កម្ពុជា-ថៃ ពិភាក្សាការងារផ្ដោតលើគោលដៅសំខាន់ៗ ៥ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

កម្ពុជា-ថៃ ពិភាក្សាការងារផ្ដោតលើគោលដៅសំខាន់ៗ ៥ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស... The post កម្ពុជា-ថៃ ពិភាក្សាការងារផ្ដោតលើគោលដៅសំខាន់ៗ ៥ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស appeared first on Kampuchea Thmey Daily.

កម្ពុជា-ថៃ ពិភាក្សាការងារផ្ដោតលើគោលដៅសំខាន់ៗ ៥ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

កម្ពុជា និង ថៃ បាន​ពិភាក្សា​ការងារ ដោយ​ផ្ដោត​លើ​គោលដៅ​សំខាន់ៗ ចំនួន ៥ ដើម្បី​លុបបំបាត់ ប្រយុទ្ធ​ប្រឆាំង បង្ការ ទប់ស្កាត់ និង​បង្ក្រាប អំពើ​ជួញដូរ​មនុស្ស។

ការ​ពិភាក្សា​ការងារ​នេះ ក្នុង​ឱកាស លោក ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ដឹកនាំ​ប្រតិភូ​កម្ពុជា ចូលរួម​កិច្ចប្រជុំ​ទ្វេភាគី​កម្ពុជា​-​ថៃ ស្ដីពី​ការ​រៀបចំ​ផែនការ​សកម្មភាព​សម្រាប់​ការ​អនុវត្ត​អនុស្សរណៈ នៃ​ការ​យោគយល់​គ្នា លើ​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី ដើម្បី​លុបបំបាត់​ការ​ជួញដូរ​មនុស្ស និង​ការ​ជួយ​ជនរងគ្រោះ​ដោយសារ​ការ​ជួញដូរ ដំណាក់កាល​ទី ២ ឆ្នាំ ២០២៥-២០២៨ ដែល​រៀបចំ​ធ្វើ​នៅ​សណ្ឋាគារ​អង្គរ​ប៉ា​រ៉ា​ឌី ខេត្ត​សៀមរាប កាលពី​ថ្ងៃ​ទី ២៩-៣០ ខែ​មករា ឆ្នាំ ២០២៥។

នា​ឱកាស​នោះ ភាគី កម្ពុជា-ថៃ បាន​ពិភាក្សា​ការងារ​ដោយ​ផ្ដោត​ទៅ​លើ​ការ​ពង្រឹង​លើ​កិច្ច​សហ​ប្រតិបត្តិការ និង​ការ​រៀបចំ​ផែនការ​សកម្មភាព​សម្រាប់​អនុវត្ត​អនុស្សរណៈ នៃ​យោគយល់​គ្នា រវាង​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ និង​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្ដីពី​កិច្ច​សហការ​ទ្វេភាគី ដើម្បី​លុបបំបាត់​ការ​ជួញដូរ​មនុស្ស និង​ការ​ជួយ​ជនរងគ្រោះ​ដោយសារ​ការ​ជួញដូរ ផ្ដោត​លើ​គោលដៅ​សំខាន់ៗ ចំនួន ៥ រួមមាន ៖ ១.យន្តការ​ប្រតិបត្តិ​ផែនការ​សកម្មភាព​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស។ ២.ការ​វិភាគ​ស្ថានភាព និង​ការ​វាយតម្លៃ​អំពី​តម្រូវការ​ចាំបាច់​នានា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស។៣.ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិធានការ​បង្ការ និង​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស។ ៤.បន្ត​ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​លើ​ការ​ការពារ ការ​លើក​កម្ពស់​សិទ្ធិ ការ​ធ្វើ​មាតុភូមិនិវត្តន៍ និង​ការ​ធ្វើ​សមាហរណកម្ម​ឡើងវិញ នៃ​ជនរងគ្រោះ​ដោយសារ​អំពើ​ជួញដូរ​មនុស្ស។ ៥.បន្ត​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​លើ​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស។

គួរ​ជម្រាប​ថា គណៈប្រតិភូ​ថៃ ដឹកនាំ​ដោយ លោកស្រី ចា​ទូ​ព័ន្ធ រ៉ូ​ចា​នា​ផា​និ​ច (Jatuporn Rojanaparnich) អនុរដ្ឋលេខាធិការ ក្រសួង​អភិវឌ្ឍន៍​សង្គម និង​សន្តិសុខ​មនុស្ស នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍។

ចំពោះ​សមាសភាព​គណៈប្រតិភូ​ថៃ​រួមមាន ៖ តំណាង​ក្រសួង​អភិវឌ្ឍន៍​សង្គម និង​សន្តិសុខ​មនុស្ស ​, ក្រសួង​ការងារ ក្រសួងមហាផ្ទៃ​(​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​) , អគ្គ​កុងស៊ុល​ថៃ​ប្រចាំ​ខេត្ត​សៀមរាប ​, និង​អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ ​(IOM)។

ចំណែក​សមាសភាព​គណៈ​ប្រតិភូ​កម្ពុជា មកពី​តំណាង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​, ក្រសួងមហាផ្ទៃ​(​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ​, អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​) , អគ្គលេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ក្រសួងយុត្តិធម៌ ក្រសួង​កិច្ចការ​នារី​ , ក្រសួង​អប់រំ យុវជន និង​កីឡា ​, និង​អង្គការ​អន្តរជាតិ​ទេសន្តរ​ប្រវេសន៍​ប្រចាំ​កម្ពុជា (IOM)៕

អត្ថបទ ៖ ពិស

The post កម្ពុជា-ថៃ ពិភាក្សាការងារផ្ដោតលើគោលដៅសំខាន់ៗ ៥ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស appeared first on Kampuchea Thmey Daily.