គ្រួសារលោកដូណាល់ ត្រាំ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ស៊ីជម្រៅអ្នកដឹកនាំអារ៉ាប៊ីសាអូឌីត
ក្រុមគ្រួសារលោក ដូណាល់ ត្រាំ មានទំនាក់ទំនងការវិនិយោគជាច្រើនជាមួយមហាក្សត្រអារ៉ាប៊ី សាអូឌីត ដែលទទួលគុណសម្បត្តិរៀបចំកិច្ចប្រជុំរវាងអាមេរិកនិងរុស្ស៊ី... The post គ្រួសារលោកដូណាល់ ត្រាំ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ស៊ីជម្រៅអ្នកដឹកនាំអារ៉ាប៊ីសាអូឌីត appeared first on Kampuchea Thmey Daily.

មានចម្ងល់ជាច្រើនបានចោទឡើងថា តើហេតុអ្វីបានជា ប្រទេសអារ៉ាប៊ីសាអូឌីត ដែលដឹកនាំដោយព្រះអង្គម្ចាស់ Mohammed bin Salman បានទទួលសិទ្ធិពិសេសពីភាគីប្រធានាធិបតី ដូណាល់ ត្រាំ និង ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ក្នុងការរៀបចំជំនួបចរចារវាងអាមេរិកនិងរុស្ស៊ី ដើម្បីរកដំណោះស្រាយសន្តិភាពអ៊ុយក្រែន។

មកដឹងពីទំនាក់ទំនងស៊ីជម្រៅរវាងគ្រួសារក្រុមគ្រួសាររបស់ប្រធានាធិបតី ដូណាល់ និងខ្សែស្តេចប្រទេសអារ៉ាប៊ីសាអូឌីត ដែលកំពុងដឹកនាំកិច្ចប្រជុំចរចាជាប្រវត្តិសាស្រ្តរវាងរដ្ឋបាលអាមេរិកនិងរដ្ឋបាលរុស្ស៊ីក្នុងជម្លោះអ៊ុយក្រែន។
ទាំងស្ថិតនៅក្នុងអំណាចក្នុងអាណត្តិទី១របស់លោក ដូណាល់ ត្រាំ អំឡុងពេលអស់អំណាច និងការកាន់អំណាចជាថ្មីម្តងទៀត លោក ដូណាល់ និងក្រុមគ្រួសារបស់លោក តែងតែរក្សាទំនាក់ទំនងល្អ ល្អូកល្អើនជាមួយខ្សែរាជវង្សអារ៉ាប៊ីសាអូឌីតក្នុងវិថីជំនួញ។
ក្រោយអស់តួនាទីជាទីប្រឹក្សាជាន់ខ្ពស់នៅសេតវិមានក្នុងឆ្នាំ២០២១ ពេលដែលលោកត្រាំផុតអាណត្តិទី១ កូនប្រសាររបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ លោក Jared Kushner ដែលរៀបការជាមួយនាង Ivanka Trump បានបង្កើតក្រុមហ៊ុន Affinity Partners ដែលជាក្រុមហ៊ុនភាគហ៊ុនឯកជនដែលមានមូលដ្ឋាននៅទីក្រុង Miami ។
ក្រុមហ៊ុននេះទទួលបានការវិនិយោគចំនួន ២ពាន់លានដុល្លារពីមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាមូលនិធិវិនិយោគសាធារណៈ (PIF) ដែលគ្រប់គ្រងដោយព្រះអង្គម្ចាស់ Mohammed bin Salman។ ការវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់នេះត្រូវបានធ្វើឡើង បើទោះបីជាមានការព្រួយបារម្ភជាបឋមពីក្រុមប្រឹក្សាយោបល់របស់ PIF អំពីភាពគ្មានបទពិសោធន៍របស់ក្រុមហ៊ុនគ្រប់គ្រងដោយកូនប្រសារលោកត្រាំក្តី និងហានិភ័យដែលពាក់ព័ន្ធផ្សេងៗជាច្រើនទៀតក៏ដោយ។

