រុស្ស៊ី ព្រមានថា កុំព្យាយាមសាកល្បងភាពអត់ធ្មត់របស់ខ្លួនឲ្យសោះ រឿងសង្គ្រាមនុយក្លេអ៊ែរ
ថ្លែងក្នុងកម្មវិធី «៦០នាទី» របស់ទូរទស្សន៍ TV1, រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានបង្ហាញពីជំហររបស់ទីក្រុងមូស្គូទៅលើភាពគ្មានអ្នក... The post រុស្ស៊ី ព្រមានថា កុំព្យាយាមសាកល្បងភាពអត់ធ្មត់របស់ខ្លួនឲ្យសោះ រឿងសង្គ្រាមនុយក្លេអ៊ែរ appeared first on Kampuchea Thmey Daily.
ថ្លែងក្នុងកម្មវិធី «៦០នាទី» របស់ទូរទស្សន៍ TV1, រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានបង្ហាញពីជំហររបស់ទីក្រុងមូស្គូទៅលើភាពគ្មានអ្នកឈ្នះចាញ់ ក្នុងសង្គ្រាមនុយក្លេអ៊ែរ ប៉ុន្តែព្រមានថា សូមកុំព្យាយាមសាកល្បងភាពអត់ធ្មត់របស់រុស្ស៊ីឲ្យសោះ។
លោកនិយាយថា «យើងមិនចង់លើកឡើងពីបញ្ហាហានិភ័យនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរនោះទេ។ យើងនៅតែប្រកាន់គោលការណ៍ថា មិនអាចមានអ្នកឈ្នះឡើយនៅក្នុងសង្គ្រាមនុយក្លេអ៊ែរ ហើយលោកប្រធានាធិបតី ពូទីន ក៏តែងតែនិយាយរឿងនេះដែរ។ ទោះយ៉ាងណា ខ្ញុំសូមដាស់តឿនដល់អ្នករាល់គ្នា កុំសាកល្បងភាពអត់ធ្មត់និងការប្តេជ្ញាចិត្តរបស់យើងឲ្យសោះ យើងនឹងការពារផលប្រយោជន៍ស្របច្បាប់របស់យើង តាមគ្រប់មធ្យោបាយដែលមាន»។
ស្របពេលជាមួយគ្នានោះដែរ លោកសង្កត់ធ្ងន់ថា ទីក្រុងមូស្គូមិននិយាយការប្រើប្រាស់អាវុធនុយក្លេអ៊ែរមុននោះទេ។ មានតែប្រទេសខាងក្រៅរុស្ស៊ីប៉ុណ្ណោះ ដែលតែងតែប្រើប្រាស់វោហាសាស្ត្របែបនេះ។
ការព្រមានរបស់លោក Lavrov កើតឡើងមួយខែ ក្រោយទីក្រុងមូស្គូ ប្រកាសសម្រុកផលិតនូវអ្វីដែលគេអះអាងថា ជាអាវុធនុយក្លេអ៊ែរសាហាវបំផុតលើពិភពលោក គឺមីស៊ីលអន្តរទ្វីប Satan II ឬគេស្គាល់ថា RS-28 Sarmat ដើម្បីត្រៀមធ្វើសង្គ្រាម។
តាមការអះអាងរបស់រុស្ស៊ី, Satan II គឺជាមីស៊ីលដ៏អស្ចារ្យគ្មានអ្វីបញ្ឈប់បាន ហើយមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ អាចវាយប្រហារទឹកដីអាមេរិកឬទ្វីបអឺរ៉ុប យ៉ាងលឿនមិននឹកស្មានដល់។
មីស៊ីល Satan II ហោះក្នុងល្បឿនកំពូល ៧គីឡូម៉ែត្រក្នុងមួយវិនាទី។ វាមានប្រវែង៣៥ម៉ែត្រ ទម្ងន់២០៨តោន ជាមួយរយៈចម្ងាយយ៉ាងតិច ១៨ ០០០គីឡូម៉ែត្រ។
សូមបញ្ជាក់ថា រុស្ស៊ីនៅតែជាប្រទេសមានឃ្លាំងអាវុធនុយក្លេអ៊ែរធំបំផុតមួយលើពិភពលោក ដោយមានក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល ១ ៧០០គ្រាប់ ដែលអាចដាក់ពង្រាយលើមីស៊ីល នាវាមុជទឹក និងយន្តហោះក្នុងរយៈពេលត្រឹមប៉ុន្មាននាទីប៉ុណ្ណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ តួកគី ព្រមានពីហានិភ័យ នៃជម្លោះរុស្ស៊ី-អ៊ុយក្រែន ផ្ទុះទៅជាសង្គ្រាមនុយក្លេអ៊ែរ
The post រុស្ស៊ី ព្រមានថា កុំព្យាយាមសាកល្បងភាពអត់ធ្មត់របស់ខ្លួនឲ្យសោះ រឿងសង្គ្រាមនុយក្លេអ៊ែរ appeared first on Kampuchea Thmey Daily.