រឿង Greenland! វិមានក្រឹមឡាំង ផ្តាំទៅ ត្រាំ ថា សូមកុំភ្លេច រុស្ស៊ីក៏មានវត្តមាននៅតំបន់អាកទិកដែរ
រឿងរ៉ាវកំពុងចម្រូងចម្រាសខ្លាំងពាក់ព័ន្ធការគំរាមរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដូណាល់ ត្រាំ អំពីលទ្ធភាពប្រើកម្លាំងយោធា ដើម្បីយកកោះ Greenland... The post រឿង Greenland! វិមានក្រឹមឡាំង ផ្តាំទៅ ត្រាំ ថា សូមកុំភ្លេច រុស្ស៊ីក៏មានវត្តមាននៅតំបន់អាកទិកដែរ appeared first on Kampuchea Thmey Daily.
រឿងរ៉ាវកំពុងចម្រូងចម្រាសខ្លាំងពាក់ព័ន្ធការគំរាមរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដូណាល់ ត្រាំ អំពីលទ្ធភាពប្រើកម្លាំងយោធា ដើម្បីយកកោះ Greenland មកគ្រប់គ្រង ប៉ុន្តែកាលពីថ្ងៃព្រហស្បតិ៍ទី៩ខែមករាឆ្នាំ២០២៥ វិមានក្រឹមឡាំងបានផ្តាំទៅលោក ត្រាំ ថា រុស្ស៊ីកំពុងតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់ ហើយសូមអាមេរិកកុំភ្លេចថា រុស្ស៊ីក៏មានវត្តមាននៅតំបន់អាកទិកដែរ។
កាលពីថ្ងៃអង្គារ ក្នុងសន្និសីទសារព័ត៌មាននៅ Mar-a-Lago លោកត្រាំ បានប្រកាសថាលោកអាចប្រើកម្លាំងយោធាឬវិធានការសេដ្ឋកិច្ច ដើម្បីយកមិនត្រឹមតែកោះ Greenland ទេប៉ុន្តែក៏អាចយកព្រែកជីកបាណាម៉ា មកគ្រប់គ្រងផងដែរ។
លោកនិយាយថា «យើងត្រូវការពួកគេសម្រាប់សន្តិសុខសេដ្ឋកិច្ច។ វាចាំបាច់ណាស់សម្រាប់សន្តិសុខរបស់អាមេរិក។ Greenland មានសារៈសំខាន់ផ្នែកយោធា ដើម្បីតាមដាននាវាចិននិងរុស្ស៊ី។ ខ្ញុំកំពុងនិយាយអំពីការការពារពិភពលោកសេរី»។
យ៉ាងណា ពាក់ព័ន្ធរឿងនេះ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានប្រតិកម្មតបទៅវិញថា «យើងកំពុងតាមដានការវិវត្តស្ថានការណ៍យ៉ាងយកចិត្តទុកដាក់ជាទីបំផុត។ យើងក៏មានវត្តមាននៅក្នុងតំបន់អាក់ទិកដែរ ហើយយើងនឹងបន្តវត្តមាននៅទីនោះទៀត។ យើងផ្តោតលើការរក្សាសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់នេះ ហើយត្រៀមខ្លួនជាស្រេចដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយភាគីណាមួយដើម្បីសន្តិភាព និងស្ថិរភាព»។
ជុំវិញបញ្ហានេះដែរ មហាអំណាចអឺរ៉ុប២ប្រទេសគឺបារាំងនិងអាល្លឺម៉ង់ បានចេញមុខព្រមានលោកត្រាំរួចទៅហើយ ដោយអធិការបតីអាល្លឺម៉ង់លោក Olaf Scholz និយាយថា «គោលការណ៍មិនរំលោភព្រំដែនប្រទេសដទៃ ត្រូវតែអនុវត្តចំពោះគ្រប់ប្រទេសមិនថានោះគឺជាប្រទេសតូច ឬប្រទេសមានអំណាចក៏ដោយ។ យើងពិតជាមិនយល់ទាល់តែសោះអំពីសេចក្តីថ្លែងការណ៍ ចេញពីមាត់រដ្ឋបាលសហរដ្ឋអាមេរិកអាណត្តិថ្មី»។
ចំណែករដ្ឋមន្ត្រីការបរទេសបារាំងលោក Jean-Noël Barrot បានប្រាប់វិទ្យុ France Inter ថា «សហភាពអឺរ៉ុបមិនគួរឲ្យគេបំភិតបំភ័យបានឡើយ។ អឺរ៉ុបគួរតែភ្ញាក់ខ្លួននិងពង្រឹងកម្លាំង។ អឺរ៉ុបនឹងមិនបណ្តោយឲ្យប្រទេសផ្សេង វាយប្រហារលើព្រំដែនអធិបតេយ្យរបស់ខ្លួនទេ ទោះពួកគេជានរណាក៏ដោយ។ យើងជាទ្វីបដ៏រឹងមាំ»។
Greenland គឺជាដែនដីស្វយ័តរបស់ដាណឺម៉ាក ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសនេះអស់រយៈពេលជាង៦០០ឆ្នាំមកហើយ។ វាស្ថិតនៅចន្លោះមហាសមុទ្រអាត្លង់ទិកនិងអាកទិក ត្រូវបានគ្របដណ្ដប់ដោយផ្ទាំងទឹកកកចំនួន ៨០% និងជាជម្រករបស់មូលដ្ឋានយោធាអាមេរិកដ៏ធំមួយ។ កោះដ៏ធំបំផុតរបស់ពិភពលោកមួយនេះ មានរដ្ឋធានីនៅជិតទីក្រុងញូវយ៉ក ជាងរដ្ឋធានីកូប៉ិនហាករបស់ដាណឺម៉ាក ហើយសម្បូរធនធានរ៉ែ ប្រេង និងឧស្ម័នធម្មជាតិ ប៉ុន្តែការអភិវឌ្ឍមានសភាពយឺតយ៉ាវ ដែលធ្វើឲ្យសេដ្ឋកិច្ចរបស់ខ្លួនត្រូវពឹងផ្អែកលើការនេសាទ និងការឧបត្ថម្ភធនប្រចាំឆ្នាំពីប្រទេសដាណឺម៉ាក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មហាអំណាចអឺរ៉ុប២ប្រទេស ចេញមុខព្រមានលោក ត្រាំ ក្រោយគំរាមប្រើកម្លាំងយោធា ដណ្តើមយក Greenland
The post រឿង Greenland! វិមានក្រឹមឡាំង ផ្តាំទៅ ត្រាំ ថា សូមកុំភ្លេច រុស្ស៊ីក៏មានវត្តមាននៅតំបន់អាកទិកដែរ appeared first on Kampuchea Thmey Daily.