ការប្រមូលផលគ្រាប់ស្វាយចន្ទីសម្រេចបានជាង ៧០%
ត្បិតតែទិន្នផលថយចុះបន្តិច ប៉ុន្តែតម្លៃគ្រាប់ស្វាយ ចន្ទីមានភាពល្អប្រសើរគឺ ៥ ៣០០ រៀលឡើង ក្នុងមួយគីឡូក្រាមសម្រាប់គ្រាប់ឆៅ... The post ការប្រមូលផលគ្រាប់ស្វាយចន្ទីសម្រេចបានជាង ៧០% appeared first on Kampuchea Thmey Daily.

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងនៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៥ថា គិតមកដល់ពេលនេះការប្រមូលផលគ្រាប់ស្វាយចន្ទី សម្រេចបានប្រមាណ ៧០% ខណៈតម្លៃ និងការនាំចេញមានភាពល្អប្រសើរ។

បើតាមលោក អួន ស៊ីឡុត ត្បិតតែទិន្នផលថយចុះបន្តិច ប៉ុន្តែតម្លៃគ្រាប់ស្វាយចន្ទីមានភាពល្អប្រសើរគឺ ៥ ៣០០ រៀលឡើង ក្នុងមួយគីឡូក្រាមសម្រាប់គ្រាប់ឆៅ។
លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា៖ «នៅឆ្នាំនេះ គ្រាប់ស្វាយចន្ទីសើម នៅដើមរដូវប្រមូលផល មានតម្លៃរហូត ៦៥០០រៀល ហើយបច្ចុប្បន្ននេះ មានតម្លៃចន្លោះពី ៤៨០០-៥២០០រៀលក្នុងមួយគីឡូក្រាម ទៅតាមតំបន់ និងគុណភាពគ្រាប់ បើប្រៀបធៀបរយៈពេល៥ឆ្នាំ ចាប់ឆ្នាំ២០២១-២០២៥ គឺតម្លៃគ្រាប់ស្វាយចន្ទីឆ្នាំ២០២៥នេះ មានតម្លៃខ្ពស់ជាងគេ ដោយសារមានទីផ្សារល្អ»។ តាមការវាយតម្លៃនៅតាមតំបន់មួយចំនួនមានភ្លៀងធ្លាក់ច្រើន ធ្វើឱ្យទិន្នផលអាចថយចុះ។
ដោយឡែក នៅតំបន់ដែលមានភ្លៀងតិចតួច ទិន្នផលអាចកើនឡើង ហើយការប្រមូលផលឆ្នាំនេះ អាចបញ្ចប់យឺតជាងឆ្នាំកន្លងមក ប៉ុន្តែក្រុមការងារនឹងបន្តតាមដានទៀត។

យោងតាមសមាគមស្វាយចន្ទីកម្ពុជា នៅឆ្នាំ ២០២៤ កម្ពុជាសម្រេចបានការប្រមូលទិន្នផលគ្រាប់ស្វាយចន្ទីចំនួន ៨៥ ម៉ឺនតោន ក្នុងនោះនាំចេញគ្រាប់ឆៅបានចំនួន ៨១ ម៉ឺន ៥ ពាន់តោន កើនឡើង ២១% គិតជាទឹកប្រាក់ ១,១៥០ ពាន់លានដុល្លារ កើន ២៦,១៥%។ ក្នុងនោះនាំចេញទៅវៀតណាមចំនួន ៧៩ ម៉ឺន ៥ ពាន់តោន។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជាមានផ្ទៃដីប្រមូលផលស្វាយចន្ទីសរុបចំនួនជាង ៥៨ ម៉ឺនហិកតា (៥៨០ ១១៧) ក្នុងនោះខេត្តចំនួន ១០ របស់កម្ពុជា មានផ្ទៃដីដាំដុះស្វាយចន្ទីច្រើនជាងគេរួមាន ខេត្តកំពង់ធំជិត ១៥ ម៉ឺនហិកតា (១៤៧ ៧០៣) ខេត្តក្រចេះជាង ១០ ម៉ឺនហិកតា (១០២ ៥២០) រតនគិរី ៩៧ ២៥៨ ហិកតា កំពង់ចាម ៤៦ ៥៨២ ហិកតា ស្ទឹងត្រែង ៤៤ ២៥០ ហិកតា ខេត្តត្បូងឃ្មុំ ៣៦ ៤០៣ ហិកតា ខេត្តសៀមរាប ៣៥ ៩១៤ ហិកតា ខេត្តព្រះវិហារ ២៨ ៩៦៥ ហិកតា ឧត្តរមានជ័យ ១៣ ៨១៨ ហិកតា និងមណ្ឌលគិរី ៩ ៨៥៨ ហិកតា៕
អត្ថបទ៖ ឡេង ដេត
The post ការប្រមូលផលគ្រាប់ស្វាយចន្ទីសម្រេចបានជាង ៧០% appeared first on Kampuchea Thmey Daily.