ការលក់ឡាននៅអឺរ៉ុបកើនឡើង ប៉ុន្តែ Tesla ធ្លាក់ចុះជិត ៣០%
ម៉ាកយីហោ Tesla បានធ្លាក់ចុះ ដោយសារតែកំណើននៃការប្រកួតប្រជែងពីក្រុមហ៊ុនក្នុងតំបន់ និងក្រុមហ៊ុនចិន ក៏ដូចជាការរិះគន់លោក អេឡុន ម៉ាសក៍ The post ការលក់ឡាននៅអឺរ៉ុបកើនឡើង ប៉ុន្តែ Tesla ធ្លាក់ចុះជិត ៣០% appeared first on Kampuchea Thmey Daily.

ការលក់រថយន្តថ្មីរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla នៅអឺរ៉ុប បានធ្លាក់ចុះ ២៨,២ ភាគរយ កាលពីខែមីនា ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ទោះបីជាការលក់រថយន្តអគ្គិសនីនៅទូទាំងទ្វីបបានកើនឡើង ២៣,៦ ភាគរយ ក៏ដោយ។ នេះបើតាមទិន្នន័យពីសមាគមក្រុមហ៊ុនផលិតរថយន្តអឺរ៉ុប (ACEA)។

នេះគឺជាព័ត៌មានចុងក្រោយដែលបង្ហាញថា ម៉ាកយីហោ Tesla បានធ្លាក់ចុះ ដោយសារតែកំណើននៃការប្រកួតប្រជែងពីក្រុមហ៊ុនក្នុងតំបន់ និងក្រុមហ៊ុនចិន ក៏ដូចជាផលអវិជ្ជមាននៃគំនិត និងអាកប្បកិរិយានយោបាយរបស់លោក អេឡុន ម៉ាសក៍ ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន។
ការធ្លាក់ចុះជិត ៣០ ភាគរយ នេះ ធ្វើឱ្យចំណែកទីផ្សារនៅអឺរ៉ុបរបស់ Tesla ធ្លាក់ចុះមកនៅត្រឹម ២ ភាគរយ ធៀបនឹង ២,៩ ភាគរយ កាលពី១ឆ្នាំមុន។
ទិន្នន័យរបស់ ACEA ដដែលបង្ហាញផងដែរថា ក្នុងត្រីមាសទី១ ដើមឆ្នាំ ២០២៥ ការចុះបញ្ជីរថយន្ត Tesla នៅក្នុងអឺរ៉ុប បានធ្លាក់ចុះរហូតទៅដល់ ៤៥ ភាគរយ ក្រុមហ៊ុន Stellantis នធ្លាក់ចុះ ១៤ ភាគរយ និង Mercedes-Benz បានធ្លាក់ចុះ ៦,២ ភាគរយ។

ផ្ទុយទៅវិញ ការចុះបញ្ជីរថយន្តរបស់ក្រុមហ៊ុនអាល្លឺម៉ង់ Volkswagen បានកើនឡើង ៤,៨ ភាគរយ ក្រុមហ៊ុន Renault កើនឡើង ៩,៥ ភាគរយ ខណៈក្រុមហ៊ុនចិន SAIC Motor បានកើនឡើងកប់ពពករហូតទៅដល់ ៥២,៣ ភាគរយ។
គិតតែក្នុងខែមីនា ទិន្នន័យបង្ហាញថា ការលក់រថយន្តថ្មីសរុបនៅអឺរ៉ុប បានកើនឡើង ២,៨ ភាគរយ ដែលជំរុញដោយកំណើនខ្ពស់នៅអង់គ្លេស និងអេស្បាញ បណ្ដាលមកពីកំណើនលក់នៃរថយន្ត EV ដែលប៉ះប៉ូវលើការលក់ចុះខ្សោយនៃរថយន្តស៊ីសាំង។ យ៉ាងណាមិញ ការលក់រថយន្តទាំងមូលរបស់អឺរ៉ុប បានធ្លាក់ចុះ ០,២ ភាគរយ នៅខែមីនាដដែល ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕
The post ការលក់ឡាននៅអឺរ៉ុបកើនឡើង ប៉ុន្តែ Tesla ធ្លាក់ចុះជិត ៣០% appeared first on Kampuchea Thmey Daily.