ធ្វើការ​ម្តង​ជា​ពីរ​ដង និង​ថែមទាំង​បាន​ថត​វីដេអូ ផ្ញើ​មក​ឲ្យ​ខ្លួន​មើល​ជាច្រើនលើក ក្នុង​គោលបំណង​ដើម្បី​ចង់​ឲ្យ​ខ្លួន​ទទួលយក​គេ​(​ជនសង្ស័យ​)​ធ្វើការ​នៅ​ក្រុមហ៊ុន​នោះ។

ពាក្យបណ្ដឹង​បញ្ជាក់​ទៀត​ថា នៅ​ខែឧសភា ឆ្នាំ​ ២០២៣ ជនសង្ស័យ​បាន​ទៅ​ប្រកបមុខរបរ​រកស៊ី​នៅ​ខេត្តសៀមរាប បន្ទាប់មក​ក៏​ក្ស័យធន​អស់​លុយកាក់​ពី​ខ្លួន ក៏បាន​ទាក់ទង​មក​ជនរងគ្រោះ និង​ឈ្មោះ PETER ដែលជា​មិត្តភ័ក្ដិ​ដើម្បី​សុំ​ប្រាក់​ចាយ។ ក្នុងនោះ​ដោយមាន​ការ​អាណិតអាសូរ​ ជនរងគ្រោះ និង​មិត្តភ័ក្ដិ​ម្នាក់​នោះ​ ក៏បាន​វេ​លុយ​ចំនួន​ ០២​ លើក​ ឲ្យ​ទៅ​ជនសង្ស័យ​សរុប​ចំនួន ៤.០០០ ដុល្លារ​អាមេរិក។ ក្រោយពី​បាន​ប្រាក់​នោះ​យកទៅ​ចាយវាយ​អស់ហើយ ដល់​ខែកុម្ភៈ ឆ្នាំ ​២០២៤ ជនសង្ស័យ​ បាន​ផុស​វីដេអូ​លើ​បណ្តាញ​សង្គម​យូ​ធូប បរិហារកេរ្តិ៍ ថា ​ជនរងគ្រោះ​ជា​ជន​ឆបោក ជា​ចោរ និង​បាន​ទាមទារ​ប្រាក់​ចំនួន ១.៥០០.០០០ ដុល្លារ​អាមេរិក​ថែម​ទៀត​ផង ហើយ​បាន​គំរាម​ជនរងគ្រោះ​ថា បើសិន​មិន​ប្រគល់​ប្រាក់​ឲ្យ​គេ​ទេ គេ​នៅតែ​បង្ហោះ​វីដេអូ​បន្តបន្ទាប់​ទៀត។

លុះ​ថ្ងៃទី ​២៤ ខែកញ្ញា ឆ្នាំ​ ២០២៤ ជនសង្ស័យ​ បាន​ផុស​លើ​បណ្តាញ​សង្គម​យូ​ធូប ហើយ​បាន​ទារ​ប្រាក់​ពី​ជនរងគ្រោះ និង​មិត្តភ័ក្ដិ​ឈ្មោះ PETER សាជាថ្មី​ម្តងទៀត​ចំនួន ៥.៥០០.០០០​ ដុល្លារ​អាមេរិក ថែមទាំង​គំរាម​សម្លាប់​ក្រុមគ្រួសារ​ជនរងគ្រោះ ដែល​កំពុង​រស់នៅ​ប្រកប​មុខរបរ​រកស៊ី​ក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​ប៉ូឡូញ។ ដោយមាន​ការភ័យខ្លាច​ពី​ការគំរាមកំហែង​ប៉ុនប៉ង​អាយុជីវិត ជនរងគ្រោះ​ទាំង​ ២ នាក់ ​ក៏បាន​ចាក​ចេញពី​លំនៅឋាន​ទៅ​ស្នាក់នៅ​កន្លែង ដើម្បី​ឲ្យ​មាន​សុវត្ថិភាព រួច​ក៏​សម្រេចចិត្ត​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​ចាត់ការ​លើ​រឿង​នេះ​ទៅតាម​ផ្លូវច្បាប់។

សមត្ថកិច្ច​បន្ត​ថា ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង​របស់​ជនរងគ្រោះ ក្រោម​ការ​ចង្អុលបង្ហាញ​ពី លោក​នាយ​ឧត្ដមសេនីយ៍​អគ្គស្នងការ​នគរបាល​ជាតិ នគរបាល​បាន​បើក​ការស៊ើបអង្កេត និង​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ កាលពី​ថ្ងៃទី​ ២៨ ខែតុលា ឆ្នាំ ​២០២៤ នៅ​ចំណុច​មុខ​សណ្ឋាគារ​ជី​មេគង្គ ស្ថិតក្នុង​សង្កាត់​អូរឫស្សី​ទី ០១ ខណ្ឌ ០៧ មករា ដោយ​អនុវត្ត​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់ លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ។ បន្ទាប់ពី​ឃាត់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី៕

អត្ថបទ ៖ មករា

The post ឃុំខ្លួនជនជាតិប៉ូឡូញម្នាក់ ដាក់ពន្ធនាគារបណ្ដោះអាសន្ន ចោទពីបទគំរាមថានឹងសម្លាប់ appeared first on Kampuchea Thmey Daily.