ក្រុមហ៊ុន Affinity Partners មានគោលបំណងប្រើប្រាស់មូលនិធិពីអារ៉ាប៊ីសាអូឌីតទាំងនេះដើម្បីវិនិយោគនៅក្នុងក្រុមហ៊ុនអាមេរិក និងអ៊ីស្រាអែលដែលពង្រីកទៅក្នុងតំបន់ដូចជាប្រទេសឥណ្ឌា អាហ្វ្រិក និងផ្នែកផ្សេងទៀតនៃអាស៊ី។
ក្រុមហ៊ុនរបស់កូនប្រសារលោក ដូណាល់ ត្រាំ បានដឹកនាំការវិនិយោគរបស់អារ៉ាប៊ីសាអូឌីតទៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យារបស់អ៊ីស្រាអែល ដែលជាការកត់សម្គាល់ពីការអភិវឌ្ឍន៍ដ៏សំខាន់មួយ ដោយសារអវត្តមាននៃទំនាក់ទំនងការទូតផ្លូវការរវាងអារ៉ាប៊ីសាអូឌីត និងអ៊ីស្រាអែលនៅពេលនោះ។
ការទទួលយកការវិនិយោគនេះ បានជំរុញឱ្យមានការតាមដាននិងការរិះគន់។ អ្នកជំនាញខាងក្រមសីលធម៌ និងសមាជិកសភាបានលើកឡើងពីការព្រួយបារម្ភអំពីជម្លោះផលប្រយោជន៍ដែលអាចកើតមាន ដោយលើកឡើងថា ការផ្តល់មូលនិធិនេះអាចត្រូវបានគេយល់ថាជារង្វាន់សម្រាប់ជំហរអំណោយផលរបស់ Kushner ចំពោះអារ៉ាប៊ីសាអូឌីត អំឡុងពេលដែលលោកកាន់តំណែងក្នុងរដ្ឋបាលរបស់លោកដូណាល់ត្រាំ។
ជាការឆ្លើយតប គណៈកម្មាធិការត្រួតពិនិត្យសភាអាមេរិកបានផ្តួចផ្តើមការស៊ើបអង្កេតនៅឆ្នាំ២០២២ ដើម្បីពិនិត្យមើលថាតើផលប្រយោជន៍ហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់លោក Kushner មានឥទ្ធិពលមិនត្រឹមត្រូវលើគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកដែរឬទេ។
គិតត្រឹមចុងឆ្នាំ២០២៤ របាយការណ៍បង្ហាញថា ខណៈពេលដែលក្រុមហ៊ុន Affinity Partners បានប្រមូលបានទឹកប្រាក់ប្រហែល១៥៧លានដុល្លារសម្រាប់គ្រប់គ្រង ប៉ុន្តែក្រុមហ៊ុននេះមិនទាន់រកបានប្រាក់ចំណេញណាមួយដល់អ្នកវិនិយោគរបស់ខ្លួននៅឡើយទេ។ លទ្ធផលហិរញ្ញវត្ថុនេះបានធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងអំពីប្រតិបត្តិការរបស់ក្រុមហ៊ុន និងលក្ខណៈនៃទំនាក់ទំនងរបស់ខ្លួនជាមួយវិនិយោគិនបរទេស។
ការបណ្តាក់ទុនក្រោយសេតវិមានរបស់ Jared Kushner ដែលជាដៃគូសហការ បានបង្កើតទំនាក់ទំនងហិរញ្ញវត្ថុដ៏សំខាន់ជាមួយអារ៉ាប៊ីសាអូឌីត តាមរយៈការវិនិយោគយ៉ាងច្រើនពីមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យរបស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត៕
ដោយ រ៉ាន់ រើយ
The post គ្រួសារលោកដូណាល់ ត្រាំ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ស៊ីជម្រៅអ្នកដឹកនាំអារ៉ាប៊ីសាអូឌីត appeared first on Kampuchea Thmey Daily.