អាមេរិក ទម្លាក់គ្រាប់បែកនៅយេម៉ែន ឯអ៊ីស្រាអែល វាយប្រហារនៅហ្គាហ្សា សម្លាប់មនុស្ស ច្រើននាក់
ពេលនេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្កើនប្រតិបត្តិការរបស់ខ្លូនកាន់តែខ្លាំងឡើងហើយនៅតំបន់មជ្ឈិមបូព៌ា ដោយនៅថ្ងៃចន្ទទី២៤ខែមីនាឆ្នាំ២០២៥... The post អាមេរិក ទម្លាក់គ្រាប់បែកនៅយេម៉ែន ឯអ៊ីស្រាអែល វាយប្រហារនៅហ្គាហ្សា សម្លាប់មនុស្ស ច្រើននាក់ appeared first on Kampuchea Thmey Daily.

តាមប្រភពពី Al Jazeera, ពេលនេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្កើនប្រតិបត្តិការរបស់ខ្លូនកាន់តែខ្លាំងឡើងហើយនៅតំបន់មជ្ឈិមបូព៌ា ដោយនៅថ្ងៃចន្ទទី២៤ខែមីនាឆ្នាំ២០២៥ សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកលើបន្ទាយក្រុមឧទ្ទាមហ៊ូធី ក្នុងរដ្ឋធានី សាណា នៃប្រទេសយេម៉ែន ដោយបណ្តាលឲ្យមនុស្សម្នាក់ស្លាប់និងរាប់សិបនាក់ទៀតរងរបួស ហើយថែមទាំងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួនថែមទៀតផង។

តាមការបញ្ជាក់ពីលោកត្រាំ យុទ្ធនាការមិនបន្ថយដៃនេះ គឺដើម្បីកម្ចាត់ក្រុមហ៊ូធី លែងឲ្យពួកគេគំរាមកំហែងលើពាណិជ្ជកម្មតាមសមុទ្រទៀត និងត្រូវស្តារស្ថិរភាពក្នុងតំបន់ឡើងវិញ ជាពិសេសគឺកម្ទេចចលនាសកម្មប្រយុទ្ធដែលមានការគាំទ្រពីសំណាក់ប្រទេសអ៊ីរ៉ង់ ចោលឲ្យក្លាយទៅជាផេះ។
ក្នុងពេលដំណាលគ្នានេះ អ៊ីស្រាអែលឯណោះ ក៏បើកការវាយប្រហារតាមអាកាសនៅទូទាំងតំបន់ហ្គាហ្សានាពេលព្រឹកព្រលឹមផងដែរ ដោយសម្លាប់ពលរដ្ឋប៉ាឡេស្ទីនចំនួន១៦នាក់។

ការវាយប្រហារនេះកើតឡើង បន្ទាប់ពីក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស បង្ហាញតួលេខថា ចំនួនពលរដ្ឋប៉ាឡេស្ទីនស្លាប់ក្រោមដៃលោក Benjamin Netanyahu ដែលប្រើកណ្តាប់ដៃដែកវាយប្រហារលើតំបន់ហ្គាហ្សាមិនប្រណី ចាប់តាំងពីខែតុលាឆ្នាំ២០២៣មក បានកើនដល់ ៥០ ០២១នាក់ហើយ។
លើសពីនេះ មនុស្ស ១១៣ ២៧៤នាក់ក៏ត្រូវរបួសផងដែរ ធ្វើឲ្យវិបត្តិនៅហ្គាហ្សា ក្លាយជាជម្លោះបង្ហូរឈាមខ្លាំងបំផុតមួយ ក្នុងប្រវត្តិសាស្រ្តសម័យទំនើប។ ចំនួននេះគឺស្មើនឹង ២.១% នៃពលរដ្ឋហ្គាហ្សាមុនសង្គ្រាមដែលមានប្រមាណ២.៣លាននាក់ ឬស្មើនឹងប្រហែល ១ក្នុង៤៦នាក់។ យ៉ាងណានេះគឺជាតួលេខផ្សាយដោយខាងហ្គាហ្សា ស្របពេលអ៊ីស្រាអែល មិនបង្ហាញព័ត៌មានលម្អិតអ្វីទេ។

សូមជម្រាបជាថ្មី ជម្លោះបានចាប់ផ្តើមនៅថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ពេលក្រុមហាម៉ាស បើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីស្រាអែល សម្លាប់មនុស្សជាង ១ ០០០នាក់ និងចាប់រាប់រយនាក់ទៀត ជាចំណាប់ខ្មាំង។
ជាការឆ្លើយតប អ៊ីស្រាអែល ក៏បើកប្រតិបត្តិការយោធា ជាមួយគោលដៅកម្ចាត់ក្រុមហាម៉ាសឲ្យផុតរលត់ពីផែនដី ធានាព្រំដែនរបស់ខ្លួន និងដោះលែងចំណាប់ខ្មាំងទាំងអស់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ពលរដ្ឋប៉ាឡេស្ទីន ជាង ៥០ ០០០នាក់ហើយ ស្លាប់ក្រោមដៃអ៊ីស្រាអែល តាំងពីផ្ទុះសង្គ្រាម
The post អាមេរិក ទម្លាក់គ្រាប់បែកនៅយេម៉ែន ឯអ៊ីស្រាអែល វាយប្រហារនៅហ្គាហ្សា សម្លាប់មនុស្ស ច្រើននាក់ appeared first on Kampuchea Thmey Daily.