កម្ពុជាកំពុងរៀបចំនីតិវិធីពិសេស សម្រាប់ការនាំចេញទំនិញទៅទីផ្សារអាមេរិក
ក្រសួងពាណិជ្ជកម្ម និងក្រសួងស្ថាប័នពាក់ព័ន្ធ កំពុងរៀបចំនីតិវិធីពិសេស បន្ថែមសម្រាប់ការនាំចេញទំនិញ... The post កម្ពុជាកំពុងរៀបចំនីតិវិធីពិសេស សម្រាប់ការនាំចេញទំនិញទៅទីផ្សារអាមេរិក appeared first on Kampuchea Thmey Daily.

ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៥បានប្រកាសថាកម្ពុជាបានអនុវត្តយ៉ាងគត់មត់នូវវិធានពាណិជ្ជកម្មអន្តរជាតិ កាតព្វកិច្ច និងការសន្យាពេលចូលជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក ដែលក្នុងនោះកម្ពុជាបានរៀបចំ និងប្រកាសឱ្យប្រើច្បាប់ស្តីពីវិធានដើមកំណើតទំនិញ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ ក្នុងគោលបំណងជំរុញ និងសម្រួលពាណិជ្ជកម្មដែលបានប្រយោជន៍ពីការអនុគ្រោះពាណិជ្ជកម្ម និងការអនុវត្តក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ព្រមទាំងចូលរួមទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ។

ក្រសួងពាណិជ្ជកម្ម និងក្រសួងស្ថាប័នពាក់ព័ន្ធ កំពុងរៀបចំនីតិវិធីពិសេស បន្ថែមសម្រាប់ការនាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិកដើម្បីរក្សាបាននូវផលប្រយោជន៍ជូនផលិតករ និងអ្នកនាំចេញ ដោយនឹងពង្រឹងយន្តការត្រួត ពិនិត្យការប្រើប្រាស់វត្ថុធាតុដើម និងតម្លៃបន្ថែមក្នុងស្រុក ដើម្បីធានាបាននូវតម្លាភាព និងអនុលោមភាពតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីវិធានដើមកំណើតទំនិញ និងវិធានដើមកំណើត ទំនិញរបស់សហរដ្ឋអាម៉េរិក ដែលនីតិវិធីពិសេសបន្ថែមនេះ នឹងត្រូវបានជម្រាបជូននៅពេលឆាប់ៗនេះ។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៥ បានដឹកនាំបើកការចរចាទ្វេភាគីជាមួយអាមេរិកជុំវិញការដំឡើងពន្ធលើទំនិញនាំចូលទៅអាមេរិក។

ជំនួបនេះ ធ្វើឡើងតាមប្រព័ន្ធវីដេអូជាមួយលោកឯកអគ្គរដ្ឋទូត Jamieson Greer ប្រធានតំណាងពាណិជ្ជកម្មអាមេរិក បន្ទាប់ពីរាជរដ្ឋាភិបាល តាមរយៈលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ស្នើសុំបើកការចរចាស្វែងរកដំណោះស្រាយរួម និងបញ្ចុះពន្ធគយពីអត្រា ៣៥% មកត្រឹម ៥% លើ ១៩ ក្រុមមុខទំនិញរបស់សហរដ្ឋអាមេរិកនាំចូលមកកម្ពុជា។
ភាគីទាំងពីរបានពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី និងបានផ្ដល់សារៈសំខាន់ លើឆន្ទៈក្នុងការចូលរួមកិច្ចសន្ទនាដោយបើកទូលាយ និងស្មារតីស្ថាបនា ដែលជាមូលដ្ឋានដើម្បីបន្តការចរចារឆ្ពោះទៅសម្រេចឱ្យបាននូវទំនាក់ទំនងពាណិជ្ជកម្មដោយសមធម៌ និងតុល្យភាព។ ភាគីទាំងពីរបានឯកភាពបន្តពិភាក្សាក្នុងអំឡុងពេលឆាប់ៗនេះ៕
អត្ថបទ៖ ឡេង ដេត
The post កម្ពុជាកំពុងរៀបចំនីតិវិធីពិសេស សម្រាប់ការនាំចេញទំនិញទៅទីផ្សារអាមេរិក appeared first on Kampuchea Thmey Daily.