កុមារកម្ពុជាជិត ២លាននាក់ កំពុងរស់នៅប្រឈមនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ
យោងតាមសន្ទស្សន៍ហានិភ័យអាកាសធាតុសម្រាប់កុមារសកល ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលកុមារប្រឈមនឹងហានិភ័យខ្ពស់បំផុតទៅនឹងផលប៉ះពាល់ The post កុមារកម្ពុជាជិត ២លាននាក់ កំពុងរស់នៅប្រឈមនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ appeared first on Kampuchea Thmey Daily.
យោងតាមសន្ទស្សន៍ហានិភ័យអាកាសធាតុសម្រាប់កុមារសកល ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលកុមារប្រឈមនឹងហានិភ័យខ្ពស់បំផុតទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ តាមរយៈទិន្នន័យស៊ីជម្រៅ និងលម្អិតនៅថ្នាក់ឃុំ របាយការណ៍នេះផ្តល់នូវទិដ្ឋភាពទូលំទូលាយនៃហានិភ័យអាកាសធាតុដែលកុមារកំពុងប្រឈមក្នុងប្រទេសកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានអង្គការ UNICEF Cambodia ចេញផ្សាយនៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៥។
សន្ទស្សន៍ហានិភ័យអាកាសធាតុនេះ បានបង្ហាញថា កុមារកម្ពុជាប្រមាណជិត ២លាននាក់ ដែលមានចំនួនច្រើនជាង មួយភាគបី នៃកុមារកម្ពុជាសរុប កំពុងរស់នៅក្នុងឃុំដែលមានសន្ទស្សន៍ហានិភ័យអាកាសធាតុលើកុមារ ខ្ពស់ ឬខ្ពស់ខ្លាំង។ ភាគច្រើននៃឃុំទាំងនោះស្ថិតនៅក្នុងតំបន់ដាច់ស្រយាល។
យោងតាមប្រភពដដែល ជិតមួយភាគបីនៃកុមារកម្ពុជាសរុបប្រឈមមុខខ្លាំងទៅនឹងគ្រោះរាំងស្ងួត,ជាងពាក់កណ្តាលនៃកុមារកម្ពុជាសរុបប្រឈមមុខខ្លាំងទៅនឹងការកើនទ្បើងកម្តៅ ជំងឺដែលបង្កដោយភ្នាក់ងារចម្លង និងខ្យល់កន្ទ្រាក់។ ស្ទើរតែពាក់កណ្តាលនៃកុមារកម្ពុជាសរុបប្រឈមមុខខ្លាំងទៅនឹងជំនន់ទឹកទន្លេ និងពាក់កណ្តាលនៃកុមារកម្ពុជាប្រឈមមុខខ្លាំងទៅនឹងការបំពុលបរិយាកាស ដែលលើសពីកម្រិតស្តង់ដាដែលបានណែនាំដោយអង្គការសុខភាពពិភពលោក។
យោងតាមសន្ទស្សន៍ហានិភ័យអាកាសធាតុលើកុមារ កុមារកម្ពុជាដែលងាយរងគ្រោះបំផុតរស់នៅឃុំនានាក្នុងភូមិភាគឦសាន តំបន់ជុំវិញបឹងទន្លេសាប និងផ្នែកខ្លះនៃតំបន់វាលទំនាប។
កុមារទាំងនេះប្រឈមមុខនឹងហានិភ័យអាកាសធាតុកាន់តែខ្លាំង ដោយសារតែសេវាសង្គមជាមូលដ្ឋានមិនទាន់អាចឆ្លើយតបនឹងតម្រូវការ ជាពិសេសផ្នែកសុខភាពនិងអាហារូបត្ថម្ភ គួបផ្សំនឹងកង្វះខាតផ្នែកជីវភាពនិងការផ្តល់សេវាគាំពារសង្គម ការផ្តល់នូវទឹកស្អាត និងអនាម័យ កិច្ចការពារកុមារ និងការអប់រំ។
ដើម្បីដោះស្រាយបញ្ហានេះក្រសួងបរិស្ថាន សហការជាមួយយូនីសេហ្វ បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ឯកសារសន្ទស្សន៍ហានិភ័យអាកាសធាតុលើកុមារសម្រាប់កម្ពុជា (CCRI) ជាលើកដំបូង។ តាមរយៈព្រឹត្តិការណ៍នេះក៏បានបង្ហាញពីការចុះហត្ថលេខាលើសេចក្តីប្រកាសស្តីពីកុមារ យុវជន និងសកម្មភាពអាកាសធាតុ ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរួមចំពោះគោលនយោបាយអាកាសធាតុដែលផ្តោតលើកុមារ ។
លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ព័ត៌មានសន្ទស្សន៍ហានិភ័យអាកាសធាតុសម្រាប់កុមារ ពិតជាមានសារៈសំខាន់ ក្នុងការផ្តល់ជាផែនទីបង្ហាញផ្លូវបន្ថែមទៀតសម្រាប់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងបរិស្ថាន និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការកំណត់សកម្មភាពអាទិភាពដែលគិតគូរដល់សុខមាលភាព និងកិច្ចការពារកុមារដែលងាយរងគ្រោះបំផុត ដោយធានាថាការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងយុទ្ធសាស្ត្របន្សាំនឹងការប្រែប្រួលអាកាសធាតុ គឺត្រូវបានបញ្ចូល និងផ្តោតលើតម្រូវការរបស់កុមារ និងយុវជន។
លោកថា៖«ព័ត៌មានទាំងនេះក៏បានផ្តល់ជាធាតុចូលក្នុងការរៀបចំអន្តរាគមន៍ និងកម្មវិធីអប់រំអំពីហានិភ័យអាកាសធាតុ និងគ្រោះមហន្តរាយ សំដៅជួយកុមារ និងគ្រួសាររបស់ពួកគេឱ្យយល់ដឹងបន្ថែមពីការគំរាមកំហែងដែលពួកគេប្រឈមមុខ និងការត្រៀមខ្លួនសម្រាប់ការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយ»។
លោក វីល ផាកស៍ នាយកយូនីសេហ្វប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ថា សន្ទស្សន៍ហានិភ័យអាកាសធាតុលើកុមារសម្រាប់កម្ពុជា គឺជាឧបករណ៍ដ៏មានអានុភាពមួយដើម្បីសកម្មភាពរួម ផ្តល់សិទ្ធិអំណាចដល់អ្នកដឹកនាំ សហគមន៍ និងជាពិសេស យុវជន និងកុមារ ក្នុងការចាត់វិធានការជាក់ស្តែងដើម្បីកាត់បន្ថយ និងដោះស្រាយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ លោកបន្តថា «ការចុះហត្ថលេខានេះ គឺជាជំហានឆ្ពោះទៅមុខយ៉ាងសំខាន់ក្នុងការផ្តល់សិទ្ធិអំណាចដល់យុវជន និងកុមារ ឱ្យចូលរួមយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយផលប៉ះពាល់ និងបន្សាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ»។
តាមរយៈការចុះហត្ថលេខាលើសេចក្តីប្រកាសរបស់យូនីសេហ្វស្តីពីកុមារ យុវជន និងសកម្មភាពអាកាសធាតុ កម្ពុជាបានដើរតួនាទីជាអ្នកដឹកនាំក្នុងតំបន់អាស៊ាន លើគោលនយោបាយអាកាសធាតុដែលផ្តោតលើកុមារ៕
The post កុមារកម្ពុជាជិត ២លាននាក់ កំពុងរស់នៅប្រឈមនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ appeared first on Kampuchea Thmey Daily.