ក្រុមតវ៉ាគាំទ្រប្រធានាធិបតី Yoon ប្រែក្លាយទៅហិង្សា ក្រោយតុលាការចេញដីកាចាប់ខ្លួន
ប្រជាជនកូរ៉េខាងត្បូងចេញតវ៉ាតាមដងផ្លូវ និងមានប្រើអំពើហិង្សាដោយបំផ្លាញអគារតុលាការ ដើម្បីបង្ហាញការគាំទ្រលោក Yoon Suk Yeol ដែលតុលាការក្រុងសេអ៊ូលសម្រេចចេញដីកាចាប់ខ្លួន... The post ក្រុមតវ៉ាគាំទ្រប្រធានាធិបតី Yoon ប្រែក្លាយទៅហិង្សា ក្រោយតុលាការចេញដីកាចាប់ខ្លួន appeared first on Kampuchea Thmey Daily.
ប្រជាជនកូរ៉េខាងត្បូងចូលម៉ឺននាក់ យោងទីភ្នាក់ងារព័ត៌មានបារាំង AFP បានចេញទៅតវ៉ាតាមដងផ្លូវ និងមានប្រើអំពើហិង្សាដោយបំផ្លាញអគារតុលាការទៀតផង ដើម្បីបង្ហាញការគាំទ្រលោក Yoon Suk Yeol ដែលតុលាការក្រុងសេអ៊ូលសម្រេចចេញដីកាចាប់ខ្លួននៅថ្ងៃទី១៨ ដើម្បីបន្ថែមនីតិវធីឃុំខ្លួនរហូតដល់២០ថ្ងៃបន្ថែមទៀតក្នុងបំណងសួរចម្លើយ។
ប្រធានាធិបតីដែលព្យួរអំណាចដោយសភាជាតិបោះឆ្នោតទម្លាក់កាលថ្ងៃទី១៤ខែធ្នូឆ្នាំ២០២៤ និងដែលកំពុងឡោមព័ទ្ធដោយរឿងក្តីក្តាំងតុលាការនិងការស៊ើបអង្កេតផ្សេងៗដ៏ចាក់ស្រេះ ធ្លាប់បានបង្ហាញជំហរប្រយុទ្ធដល់ទីបញ្ចប់តាមរយៈវេទិកានយោបាយចុងក្រោយ គឺតុលាការធម្មនុញ្ញដែលចាប់ផ្តើមបើកសវនាការលើបណ្តឹងរបស់សភាដែលបានចោទប្រកាន់ព្យួរអំណាចរបស់លោក។
ការចាប់ខ្លួនរបស់លោក Yoon នាពេលនេះ ធ្វើឡើងបន្ទាប់ពីលោកបដិសេធមិនសហការឆ្លើយបំភ្លឺតាមការសួរចម្លើយដោយការិយាល័យស៊ើបអង្កេតពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ (CIO) ក្នុងពេលកន្លងមក ហើយCIO ក៏សហការជាមួយតុលាការក្នុងក្រុងសេអ៊ូលដើម្បីចេញដីកាចាប់ខ្លួនតែម្តង ដែលលោក Yoon និងមេធាវីរបស់លោក យល់ថា«ខុសច្បាប់» ព្រោះពួកគេគ្មានអំណាចអនុវត្តការស៊ីចម្លើយនិងចាប់ខ្លួនលោកឡើយ ដោយសារលោកស្ថិតនៅក្នុងតំណែងប្រធានាធិបតី។
តាមសេចក្តីរាយការណ៍របស់ AFP មានអ្នកគាំទ្ររបស់លោក Yoon រាប់ម៉ឺននាក់ចេញទៅតវ៉ាតាមដងផ្លូវ ហើយក៏មានការសកម្មភាពវាយបង្អួចរបស់តុលាការក្រុងសេអ៊ូលផងដែរ។ ជាមួយគ្នានោះ កងកម្លាំងប៉ូលិសរាប់រយនាក់ក៏ត្រូវបានដាក់ពង្រាយ និងមានការចាប់ខ្លួនដោយបង្ខំចំពោះអ្នកប្រើប្រាស់អំពើហិង្សាផងដែរ។
អំឡុងពេលឃុំខ្លួននៅការិយាល័យ CIO លោក Seok Dong-hyeon មេធាវីនិងជាមិត្តចាស់របស់លោក Yoon ត្រូវបានទីភ្នាក់ងារព័ត៌មាន Yonhap ដកស្រង់សម្តីដោយនិយាយថា៖«លោកប្រធានាធិបតីបានបញ្ជាក់ជំហរមូលដ្ឋានរបស់គាត់អស់ហើយ អំឡុងពេលការសាកសួររបស់ CIO នៅថ្ងៃដំបូង និងមិនឃើញនូវហេតុផលផ្សេង ឬក៏សេចក្តីត្រូវការដើម្បីឆ្លើយតបទៅនឹងប្រភេទសំណួរនិងចម្លើយនៃការចោទសួរនោះទេ»។
ប្រធានាធិបតី Yoon បានទាញទម្លាក់ស្ថានការណ៍ប្រទេសកូរ៉េខាងត្បូងចូលទៅក្នុងវិបត្តិ បន្ទាប់ពីការប្រកាសច្បាប់អាជ្ញាសឹកកាលថ្ងៃទី៣ខែធ្នូ ដោយប៉ងចាប់មេដឹកនាំបក្សប្រឆាំង ប្រធានសភា និងបុគ្គលសំខាន់ៗ ក្រោមបទចោទដែលលោកលើកឡើងពាក់ព័ន្ធ «កម្លាំងប្រឆាំងរដ្ឋ» និង «ការគាំទ្រកូរ៉េខាងជើង»។
ប៉ុន្តែការប្រកាសរបស់លោក បានប្រហែល៦ម៉ោងក្រោយមក សភាជាតិក៏បានបោះឆ្នោតច្រានចោលការប្រកាសដាក់ច្បាប់អាជ្ញាសឹកនោះវិញ ដោយមានការគាំទ្រពីសមាជិកសភានៃគណបក្សអំណាចប្រជាជន (People Power Party) របស់លោកផង ធ្វើឲ្យលោកសម្រេចចិត្តប្រកាសដាក់ច្បាប់អាជ្ញាសឹកនោះវិញ។
ទោះបីលោកប្រកាសដក ប៉ុន្តែលោកក៏នោះប្រឈមការចោទប្រកាន់ជាច្រើន ដូចជា ការប៉ះបោរប្រឆាំងរដ្ឋធម្មនុញ្ញ ការរំលោភអំណាច និងអំពើក្បត់ជាដើម។
តាមអ្នកជំនាញផ្លូវច្បាប់នៅប្រទេសកូរ៉េខាងត្បូង ក្នុងករណីលោក Yoon ត្រូវបានចេញដីកាចាប់ខ្លួនជាផ្លូវការ នោះការស៊ើបអង្កេតលើនីតិវិធីព្រហ្មទណ្ឌនឹងត្រូវធ្វើឡើយ ហើយ បើរកឃើញពិរុទ្ធភាព ប្រធានាធិបតី Yoon Suk Yeol អាចមានទោសធ្ងន់រហូតដល់ប្រហារជីវិតឬក៏ត្រូវជាប់ពន្ធនាគារពេញ១ជីវិត៕
ដោយ រ៉ាន់ រើយ
The post ក្រុមតវ៉ាគាំទ្រប្រធានាធិបតី Yoon ប្រែក្លាយទៅហិង្សា ក្រោយតុលាការចេញដីកាចាប់ខ្លួន appeared first on Kampuchea Thmey Daily.