សម្ដេចធិបតី ហ៊ុន ម៉ាណែត គ្រោងធ្វើទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីន នៅឆ្នាំក្រោយ
បើគ្មានការប្រែប្រួល សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គ្រោងនឹងអញ្ជើញធ្វើទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីន នៅឆ្នាំក្រោយ The post សម្ដេចធិបតី ហ៊ុន ម៉ាណែត គ្រោងធ្វើទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីន នៅឆ្នាំក្រោយ appeared first on Kampuchea Thmey Daily.
បើគ្មានការប្រែប្រួល សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គ្រោងនឹងអញ្ជើញបំពេញទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីន នៅឆ្នាំក្រោយ។ នេះបើតាមការទម្លាយឱ្យដោយមន្ត្រីការទូតនៃប្រទេសពីរ ក្នុងជំនួបមួយនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាស្ដីពីលទ្ធផលជំនួបនេះ គឺលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានពិភាក្សាជាមួយលោកស្រី ហ្វ្លើរីដា អាន ខេមៀល ភី ម៉ាយូ (Flerida Ann Camille P. Mayo) ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា អំពីការរៀបចំដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ទៅប្រទេសហ្វីលីពីន នៅឆ្នាំក្រោយ គឺឆ្នាំ២០២៥។ ភាគីទាំងពីរ ចាត់ទុកថា ដំណើរទស្សនកិច្ចពេលខាងមុខ ជាឱកាសដ៏សំខាន់សម្រាប់ប្រទេសទាំងពីរក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសទៅលើវិស័យពាណិជ្ជកម្ម និងធុរកិច្ច។
ដំណើរទស្សនកិច្ចនេះទៀតសោត គឺតបតាមការអញ្ជើញរបស់លោកប្រធានាធិបតីហ្វីលីពីន កាលពីខែមីនា ឆ្នាំ២០២៤ តាមរយៈជំនួបនៅទីក្រុងម៉ែលប៊ន ក្នុងឱកាសមេដឹកនាំទាំងពីរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី។
មែនទែនទៅ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី និងប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជេអរ (Ferdinand Marcos Jr.) បានជួបពិភាក្សាការងារ ២លើករួចមកហើយ កាលពីខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅឥណ្ឌូណេស៊ី និងខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នៅទីក្រុងម៉ែលប៊ន។ ក្នុងនោះ ជំនួបនៅឥណ្ឌូណេស៊ី បានបើកភ្លើងខៀវឱ្យមានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងប្រទេសទាំងពីរសម្រាប់ភាពជាដៃគូក្នុងការអភិវឌ្ឍកសិកម្ម និងសហគ្រាសមីក្រូ-ធុនតូច និងមធ្យម។
ឈរលើស្មារតីជាមិត្តភាពល្អនេះ រដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន និងលោកស្រីឯកអគ្គរដ្ឋទូត បានអះអាងសាជាថ្មីអំពីទំនាក់ទំនងយូរអង្វែង និងរឹងមាំរវាងកម្ពុជា និងហ្វីលីពីន និងបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ។
រដ្ឋមន្ត្រីការបរទេសកម្ពុជា និងឯកអគ្គរដ្ឋទូតហ្វីលីពីន បានវាយតម្លៃពីលទ្ធផលនៃកិច្ចប្រជុំលើកទី៤ នៃគណៈកម្មការចម្រុះកម្ពុជា-ហ្វីលីពីន សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី កាលពីខែសីហា ឆ្នាំ២០២០៤នេះកន្លងទៅ ហើយបានសម្តែងការពេញចិត្តចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការតភ្ជាប់ និងកិច្ចសហការដ៏ល្អក្នុងការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ដូចជា ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ជាដើម។ លោក ប្រាក់ សុខុន មានសុទិដ្ឋិនិយមថា អង្ករកម្ពុជានាំចេញទៅហ្វីលីពីននឹងមានតម្រូវការកាន់តែច្រើនឡើងថែមទៀត។
ចំពោះការតភ្ជាប់វិស័យអាកាសចរ លោកឧបនាយករដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូត ថា ការដំណើរការឡើងវិញជើងហោះហើរត្រង់ទីក្រុងភ្នំពេញ និងទីក្រុងម៉ានីល នឹងរួមចំណែកធ្វើឱ្យទំនាក់ទំនងរវាងប្រជាជន និងប្រជាជនកាន់តែរឹងមាំ ជាមួយនឹងកំណើននៃការផ្លាស់ប្តូរទេសចរណ៍រវាងប្រទេសទាំងពីរ៕
ដោយ៖ ធឿន វ៉ាន់សុង
The post សម្ដេចធិបតី ហ៊ុន ម៉ាណែត គ្រោងធ្វើទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីន នៅឆ្នាំក្រោយ appeared first on Kampuchea Thmey Daily.